ក្រុមមេដឹកនាំពិភពលោកសាទរចំពោះការរីកចម្រើនលើកិច្ចពិភាក្សាបញ្ហាតាក់តែងក្រមប្រតិបត្តិ COC ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ការរីកចម្រើននេះត្រូវក្រុមអ្នកវិភាគខ្លះផ្តល់សុទិដ្ឋិនិយមចំពោះការតាក់តែងក្រមប្រតិបត្តិដើម្បីអ្វីមួយ ដែលគេអះអាងថា ជាការបន្ថយភាពតានតឹង។
តាមឯកសារអាស៊ានដែល VOA ទទួលបានថ្មីៗនេះបានឲ្យដឹងថា ក្រុមមេដឹកនាំកំពូលៗក្នុងពិភពលោកបានស្វាគមន៍ការរីកចម្រើនរវាងអាស៊ាននិងចិន ដែលបានបោះជំហានទៅមុខ ក្នុងការតាក់តែងក្រមប្រតិបត្តិ COC ដើម្បីដោះស្រាយបញ្ហាជម្លោះដែនអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រទាញប្រទង់គ្នាជាច្រើនឆ្នាំមកហើយនោះ។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៥ក្នុងក្រុងកូឡាឡាំពួរ ដែលប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនោះ បាននិយាយបញ្ជាក់តាមខ្លឹមសារដើមថា៖
«យើងមានការលើកទឹកចិត្តចំពោះកិច្ចព្រមព្រៀងថ្មីៗរវាងប្រទេសសមាជិកអាស៊ាន និងចិនក្នុងដំណើរការពិភាក្សាដំណាក់កាលបន្ទាប់ឆ្ពោះទៅកាន់ការបង្កើតក្រមប្រតិបត្តិទាក់ទងនឹងសមុទ្រចិនខាងត្បូង ហើយទន្ទឹងរង់ចាំការបង្កើតក្រមប្រតិបត្តិ COC ឲ្យបានឆាប់»។
នេះជាសេចក្តីថ្លែងការណ៍ដែលក្រុមមេដឹកនាំពិភពលោក រួមទាំងស.រ.អា. ចិន រុស្ស៉ី ឥណ្ឌា ជប៉ុន កូរ៉េ ខាងត្បូង នូវែលសេឡង់ អូស្ត្រាលី ហើយនឹងមេដឹកនាំអាស៊ានទាំង១០ប្រទេស បានយល់ព្រមមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសទាំងនេះ។ សេចក្តីថ្លែងការណ៍នេះត្រូវ VOA ទទួលបានពីមន្ត្រីម្នាក់ក្នុងតំបន់នេះ។
ការរីកចម្រើននេះត្រូវឯកសារអាស៊ានដដែលបញ្ជាក់ថា បានកើតចេញពីកិច្ចប្រជុំលើកទី១០រវាងមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនស្តីពីសេចក្តីថ្លែងការណ៍របស់ភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ដែលហៅថា DOC និងកិច្ចប្រជុំក្រុមការងារចម្រុះអាស៊ានចិនលើកទី១៥ក្នុងទីក្រុង Chengdu ប្រទេសចិន កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២០ តុលាឆ្នាំ២០១៥។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតបានកត់សម្គាល់ពីក្តីបារម្ភក្នុងតំបន់សមុទ្រចិនខាងត្បូងទាក់ទងនឹងការទន្ទ្រានដែនអធិបតេយ្យ ធ្វើឲ្យបាត់បង់ទំនុកចិត្តនិងការជឿជាក់ក្នុងចំណោមភាគីជម្លោះ ដែលរឿងនេះអាចជារឿងធ្វើឲ្យខូចខាតដល់សន្តិភាព សន្តិសុខ ហើយនឹងស្ថិរភាពក្នុងតំបន់។
«យើងសូមបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងចិនធានាការអនុវត្តដ៏ពេញលេញនិងដ៏មានប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូង ដែលហៅថា DOC ព្រមគ្នាដើម្បីកសាង រក្សា ហើយនឹងពង្រីកការជឿទុកចិត្ត និងការជឿជាក់ ទប់ស្កាត់សកម្មភាពដែលអាចនាំទៅដល់ជម្លោះដែលអាចមានការគំរាមកំហែងផ្នែកយោធា។ ហើយគូភាគីពាក់ព័ន្ធត្រូវដោះស្រាយដោយសន្តិវិធីនូវការមិនចុះសម្រុងគ្នានិងជម្លោះ ហើយដំណោះស្រាយនេះត្រូវស្របតាមច្បាប់អន្តរជាតិ រួមទាំង ច្បាប់អ.ស.ប. ស្តីពីដែនសមុទ្រហៅថា UNCLOS ឆ្នាំ១៩៨២»។
សេចក្តីព្រាង COC ដែល VOA ទទួលបានកាលពីខែសីហា បានឲ្យដឹងថា ប្រទេសអាស៊ាននិងចិនបានជំរុញការតាក់តែងសេចក្តីព្រាងក្រមប្រតិបត្តិ COC ឲ្យបានឆាប់ផ្អែកតាមសេចក្តីថ្លែងការណ៍ DOC ដែលត្រូវធ្វើការ កែប្រែនិងបន្ថែមខ្លឹមសារ ហើយក៏គ្រោងនឹងដាក់ជូនមេដឹកនាំអាស៊ាន និងប្រមុខរដ្ឋាភិបាលអាស៊ានពិនិត្យ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែវិច្ឆិកានេះ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស បានប្រាប់ VOA ថា ការព្រមព្រៀងគ្នារវាងចិននិង អាស៊ានក្នុងការតាក់តែង COC គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ចុះភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង។
«ដើម្បីគ្រប់គ្រងជម្លោះក៏ដូចជាពង្រឹងនូវការជឿទុកចិត្តគ្នារវាងបណ្តាប្រទេសនានា ជាពិសេសប្រទេសដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងហ្នឹង»។
លោកបន្ថែមថា កម្ពុជានិងអាស៊ានមានការគាំទ្រពីរឿងដែលគេចង់ឲ្យមានការសម្រេចបានក្រមប្រតិបត្តិ COC ឲ្យបានឆាប់នេះដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយនៅកម្ពុជា បានគាំទ្រការព្រមព្រៀងគ្នារវាងចិននិងអាស៊ាន ដោយលោកថ្លែងថា វាជាការល្អដែលចិន និងអាស៊ានសុខចិត្តធ្វើការតាក់តែងក្រមប្រតិបត្តិជាមួយគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង តែលោកនៅមានការសង្ស័យពីជំហរចិន ដែលធ្លាប់តែបដិសេធពីរឿងតាក់តែង COC និងមានមហិច្ឆតាចង់គ្រប់គ្រងសមុទ្រចិនខាងត្បូងតែម្នាក់ឯងនោះ។
«ក្រែងលោចិនគិតថា ការយល់ព្រមជាមួយអាស៊ាននេះដើម្បីបង្កភាពកក់ក្តៅដល់អាស៊ានសិន ហើយបន្ទាប់ពីហ្នឹងទៅ ចិននៅតែបន្តដាក់សម្ពាធម្តងបន្តិចៗ ហើយនឹងយកកោះ ឬមួយក៏យកឆ្នេរសមុទ្រចិនខាងត្បូងតាមរយៈការកសាងកោះបន្ថែម ហើយដាក់ទ័ពទៅលើកោះសប្បនិម្មិតទាំងឡាយហ្នឹង»។
លោក អ៊ូ វីរៈ បានអះអាងថា ចិនមិនអាចទប់ជាមួយស.រ.អា.ដែលចល័តកប៉ាល់ចម្បាំងរបស់ខ្លួនលើផ្ទៃទឹកដែលស.រ.អា.ចាត់ទុកថា ជាដែនសមុទ្រអន្តរជាតិ ហើយចិនចាត់ទុកថា ជាសកម្មភាពបង្កភាពតានតឹងនិងការរំលោភដែនអធិបតេយ្យរបស់ខ្លួននោះ។
ប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប៊្រុយណេស្ថិតក្នុងសមាគម អាស៊ាន ដែលមានជម្លោះដែនដីជាមួយចិននៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍សម្រាប់ទំនិញ និងពាណិជ្ជកម្មដ៏ធំក្នុងពិភពលោក និងមានរ៉ែធម្មជាតិជាច្រើនផងនោះ។ ភាពតានតឹងនិងការទន្ទ្រានទៅវិញទៅមកបានកើតឡើង ហើយធ្វើឲ្យគេមានការបារម្ភខ្លាចឈានដល់ជម្លោះប្រដាប់អាវុធ ដោយសារចិនមិនអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍និងការនេសាទហើយនឹងការធ្វើកោះសប្បនិមិ្មតរបស់ចិនកន្លងមក ដែលធ្វើឲ្យប្រទេសអាស៊ានចំនួន៤មិនសប្បាយចិត្ត។
ប្រទេសអាស៊ាន១០ ដែលមានកម្ពុជាជាសមាជិកផង បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ហើយនឹងស្ថិរភាព ការគោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់ដែលគ្មានការរារាំង សេរីភាពនាវាចរ និងការហោះហើរលើតំបន់សមុទ្រចិនខាងត្បូង។
ក្រៅពីបញ្ហាសន្តិសុខ កិច្ចប្រជុំកំពូលអាស៊ីខាងកើត EAS ដែលមានមហាអំណាចជាច្រើន ដូចជាស.រ.អា. ចិន រុស្ស៉ីជាដើម ចូលរួមផងនោះ ក៏មានគម្រោងពិភាក្សាអំពីបញ្ហាភេរវកម្ម សុខាភិបាល ថាមពល សេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន បញ្ហាមជ្ឈឹមបូព៌ា បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបច្ចេកវិជ្ជានិងបញ្ហាសកលមួយចំនួនទៀត៕