កំណត់និពន្ធ៖ នៅក្នុងទសវត្សរ៍១៩៧០ កញ្ឆាថៃ (Thai Stick) មានភាពពេញនិយមខ្លាំងសម្រាប់អ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀន។ ប្រវត្តិរបស់កញ្ឆាថៃ ដែលជាឈ្មោះគេដាក់ឲ្យដល់កញ្ឆាមួយប្រភេទដែលគេនាំចេញពីអាស៊ីអាគ្នេយ៍ចូលទៅសហរដ្ឋអាមេរិកនោះ មិនសូវមានមនុស្សជាច្រើនឈ្វេងយល់ប៉ុន្មានទេ រហូតដល់ពេលដែលជនជាតិអាមេរិកាំងពីរនាក់គឺ លោក Peter Maguire ដែលជាអ្នកប្រវត្តិសាស្ត្រ និងលោក Mike Ritter ដែលជាអតីតឈ្មួញគ្រឿងញៀន បានសម្រេចចិត្តស្រាវជ្រាវ និងសរសេរសៀវភៅអំពីកញ្ឆាថៃនេះ។ សម្រាប់សៀវភៅនេះ ដែលមានចំណងជើងថា «កញ្ឆាថៃ៖ អ្នករងគ្រោះ ឈ្មួញរត់ពន្ធ និងរឿងរ៉ាវពីក្រោយជំនួញកញ្ឆា» លោកទាំងពីរបានសម្ភាសឈ្មួញជួញដូរគ្រឿងញៀនអន្តរជាតិ ទីភ្នាក់ងារអនុវត្តច្បាប់ និងមន្រ្តីប៉ូលិស និងចោរសមុទ្រថៃជាច្រើននាក់។ ប្រវត្តិកញ្ឆាថៃដ៏លម្អិតនេះ ក៏ត្រូវបានផលិតទៅជាភាពយន្តឯកសារ និងវីដេអូភាគសម្រាប់ទូរទស្សន៍។ លើសពីនេះ លោក Maguire និងលោក Ritter កំពុងសរសេរសៀវភៅទី២ ដែលនឹងផ្តោតលើប្រព័ន្ធយុត្តិធម៌ផ្នែកព្រហ្មទណ្ឌរបស់អាមេរិក និងការបង្រ្កាបគ្រឿងញៀននៅសហរដ្ឋអាមេរិក។ នាពេលថ្មីៗនេះ លោក Maguire បានផ្តល់បទសម្ភាសន៍ដ៏លម្អិតអំពីកញ្ឆាថៃនេះជាមួយនាង ទែន សុខស្រីនិត នៃ VOA។
តើលោកចាប់ផ្តើមចាប់អារម្មណ៍ទៅលើប្រវត្តិកញ្ឆាថៃក្នុងទសវត្សរ៍១៩៧០ដោយរបៀបណា?
ខ្ញុំធំដឹងក្តីនៅក្នុងភាគខាងត្បូងរដ្ឋ California ហើយមានមនុស្សច្រើនណាស់ដែលពាក់ព័ន្ធនឹងការជួញដូរកញ្ឆាមកពីប្រទេសថៃ រួមទាំងអ្នកដែលរស់នៅក្នុងទីកន្លែងកំណើតរបស់ខ្ញុំផងដែរ។ វាជាទំនិញដ៏សំខាន់មួយនៅក្នុងរដ្ឋ California ជាពិសេសនៅតាមបណ្តាក្រុងនៅតាមឆ្នេរ ក្នុងអំឡុងទសវត្សរ៍១៩៧០ និង១៩៨០។ ខ្ញុំមិនសូវដឹងពីបញ្ហានេះប៉ុន្មានទេ។ នៅពេលខ្ញុំទៅប្រទេសកម្ពុជាជាលើកដំបូងនៅដើមទសវត្សរ៍១៩៩០ ដើម្បីស៊ើបអង្កេតនៅគុកទួលស្លែង ខ្ញុំបានឃើញចម្លើយសារភាពរបស់ជនជាតិអាមេរិកាំង៤នាក់ដែលត្រូវបានចាប់ខ្លួន និងសម្លាប់ដោយខ្មែរក្រហម។ ភ្លាមៗនោះខ្ញុំដឹងថា ពួកគេជាឈ្មួញកញ្ឆា។ មែនទែនទៅ ខ្ញុំមិនដឹងច្បាស់ទេ។ ពួកគេមិនបានសារភាពទេ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា វាអញ្ចឹង។ ដូច្នេះ ខ្ញុំចាប់ផ្តើមទាក់ទងសួរមនុស្សដែលមកពីទីក្រុងដែលខ្ញុំរស់នៅ ក្រែងលោមាននរណាម្នាក់ស្គាល់ជនទាំង៤នាក់នោះ។ គេក៏ណែនាំខ្ញុំឲ្យស្គាល់បុរសម្នាក់ឈ្មោះថា Mike Ritter ដែលបានក្លាយទៅជាសហនិពន្ធសៀវភៅ Thai Stick ជាមួយខ្ញុំ។ គាត់ធ្លាប់ធ្វើជាឈ្មួញគ្រឿងញៀនម្នាក់នៅក្នុងប្រទេសថៃ ហើយបានធ្វើការជាមួយនឹងចោរសមុទ្រថៃ និងជាអ្នកដែលនាំកប៉ាល់អាមេរិកចេញទៅផ្ទៃទឹកអន្តរជាតិ។ កប៉ាល់មួយនៃកប៉ាល់អាមេរិកទាំងពីរនោះបានទាក់ទងលោក Ritter នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ១៩៧៨ ដើម្បីផ្គត់ផ្គង់កញ្ឆា។ នេះគឺជារឿងរ៉ាវដែលធ្វើឲ្យខ្ញុំចាប់ផ្តើមស្រាវជ្រាវ និងសរសេរសៀវភៅនេះឡើង។
តើលោកមានគំនិតសរសេរសៀវភៅអំពីរឿងនេះដោយរបៀបណា?
ខ្ញុំចំណាយពេលជាង១៥ឆ្នាំ ដើម្បីសរសេរសៀវភៅនេះ។ យើងបានសម្ភាសឈ្មួញជួញដូរគ្រឿងញៀន ទីភ្នាក់ងារអនុវត្តច្បាប់គ្រឿងញៀនរបស់អាមេរិក ចោរសមុទ្រថៃ ឈ្មួញកណ្តាលថៃ និងកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលបទសម្ភាសន៍ទាំងអស់នេះមានរយៈពេលជាង១.០០០ម៉ោង។ ដូច្នេះ វាជាគម្រោងដ៏អស្ចារ្យមួយសម្រាប់រូបខ្ញុំក្នុងនាមជាអ្នកប្រវត្តិសាស្រ្តម្នាក់ ដែលបានកត់ត្រានូវប្រវត្តិនៃបញ្ហាមួយ ដែលមិនធា្លប់មានគេសរសេរពីមុន។ វាមិនដូចគ្នានឹងការទៅបណ្ណាល័យអានអំពីឈ្មួញកញ្ឆាទាំងនោះ ដែលសរសេរដោយឈ្មួញដោយផ្ទាល់នោះទេ។ ពិតណាស់ ទិន្នន័យភាគច្រើនគឺទទួលបានពីក្រុមមន្ត្រីអនុវត្តច្បាប់។ ដូច្នេះ ក្នុងមានជាអ្នកប្រវត្តិសាស្រ្ត វាជាបទពិសោធដ៏អស្ចារ្យមួយ។ ខ្ញុំចំណាយពេលប្រហែលជា៧ឆ្នាំ ហួសពីការគ្រោងទុកមុន ដោយសារតែកាលពី២០០៣ សហនិពន្ធរបស់ខ្ញុំ ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ដែលគាត់បានប្រព្រឹត្តកាលពីទសវត្សរ៍១៩៨០។ គាត់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ។ នៅពេលដែលរឿងនេះបានកើតឡើង ខ្ញុំត្រូវផ្អាកដើម្បីឲ្យបញ្ហាផ្លូវច្បាប់របស់គាត់ដោះស្រាយជាស្ថាពរសិន ទើបខ្ញុំអាចបញ្ចប់សៀវភៅនេះបាន។
តើកញ្ឆាថៃខុសពីកញ្ឆាដទៃៗទៀតដែលមាននៅពេលនោះយ៉ាងដូចម្តេច?
វាអាចជាប្រភេទកញ្ឆាដែលល្អជាងគេនៅលើពិភពលោក។ កញ្ឆាថៃត្រូវបានគេដាំនៅក្នុងខេត្ត Isan ប្រទេសថៃ និងប្រទេសឡាវផងដែរ។ កត្តាអាកាសធាតុដែលអំណោយផល កត្តាដី និងវិធីសាស្រ្តក្នុងការច្រូតកាត់ដែលយើងគិតថា មានប្រភពចេញពីប្រទេសចិន បានធ្វើឲ្យគុណភាពកញ្ឆាថៃខុសពីកញ្ឆាដទៃទៀត។ មុនពេលដែលជនជាតិអាមេរិកាំង ពួកលោកខាងលិច និងអ្នកផ្សេងទៅជួយពួកគេខាងបច្ចេកទេសដាំដុះនោះ ពលរដ្ឋថៃ និងឡាវ ចេះដាំដុះឡើងស្ទាត់ទៅហើយ។ ពួកគេដឹងពីរបៀបដាំដុះនេះច្បាស់ណាស់។
តើអ្នកណាចាប់ផ្តើមការជួញដូរកញ្ឆានេះ ដែលនាំចូលទៅ ទឹកដីសហរដ្ឋអាមេរិកទេ ទ្វីបអ៊ឺរ៉ុប អាហ្វ្រិកខាងត្បូង និងប្រទេសអូស្រា្តលីផងដែរ?
ដំបូង វាមិនមានអ្នកដឹងទេ។ អ្នកជួញដូរដំបូង ប្រហែលជាអ្នកធ្វើការនៅលើទូកនេសាទតូចៗ ដែលផ្សងព្រេងជុំវិញពិភពលោក។ វាងាយស្រួលណាស់សម្រាប់ពួកគេក្នុងការដឹកកញ្ឆាថៃតាមទូក ឧទាហរណ៍ពីកោះបាលី ទៅភាគពាយ័ព្យនៃប្រទេសអូស្រា្តលី។ នេះជាការជួញដូរដំបូងគេបង្អស់។ កញ្ឆាថៃត្រូវបានគេយកចេញពីប្រទេសថៃ ទៅកោះបាលី ហើយពីកោះបាលី ទៅប្រទេសអូស្រា្តលី។ ក្រោយមក កញ្ឆាថៃមានតម្រូវការខ្ពស់ ហើយតម្លៃវាមានការកើនឡើង។ មនុស្សគ្រប់គ្នាឃើញថា គេរកលុយបានច្រើន ហើយមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរនេះក៏កាន់តែច្រើនដែរ។ នៅពេលដែលមន្ត្រីអនុវត្តច្បាប់ចាប់បានតែឈ្មួញតាមទូកតូចតាច និងឈ្មួញល្មមៗ ស្រាប់តែគេឃើញមានវត្តមានជនល្មើសពិតប្រាកដ និងក្រុមអ្នកលេង ដែលបានក្តោបក្តាប់ក្នុងជំនួញកញ្ឆាថៃនេះ។ ដូច្នេះ នៅចុងទសវត្សរ៍១៩៨០ នៅពេលដែលកញ្ឆាថៃត្រូវបានគេកម្ចាត់ចោល មានមនុស្សគ្រប់ប្រភេទចូលរួម រាប់ចាប់ពីក្រុមជើងកាង អ្នកស៊ីឈ្នួលនៅក្រៅប្រទេស និងភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកាំង។ វាកាន់តែពុករលួយ ហើយមានទ្រង់ទ្រាយកាន់តែធំ។
លោកលើកឡើងថា លោកបាននិយាយជាមួយមនុស្សជាច្រើន ឈ្មួញអន្តរជាតិ ប៉ូលិសថៃ អតីតកម្មាភិបាលខ្មែរក្រហម និងអ្នកដទៃទៀត។ តើលោកស្វែងរកពួកគេដោយវិធីណា? តើពួកគេស្ម័គ្រចិត្តនិយាយជាមួយលោកដល់កម្រិតណាដែរ?
វាជាដំណើរការគួរឲ្យចាប់អារម្មណ៍មួយ។ កម្មាភិបាលខ្មែរក្រហមមួយចំនួនដែលខ្ញុំនិយាយជាមួយ មានពាក់ព័ន្ធនឹងកប៉ាល់ដែលបំពាក់ទង់ជាតិអាមេរិកផងដែរនោះ ដែលមានឈ្មោះថា Mayaguez ហើយពួកគេក៏ស្ថិតនៅក្រោមការបញ្ជារបស់មេបញ្ជាការកងទ័ពជើងទឹករបស់ខ្មែរក្រហម មាស មុត ផងដែរ។ ដូច្នេះ ពួកគេភ័យខ្លាចថា ពួកគេអាចនឹងត្រូវបានគេនាំទៅកាត់ទោសនៅសាលាក្តីខ្មែរក្រហម។ បទសម្ភាសន៍មួយចំនួនមានភាពតានតឹងដែរ។ វាពិតជាពិបាកក្នុងការធ្វើឲ្យឈ្មួញជួញដូរគ្រឿងញៀន និងភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិក ដែលចាប់ខ្លួនពួកឈ្មួញទាំងនោះនិយាយណាស់។ ប៉ុន្តែនៅពេលពួកគេចាប់ផ្តើមនិយាយ នោះពួកគេមិនចង់ឈប់និយាយទេ ដោយសារពួកគេទុករឿងនេះនៅក្នុងជីវិតរបស់ពួកគេជាយូរណាស់មកហើយ ហើយរឿងនេះគឺជារឿងដ៏រំភើប និងអាថ៌កំបាំងបំផុតក្នុងជីវិតរបស់ពួកគេ។ ដូច្នេះ ពួកគេមានការជឿទុកចិត្តច្រើន ដោយសារតែសហនិពន្ធរបស់ខ្ញុំក៏ធ្លាប់ជាឈ្មួញជួញដូរកញ្ឆាម្នាក់ដែរ។
កត្តានេះបានផ្តល់ឱកាសឲ្យខ្ញុំច្រើន។ ខ្ញុំអាចទាក់ទងជាមួយមនុស្សផ្សេងៗជាច្រើន រួមទាំងមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីស៊ើបអង្កេត បន្ថែមលើការងារដែលខ្ញុំបានអង្កេតអំពីខ្មែរក្រហម។ ដូច្នេះ វាជាការផ្សារភ្ជាប់ដ៏ល្អមួយ ដែលអ្នកនិពន្ធមិនដែលធ្លាប់មាន។ ខ្ញុំគិតថា នៅចុងបញ្ចប់ កត្តានេះធ្វើឲ្យសៀវភៅនេះត្រូវបានរៀបរៀងឡើងដ៏ល្អ ជាងការណ៍ដែលខ្ញុំសរសេរវាម្នាក់ឯង ឬបើអ្នកសហនិពន្ធរបស់ខ្ញុំសរសេរវាឡើងតែម្នាក់ឯង។
លោក Kelly Slater កំពុងតែកែប្រែសៀវភៅរបស់លោកឲ្យទៅជាភាពយន្តឯកសារ និងវីដេអូភាគតាមទូរទស្សន៍។ តើលោកគិតថា ផលិតកម្មនេះនឹងប្រាប់សាច់រឿងទាំងមូលនៃសៀវភៅរបស់លោកដល់កម្រិតណាដែរ?
លោកKelly Slater គឺជាមិត្តភក្តិរបស់ខ្ញុំយូរហើយ។ គាត់ទិញសិទ្ធិសៀវភៅនេះកាលពី១ឆ្នាំកន្លះ ឬពីរឆ្នាំមុន។ គាត់ពិតជាស្រឡាញ់សៀវភៅនេះ ហើយរីករាយ ដែលបានអានអំពីពិភពលោកដែលលោកធ្លាប់ឆ្លងកាត់។ ប៉ុន្តែគាត់មិនបានដឹងរឿងនេះច្រើនដូចដែលគាត់ធ្លាប់គិតនោះទេ។ នៅត្រង់ចំណុចនេះ យើងចាប់ផ្តើមទាក់ទងជាមួយនឹងស្ទូឌីយោជាច្រើន និងធ្វើសំណូមពរជាច្រើន។ នៅចុងបញ្ចប់ ក្រុមហ៊ុន SONY ជាក្រុមហ៊ុនដែលទិញសិទ្ធិផលិតកម្មនេះ។ ការចាក់បញ្ចាំងនៅលើទូរទស្សន៍ជាកម្មសិទ្ធិរបស់ពួកគេ។ ប្រសិនបើពួកគេត្រូវការជំនួយពីខ្ញុំ ខ្ញុំរីករាយនឹងជួយ។ ប៉ុន្តែខ្ញុំមិនចង់ធ្វើជាអ្នកសរសេរសាច់រឿងភាពយន្តហូលីវូដនោះទេ។ សម្រាប់គម្រោងនេះ ខ្ញុំជូនពរពួកគេឲ្យធ្វើឲ្យបានជោគជ័យបំផុត។ ខ្ញុំធំដឹងក្តីនៅរដ្ឋ California ហើយខ្ញុំដឹងពីស្ថានភាពនៃវិស័យភាពយន្តហូលីវូដ។ ពួកគេនឹងយកសៀវភៅរបស់ខ្ញុំ ហើយពួកគេនឹងធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ពួកគេបានទិញសិទ្ធិរួចហើយ។ ពួកគេមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាង។
ប៉ុន្តែ គម្រោងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ ការផលិតខ្សែភាពយន្តឯកសារមួយទៀត ដោយសារតែប្រវត្តិសាស្រ្តនេះនឹងត្រូវតែបានលាតត្រដាង ហើយវាមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកសព្វថ្ងៃនេះ ដោយសារតែសហរដ្ឋអាមេរិកជួបនឹងបញ្ហាដ៏អាក្រក់ទាក់ទងនឹងគ្រឿងញៀន។ ខ្ញុំអាចនិយាយបានថា បញ្ហានេះមានកើតឡើងនៅតាមប្រទេសភាគច្រើន មិនមែនតែអាមេរិកនោះទេ។ សព្វថ្ងៃនៅសហរដ្ឋអាមេរិក យើងមានមនុស្សជាច្រើនស្លាប់ដោយសារថ្នាំ ដែលចេញដោយវេជ្ជបណ្ឌិត ជាជាងការផ្សំថ្នាំដោយខុសច្បាប់។ យើងមានចំនួនអ្នកជាប់ពន្ធនាការច្រើនជាងគេនៅលើពិភពលោក។
យើងមានប្រព័ន្ធយុត្តិធម៌ ដែលមិនល្អ ដោយសារតែបញ្ហាបង្ក្រាបគ្រឿងញៀន។ នេះជាអ្វីៗដែលខ្ញុំចង់ឃើញនៅក្នុងភាពយន្តឯកសារនោះ។ សហនិពន្ធរបស់ខ្ញុំ និងខ្ញុំកំពុងធ្វើការជាមួយនឹងផលិតករភាពយន្តឯកសារ ដែលមានទេពកោសល្យពីរនាក់គឺលោក Kevin Klauber និង Jeff Miller។ យើងព្យាយាមរក្សាការគ្រប់គ្រងខ្លះលើគម្រោងមួយ ដោយសារតែយើងមានស្ទូឌីយោ និងបណ្តាយទូរទស្សន៍ជាច្រើនចាប់អារម្មណ៍លើភាពយន្តឯកសារនេះ។ ប៉ុន្តែស្ទូឌីយោទាំងនេះចង់ដឹកនាំផ្តាច់មុខ។ ពួកគេចង់បង្គាប់អ្វីដែលយើងត្រូវនិយាយ និងរបៀបដែលត្រូវសម្តែង។ យើងមិនអាចធ្វើដូចនោះបានទេ។ យើងដឹងអំពីប្រវត្តិនេះល្អជាងនរណាទាំងអស់។ យើងចង់បានសិទ្ធិក្នុងការដឹកនាំខ្សែភាពយន្តឯកសារ ដែលយើងចង់បាន។
តើលោកចង់សម្រេចគោលបំណងអ្វីនៅពេលដែលលោកសរសរេសៀវភៅនេះឡើង? តើសៀវភៅនេះមានការអប់រំក្នុងនោះដែរឬទេ?
សៀវភៅនេះមានការអប់រំ ដែលថា ការណ៍ដែលមានបំណងល្អមិនប្រាកដថាបានផលល្អនោះទេ ហើយជារឿយៗ នៅពេលយើងដោះស្រាយបញ្ហាមួយ យើងក៏បង្កើតបញ្ហាមួយទៀតដែលកាន់តែពិបាក។ នៅក្នុងករណីគ្រឿងញៀនវិញ យើងបានកម្ចាត់វាចេញពីប្រទេសថៃ និងចេញពីរដ្ឋ Hawaii ដោយជោគជ័យ។ បន្ទាប់មកទៀត តើមានអ្វីកើតឡើងនៅកន្លែងទាំងពីរនេះ? វាបែរជាជំនួសដោយថ្នាំឆ្កួត (yaba) និងថ្នាំហ្វេតាមីន (methamphetamine) ដែលជាប្រភេទថ្នាំញៀនដ៏អាក្រក់បំផុតក្នុងពិភពលោកទៅវិញ។ ដោយសារតែអ្នកប្រើប្រាស់មិនអាចរកកញ្ឆាបាន ពួកគេចាប់ផ្តើមប្រើថ្នាំឆ្កួតទាំងពីរជំនួសវិញ ដែលមានគ្រោះថ្នាក់ជាងមុនទៅទៀត។ នេះជារឿងនៃអ្វីដែលគេហៅថា «ជ័យជម្នះមិនមានតម្លៃ»។ នេះមានន័យថា អ្នកឈ្នះនៅក្នុងកន្លែងប្រយុទ្ធ ប៉ុន្តែអ្នកបែរជាចាញ់សង្រ្គាមទៅវិញ។ នេះហើយជាការអប់រំនៃសៀវភៅនេះ។
លោកកំពុងសរសេរសៀវភៅមួយក្បាលទៀតជាមួយលោក Mike Ritter។ តើសៀវភៅនេះខុសពីសៀវភៅមុនយ៉ាងដូចម្តេច?
សៀវភៅទី២នឹងខុសពីសៀវភៅមុន។ សៀវភៅទី២ នឹងនិយាយអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអាមេរិក និងរបៀបដែលច្បាប់ហ្នឹងត្រូវបានខូចខាត ដោយសារការបង្រ្កាបគ្រឿងញៀន និងអំពីរបៀបដែលឧក្រិដ្ឋជនធំៗជាប់ពន្ធនាគារតិចជាង មនុស្សដែលមានអំណាចតូចតាច ដោយសារតែពួកគេមិនឆ្លាតដូចអ្នកទាំងនោះ ឬមិនមានមេធាវីល្អ ឬពួកគេមិនដឹងពីរបៀបលេងល្បែងនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ ជាឧទាហរណ៍ ការដឹកជញ្ជូនដ៏ធំចុងក្រោយមួយ ដែលត្រូវចាប់បាននៅក្នុងចុងទសវត្សរ៍៨០ មានផ្ទុកកញ្ឆាឡាវច្រើនជាង១០០តោន។ កញ្ឆានេះត្រូវបានគេដឹកជញ្ជូនតាមកប៉ាល់ចំនួនពីរ ហើយត្រូវបានចាប់ខ្លួន និងនាំយកមកទីក្រុង Seattle សហរដ្ឋអាមេរិក។ ការកាត់ទោសមនុស្សដែលសហការជាមួយនឹងរដ្ឋាភិបាល មានរយៈពេលតិច។ មនុស្សដែលចង់បានសិទ្ធិរដ្ឋធម្មនុញ្ញ និងចង់បានសវនាការយុត្តិធម៌ បែរជាត្រូវកាត់ទោសរយៈពេលយូរទៅវិញ ដោយសារការជ្រើសយកសវនាការយុត្តិធម៌ និងការមិនសហការជាមួយនឹងរដ្ឋាភិបាល។ អ្វីដែលរដ្ឋាភិបាលចាប់ផ្តើមធ្វើនៅដំណាក់កាលចុងក្រោយនៃការបង្រ្កាបគ្រឿងញៀននេះគឺថា ពួកគេយល់ថា «ប្រសិនបើអ្នកចង់ធ្វើសនវការ យើងនឹងត្រូវដាក់ពន្ធនាគារអស់មួយជីវិត។ ប្រសិនបើអ្នកយល់ព្រមតាមការចរចា ហើយប្រាប់ពីមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរកញ្ឆានេះ អញ្ចឹងប្រហែលជាអ្នកអាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ»។ រដ្ឋអាជ្ញាមានអំណាចខ្លាំងណាស់ និងអំណាចនោះត្រូវបានដកចេញពីចៅក្រម៕