ការសិក្សាសាកលថ្មីមួយរបស់សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេសបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកល្បងថ្នាំគ្រុនចាញ់ hydroxychloroquineរកមើលថាតើថ្នាំគ្រុនចាញ់នេះអាចប្រើដើម្បីព្យាបាលឬទប់ទល់នឹងជំងឺកូវីដ១៩ដែរឬទេ។
ការសិក្សាឈ្មោះ COPCOV នេះនឹងធ្វើតេស្តលើបុគ្គលិកពេទ្យជាង៤០.០០០នាក់ដែលមិនទាន់ឆ្លងកូវីដ១៩ នៅទ្វីប អឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។
កន្លងមកគេមិនទាន់ប្រាកដពីប្រសិទ្ធភាពនៃថ្នាំគ្រុនចាញ់ hydroxychloroquine នេះចំពោះជំងឺកូវីដ១៩ទេ ហើយរដ្ឋបាលឧសថអាមេរិកអនុញ្ញាតឲ្យប្រើវាក្នុងករណីពិសេសមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែចំណាប់អារម្មណ៍លើថ្នាំនេះបានកើនឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសើរថ្នាំនេះតាំងពីខែមេសា ហើយក្នុងសប្តាហ៍នេះលោកទម្លាយថាលោកបានលេបថ្នាំនេះដើម្បីបង្ហារការកើតជំងឺកូវីដ១៩៕