ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីពស្នើឱ្យក្រុមហ៊ុន Wing Star Shoes ផ្តល់ការងារឱ្យលោកជា ចាន់វិញក្រោយចេញពីពន្ធនាគារ


រូបឯកសារ៖ លោក ​ជា​ ចាន់ ប្រធាន​សហជីព​មូលដ្ឋាន​នៅ​​រោង​ចក្រ​វីង ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុង​ខេត្ត​កំពង់​ស្ពឺ។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គការសង់ត្រាល់)
រូបឯកសារ៖ លោក ​ជា​ ចាន់ ប្រធាន​សហជីព​មូលដ្ឋាន​នៅ​​រោង​ចក្រ​វីង ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុង​ខេត្ត​កំពង់​ស្ពឺ។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គការសង់ត្រាល់)

ក្រុម​មេ​ដឹកនាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​ថៅកែ​រោងចក្រ​វីង ស្តាស៊ូ​ (Wing Star Shoes Co., Ltd)​ ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទទួល​យក​លោក​ ជា​ ចាន់ ​ឱ្យ​ចូល​បម្រើ​ការងារ​វិញ​ បន្ទាប់​ពី​មេ​ដឹកនាំ​សហជីព​មូលដ្ឋាន​រូប​នោះ​ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​ ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​សកម្ម​ភាព​លួច​របស់​របរ​ក្នុង​រោងចក្រ ​ដែល​បណ្តាល​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​ ៦ ​ខែ។ ​

លោក​ ជា​ ចាន់​ ប្រធាន​សហជីព​មូលដ្ឋាន​នៅ​រោងចក្រ​វីងស្តាស៊ូ​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​ពី​បទ ​«សម​គំនិត​ក្នុង​អំពើ​លួច»។​ ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទទួល​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​អ្នក​ការពារ​សិទ្ធិ​កម្មករ​ និង​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន។​ ​

អ្នក​គ្រប់​គ្រង​ការងារ​នៃ​អង្គការ​សង់ត្រាល់​លោក​ ឃុន​ ថារ៉ូ​ ប្រាប់​វីអូអេ​ថា ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ ជា ចាន់ ​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​សីហា​កន្លង​ទៅ​ និយោជក​នៃ​ក្រុមហ៊ុន​វីងស្តាស៊ូ​គួរ​ទទួល​យក​អ្នក​សហជីព​រូប​នោះ​ឱ្យ​ចូល​បម្រើ​ការងារ​វិញ​ និង​ផ្តល់​សំណង​ទូទាត់​ប្រាក់​ឈ្នួល​ដល់​លោក​អំឡុង​ពេល​ដែល​លោក​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល ​៦ ​ខែ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ្វី​ដែល​យើង​ចង់​ឱ្យ​មាន​ការ​ធានា​នោះ​គឺ​ថា​ លោក​ ជា​ ចាន់​ អាច​ត្រឡប់​ចូល​ធ្វើ​ការងារ​វិញ​ ដោយ​ទទួល​បាន​សំណង​ត្រឹម​ត្រូវ​ពី​ខាង​ផ្លូវ​ច្បាប់។ ​ទី​ ២ ​ធានា​ថា​ គាត់​មាន​សុវត្ថិ​ភាព​ ហើយ​មិន​មាន​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​គាត់។​ ហើយ​ទី ៣ ​ធានា​ថា​ មិនមាន​ទម្រង់​នៃ​ការ​រំលោភ​នូវ​សិទ្ធិ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​វីងស្តាស៊ូ»។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ថ្លែង​ថា ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ជា​ ចាន់ ​កន្លង​មក ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​អង្គ​ហេតុ​ជាក់​ស្តែង ដូច្នេះ​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ជា​រឿង​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​សម្រាប់​មេ​ដឹកនាំ​សហជីព​រូប​នោះ។​ អ្នក​ស្រី​បន្ថែម​ថា​ រោងចក្រ​ត្រូវ​តែ​ទទួល​យក​លោក​ ជា ចាន់​ ឱ្យ​ចូល​បម្រើ​ការ​ក្នុង​រោងចក្រ​វីងស្តាស៊ូ​វិញ​ និង​សង​សំណង​ខូច​ខាត​ផ្សេង​ទៀត​ជូន​រូប​លោក។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ចាន់ ​គាត់​ជាប់​ទោស​ដោយ​អយុត្តិ​ធម៌​រយៈ​ពេល ៦ ​ខែ​ ៤​ ថ្ងៃ​ អ៊ីចឹង​ត្រូវ​សង​ភាព​យុត្តិ​ធម៌​ទៅ​គាត់​វិញ​ ត្រូវ​តែ​សង​សំណង​ទៅ​ក្រុម​គ្រួសារ​ឱ្យ​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់»។​

លោក​ ជា​ ចាន់​ ប្រាប់​វីអូអេ​ថា​ រោងចក្រ​បាន​សម្រេច​ទទួល​យក​លោក​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មិន​ទាន់​បាន​ចូល​បម្រើ​ការ​នៅ​ឡើយ​ដោយ​រង់​ចាំ​មើល​សេចក្តី​សម្រេច​លម្អិត​របស់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​ជា​មុន​សិន។ លោក​ក៏​មិន​ទាន់​ដឹង​ថា ​តើ​សំណង​នោះ​នឹង​ត្រូវ​ផ្តល់​មក​ឱ្យ​លោក​ដោយ​របៀបណា​ដែរ ​ព្រោះ​រឿង​នេះ​តម្រូវ​ឱ្យ​លោក​ត្រូវ​ដាក់​ពាក្យ​ទាមទារ​សំណង​ពី​ភាគី​រោងចក្រ។​

លោក​ថ្លែង​ថា៖​ «ពាក់​ព័ន្ធ​នឹង​រឿង​សំណង​គឺ​ខាង​ពួក​យើង​ទាមទារ​ជា​ទឹក​ប្រាក់​ ប៉ុន្តែ​ដាក់​ស្នើ​អត់​ទាន់​បាន។ ​ខាង​បង​សហ​ព័ន្ធ​ដាក់​ស្នើ​ឬ​ក៏​ម៉េច​ខ្ញុំ​អត់​ទាន់​ដឹង​ដែរ។​ ចាំ​មើល​ដល់​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ហើយ​សិន»។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ កត្តា អន​ ប្រាប់​វីអូអេ​ថា​ ទាក់ទង​នឹង​ករណី​របស់​លោក​ ជា​ ចាន់​ សាលា​ឧទ្ធរណ៍​បាន​ចេញ​សាលដីការ​សម្រេច​រួច​ហើយ​ក្នុង​ក្រប​ខណ្ឌ​អង្គ​ហេតុ​ អង្គ​ច្បាប់ ​និង​គតិ​ច្បាប់​ត្រឹម​ត្រូវ។ ប៉ុន្តែ​ក្រសួង​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ ឬ​បណ្តឹង​ណា​មួយ​ពី​ភាគី​ទាំង​ពីរ​នោះ​ទេ​ ទាក់​ទិន​ការ​អនុវត្ត​សិទ្ធិ​សហជីព​នៅ​រោងចក្រ​វីងស្តាស៊ូ​ ក្រោយ​លោក ​ជា ចាន់ ​បាន​ចាក​ចេញ​ពី​ពន្ធនាគារ។​

លោក​ថ្លែង​ថា៖​ «មក​ដល់​ពេល​នេះ ​ក្រសួង​កំពុង​តែ​តាម​ដាន​ពិនិត្យ​មើល​ករណី​នេះ​ណាស់​ ហើយ​ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត​ស្នើ​សុំ​ ឬ​ក៏​បណ្តឹង​ណា​មួយ​ពី​ករណី​លោក​ ជា​ ចាន់​ ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ការងារ​ ឬ​សហជីព​នោះ​ទេ»។​

ការ​ចោទ​ប្រកាន់​មក​លើ​លោក​ ជា​ ចាន់ ​កើត​ឡើង​នៅ​ក្រោយ​ពេល​លោក​ត្រូវ​បាន​កម្មករ​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​សហជីព​កម្ពុជា​នៃ​ក្រុមហ៊ុន​វីងស្តារស៊ូ​ ដែល​ផ្គត់ផ្គង់​ផលិត​ផល​ស្បែក​ជើង​ឱ្យ​ទៅ​ក្រុមហ៊ុន​ ASICS ​ របស់​ប្រទេស​ជប៉ុន។ ​លោក​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ ដោយ​គ្មាន​ដីការ​ពី​បទ​ «សម​គំនិត​ក្នុង​អំពើ​លួច»​ តែ​នា​ពេល​ថ្មីៗ​នេះ​ ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា​ លោក​មិន​មាន​ពិរុទ្ធ​ភាព​ក្នុង​រឿង​នេះ​ឡើយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG