ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​សិទ្ធិ​មនុស្ស​ដើម្បី​ការពារ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA


រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

សហជីពនិង​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភា​ព​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ​ដើម្បី​ទប់ស្កាត់​ការ​បាត់បង់បន្ថែម​ទៀត​នូវប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ» ឬហៅ​កាត់ថា EBA។

ការ​ជំរុញ​របស់​សហជីព​និង​សង្គម​ស៊ីវិល ធ្វើ​ឡើង​បន្ទាប់ពី​សភា​អឺរ៉ុប​កាលពី​សប្តាហ៍​មុន​បាន​អំពាវ​នាវ​ឱ្យ​គណៈ​កម្មការ និងរដ្ឋ​ជា​សមាជិក​ពិចារណា​លើ​ប្រព័ន្ធ​នេះ ដោយ​ឈរ​លើ​ការមិនសហការ​របស់​រដ្ឋាភិបាលកម្ពុជា​ដែលខកខាន​មិនស្តារ​និង​បង្ការការ​រំលោភសិទ្ធិមនុស្ស។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយវីអូអេ​នៅ​ថ្ងៃអង្គារ​នេះ លោក អាត ធន់​ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព ​C-CAWDU បាន​លើក​ឡើង​ពីក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ បន្ថែមទៀត។ លោក​ថា EBA ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​បង្កើត​ឱកាស​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ ១ លាននាក់។

លោក អាត់ ធន់ ​ជំរុញ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ជួប​ពិភាក្សាជាមួយសហភាព​អឺរ៉ុប​ និង​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​។

លោក​ថ្លែង​ថា៖ «​យើងចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ជជែក​គ្នា​ក្នុង​លក្ខណ្ឌ​មួយ​ជា​ចំណុច​វិជ្ជមាន​ ដែល​អាចឈាន​ទៅរក​ការឯកភាព​គ្នា​នៅក្នុង​ការ​រក្សា​នូវ​ EBA ឬ​ក៏​អាច​និយាយ​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​សម្រាប់​កម្ពុជា​ទៅ​ទៀត​ ព្រោះ​យើង​ឃើញ​ថា ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​យើងក៏​មិន​ទាន់​ឃើញ​មាន​ឧស្សហកម្ម​ធុនធ្ងន់ ​ឬ​ក៏​ឧស្សាហកម្ម​ផ្សេង​ទៀត​ក្រៅ​តែ​ពី​វិស័យ​កាត់ដេរ​នេះ ​ដែល​ជួយ​ទៅ​ដល់​ការបង្កើត​ការងារ​ និង​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ដែរ​»។

សភា​សហភាពអឺ​រ៉ុបកាល​ពី​សប្តាហ៍មុន​ ​បាន​ព្រមានដាក់ទណ្ឌកម្ម​បន្ថែម​លើរដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ទណ្ឌកម្ម​លើបុគ្គល​ដែល​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

​នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃទី ​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ ​សភា​សហភាព​អឺរ៉ុប​បានថ្កោល​ទោស​ចំពោះ​ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់រដ្ឋាភិបាល​កម្ពុជា ហើយ​បានអំពាវ​នាវ​ឱ្យមាន​ការដោះ​លែងអ្នក​ទោសន​យោ​បាយ និង​សកម្មជន និង​ជំរុញ​ឱ្យ​បញ្ឈប់​ការយាយី​ប្រឆាំងនឹង​អង្គការ​សិទ្ធិ​មនុស្ស ​ដូចជាអង្គការ​សង់​ត្រាល់​ជាដើម​។

សភា​សហភាពអឺ​រ៉ុប​ក៏​បាន​អំពាវ​នាវ​ឱ្យ​គណៈ​កម្មការ ​និង​រដ្ឋសមាជិក​គិត​គូរ​ឡើងវិញ​លើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ​ឬ Everything But Arms ហៅ​កាត់​ថា EBA ​ក៏​ដូច​ជាបញ្ជូន​សារ​ច្បាស់​លាស់​មួយ​ថា​ «ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល​គឺ​ជា​លក្ខ​ខណ្ឌ​កំណត់​ទុក​ជា​មុន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​ការវិនិយោគ»។

ភ្លាមៗ​ក្រោយ​ការព្រមាន​ពី​សភា​អឺរ៉ុប រដ្ឋសភា​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្តែង«ការខកចិត្ត​ជាខ្លាំង»ចំពោះ​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​ ដែល​ថា​ជា​ការយល់​ច្រឡំ​ និង​មាន​ភាព​លម្អៀង​ដោយ​ផ្អែក​លើ​ព័ត៌មាន​មិនពិត​ និង​របាយការណ៍​តែម្ខាង។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ថា​៖ «​ការចោទ​ប្រកាន់​ដ៏​អយុត្តិធម៌​នេះ​ បាន​ប៉ះពាល់​ដល់កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈ​រ​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​ ព្រមទាំង​គោលការណ៍​ប្រជាធិបតេយ្យ​»។

បើ​តាមរដ្ឋសភា កម្ពុជា​មិនមាន​អ្នក​ទោស​នយោបាយ​នោះទេ​ ហើយការលើក​ឡើង​ថា ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​បំបិទ​មាត់សង្គមស៊ីវិល​នោះ គឺ​ជាការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។

​លោក ​ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​ ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារដែរ​ថា ​សេចក្តី​សម្រេច​របស់​សភាអឺរ៉ុប​ ជាការក្រើន​រំឭកដល់​រដ្ឋាភិបា​ល​កម្ពុជា​ឱ្យគោរព​លក្ខខណ្ឌ​ដែល​បាន​ចែងដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

បើ​តាម​លោក ឃុន ថារ៉ូ​ សហភាអឺរ៉ុប​គឺជា​ទីផ្សារ​ធំទី ​២​ សម្រាប់​កម្ពុជា​ ដែល​ទីផ្សារ​នេះ​ គឺជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំសង្ឃឹម​ថា ​រាជរដ្ឋាភិបាល​នឹង​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ ហើយ​ពិនិត្យ​មើល​នូវ​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​ធ្វើ​ឱ្យប្រសើរឡើង​នូវស្ថានភាព​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស​ ជាពិសេស​គឺ​សិទ្ធិ​សេរីភាព​ផ្នែក​អង្គការ​សង្គម​ស៊ីវិល​ ពីព្រោះ​ថា ​យើង​ត្រូវ​ការនូវ​ទីផ្សារ​សំខាន់​នៅ​សហភាពអឺរ៉ុប ទីផ្សារ​ធំៗ​ដែល​ចាំបាច់​សម្រាប់​កសាង​សេដ្ឋកិច្ច​កម្ពុជា​យើង​»។

​លោក កត្តា​ អន អ្នកនាំពាក្យ​ក្រសួង​ការងារ​ ប្រាប់​វីអូអេ​ថា លោក​សាទរ​ចំពោះ​ក្តី​បារម្ភ​នានា​របស់​ក្រុម​សហជីព និង​អង្គការ​សង្គមស៊ីវិល ប៉ុន្តែ​លោក​ថា ​ការអនុវត្ត​លំហ​សេរីភាព​របស់​ពួកគេ​គឺ​ត្រូវ​ធ្វើ​តាម​ក្របខណ្ឌ​ច្បាប់​ ហើយ​នៅ​ពេល​ដែល​ខុស​ច្បាប់​ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ទៅតាម​ផ្លូវ​ច្បាប់​។

បើ​តាមអ្នកនាំពាក្យរូបនេះ កម្ពុជា​បាន​ត្រៀម​ខ្លួនរួច​ស្រេច​ក្នុង​ករណី​គ្មាន EBA ព្រោះ​កម្ពុជា​នឹងលែង​ជា​ប្រទេស​ក្រីក្រ​ទៀតហើយ ដែល​ប្រព័ន្ធ​នេះ​នឹង​លែង​ផ្តល់ឱ្យ​កម្ពុជា​នៅ​ពេល​អនាគត​ជា​ស្វ័យ​ប្រវត្តិ។

លោក​បញ្ជាក់​ថា​៖ «​កម្ពុជានឹង​ចាកផុត​ពី​ការទទួល​បាន ​EBA ជា​ស្វ័យ​ប្រវត្តិ​ ទោះបី​ក្នុង​ដំណាក់កាល​នេះ​ក៏​ដោយ​ កម្ពុជា និង​អឺរ៉ុប​គឺជាមិត្ត​នឹងគ្នា​។ ដូច្នេះ​យើង​សង្ឃឹម​ថា​ប្រទេស​អឺរ៉ុប​នឹង​ពិចារណា​ថ្លឹង​ថ្លែង​អំពី​ផល​ប្រយោជន៍​នៃ​ប្រជាជាតិ​អឺរ៉ុប​ និង​ផល​ប្រយោ​ជន៍​នៃ​ប្រជា​ជាតិ​កម្ពុជា​ ពីព្រោះ​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​បាន​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅ​មក​រវាងអឺរ៉ុប​ និងកម្ពុជា​»។

​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ មក​ ​កម្ពុជា​ទទួល​បានប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ (Everything But Arms)​ ពី​សហភាព​អឺរុប​ ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះអាច​នាំ​ចេញ​ទំនិញ​គ្រប់​មុខ​ទៅ​កាន់​ប្រទេស​ស្ថិតក្នុង​សហភាព​អឺរ៉ុប​ដោយ​មិន​បង់​ពន្ធ។ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ កម្ពុជា​ចំណេញ​ទឹក​ប្រាក់​ប្រមាណ​ជា ៧០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

កាល​ពីឆ្នាំ ២០២០​ កម្ពុជា​ត្រូវ​បានសហ​ភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះចំនួន​ ២០ភាគ​រយ ​ដោយ​សារការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ ព្រមទាំង​ការ​ធ្វើទុក្ខ​បុកម្នេញប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល។

អ្នក​តាមដាន​ពី​ការ​វិវត្ត​សង្គម​ខ្លះ​លើកឡើងថា ការដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ បាន​បង្ខំ​ឱ្យ​អ្នក​វិនិ​យោគ​បរទេស ​ងាក​ទៅ​ធ្វើជំនួញ​នៅ​ប្រទេស​ផ្សេង​ក្រៅ​ពី​កម្ពុជា ​ហើយ​ភាព​អត់​ការងារ​ធ្វើ​និង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាងក៏​ជួប​បញ្ហា​ប្រឈម​។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក​ នី សុខា ប្រាប់​វីអូអេ​ថា​ ប្រសិនបើ​កម្ពុជា​ត្រូវ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA មែន​ នោះ​វា​នឹង​បង្ក​ជាផល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​វិស័យ​កាត់ដេរ ​និងវាយនភណ្ឌ​។

បើ​តាម​លោក ​នី សុខា​ កម្ពុជា​នឹង​រង​ចំណាត់ការ​ជា​បន្តបន្ទាប់​ទៀត​ពី​សហគម​ន៍​អឺរ៉ុប​ ប្រសិនបើមិន​ព្រម​ដោះស្រាយ​នូវអ្វីដែល​ជាក្តីបារម្ភ​របស់​ពួកគេ​ គឺ​ការស្តារ​ឡើងវិញ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ភ្លាមៗ​នូវ​អ្វី​ដែល​ជា​ការចង់​បាន​របស់​សហគមន៍​អឺរ៉ុប​ ដើម្បី​បន្ត​រក្សា​ប្រព័ន្ធ​អនុគ្រោះព​ន្ធ​ EBA នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG