ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សហជីព​បារម្ភ​ ខណៈ​​សេចក្តី​ព្រាង​ច្បាប់​សហជីព​ត្រូវ​គណៈរដ្ឋ​មន្ត្រី​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​នេះ


រូបឯកសារ៖ លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបឯកសារ៖ លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/VOA)

ក្រុម​មន្ត្រី​សហជីព​ព្រួយ​បារម្ភ​ចំពោះ​ការ​តាក់តែង​ច្បាប់​សហជីព​ដែល​អាច​ជា​ការ​រិតបន្តឹង​ដល់​ប្រតិបត្តិការ​របស់​គេ។​ ​ក្តី​បារម្ភនេះ​កើតឡើង​ដោយសារ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​នឹង​​ពិភាក្សា​សេចក្តីព្រាង​ច្បាប់​នេះ​​ដើម្បី​អនុម័ត​នៅ​ថ្ងៃ​សុក្រ​ស្អែក​​នេះ។

ក្រុម​មន្ត្រី​សហជីព​ព្រួយ​បារម្ភ​ចំពោះ​ការ​តាក់តែង​ច្បាប់​សហជីព​ដែល​អាច​ជា​ការ​រិតបន្តឹង​ដល់​ប្រតិបត្តិការ​របស់​គេ។​ ​ក្តី​បារម្ភនេះ​កើតឡើង​ដោយសារ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​នឹងពិភាក្សា​សេចក្តីព្រាង​ច្បាប់​នេះដើម្បី​អនុម័ត​នៅ​ថ្ងៃ​សុក្រ​ស្អែកនេះ។​

ក្រុម​សហជីព​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់ផ្តើម​ពិភាក្សា​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅថ្ងៃ​សុក្រ​ស្អែក​ ដោយ​ពួកគេបារម្ភ​ខ្លាច​ថា​ គំនិត​យោបល់​របស់​ពួក​គេ​មិន​ត្រូវបានរដ្ឋាភិបាល​ដាក់​បញ្ចូល ​ហើយ​ធ្វើ​ឲ្យ​សេរីភាព​សហជីពត្រូវរិត​បន្តឹង​ជាង​មុន។​

លោក ​អាត់ ធន​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​ ឬ​ហៅ​កាត់​ថា ​C-CAWDU ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​បាន​ផ្តល់​សេចក្តីព្រាង​ច្បាប់​ចុង​ក្រោយដល់​សហជីព​ទេ​ ដែល​គ្មាន​នរណា​ដឹង​បានថា​ តើ​កង្វល់​នានា​ត្រូវ​បាន​ដាក់​បញ្ចូល​ឬ​យ៉ាងណា។​

«យើង​មាន​ការ​សោក​ស្តាយ​មែន​ទែន។ ​យើង​បារម្ភ​ខ្លាច​ច្បាប់​ ឬ​ក៏​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវបាន​ពិភាក្សា​ ដោយ​មិន​បាន​ដាក់​បញ្ចូល​នូវខ ​ដែល​សហជីព​បាន​ស្នើ ​ហើយ​វា​មាន​លក្ខណៈ​រិត​បន្តឹង​ដល់​សហជីព​ក្នុងការ​ចូល​រួម​សហជីព​ ប្រាក់​ឈ្នួល​ ឬ​លក្ខខណ្ឌ​ការងារ​ និង​សេរីភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ អាត់ ធន​ បាន​អះអាង​ថា​ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ ត្រូវ​បាន​តាក់តែង​មិន​ត្រឹមត្រូវ ​រឿង​ដែល​កើត​ភ្លាមៗ​នោះ​គឺរឿង​អយុត្តិធម៌ ​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កម្មករ​ ការ​បញ្ឈប់​ការងារ​ មិន​បើក​ប្រាក់ខែ​ ការ​មិន​មាន​ភាព​ចរចា​ផ្តល់​សិទ្ធិផ្សេងៗ​ដល់​កម្មករ​ លក្ខខណ្ឌ​ការងារ​ទាំងស្រុង​នឹង​ធ្លាក់ចុះ​ ការ​បង្ខំ​ឲ្យធ្វើ​ការងារ​ច្រើន​ សុខភាព ​និងសុវត្ថិភាព​ធ្លាក់ចុះ​ ហើយ​មេ​ដឹកនាំ​សហជីព​អាច​រង​ការ​ជាប់គុក​ និង​អំពើ​ហិង្សា ​តែ​សហជីព ​ដែល​គាំទ្រ​រដ្ឋាភិបាល​ និង​ថៅកែ​ នឹង​ប្រតិ​បត្តិការ​បាន​ស្រួល​ ក្នុង​ពេល​កម្មករ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន។​

ក្នុង​ប្រទេស​កម្ពុជាបច្ចុប្បន្ន​នេះ​មាន​សហជីព​ជាង​៣០០០បាន​ចុះបញ្ជី តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោដែល​មាន​សកម្មភាព​ការពារ​កម្មករ។​

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ នៅ​ថ្ងៃនេះ​ បានចេញ​សេចក្តីជូន​ដំណឹងថា​ ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំប្រចាំ​សប្តាហ៍​របស់​គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ​ស្អែក​គឺ​សេចក្តី​ព្រាង​ច្បាប់ពី​សហជីព។ ​លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ដាក់​បង្ហោះ​សេចក្តីជូន​ដំណឹង​នេះ​លើ​គេហទំព័រ​របស់​លោក។​

លោក ​អាត់ ធន ​បាន​ថ្លែង​ថា​ សហជីព​គួរ​មាន​សេរីភាព​តាក់តែង​ច្បាប់​សហជីព​ដោយ​ខ្លួន​ឯង​ តាម​ច្បាប់​ និង​អនុសញ្ញា​អន្តរជាតិ​ មិន​ត្រូវ​ធ្វើ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ដាក់​ជូន​រដ្ឋាភិបាល​ទេ ​ការ​ធ្វើ​កូដកម្ម​មិនមែន​ជាកំហុស​របស់​សហជីព​ទេ​ ការ​ធ្វើ​បាតុកម្ម​មិន​គួរ​តម្រូវ​មាន​សំឡេង​៥០ភាគរយ​បូក​១​ ទេ​ ហើយ​ការ​បិទ​សហជីព​ក៏មិនត្រូវ​ធ្វើ​ដោយ​សមាជិក​២៥​ភាគរយ​ឬ​អ្នក​ពាក់​ព័ន្ធ​ដែរ។​

លោក​ ជា មុនី ​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​កម្ពុជា​ បាន​ទទូច​ថា​ រដ្ឋាភិបាល ​និង​សភា ​ដែល​ជា​អ្នក​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​ ត្រូវ​តម្កល់​ផល​ប្រយោជន៍​កម្មករ​ជា​ធំ។​

«ដូច្នេះ​ បើច្បាប់​សហជីព​ហ្នឹង​ សភា​នឹង​ធ្វើ​ការ​អនុម័ត​ដោយ​មិនមាន​ការ​ថ្លឹងថ្លែង​ និង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ផល​ប្រយោជន៍​របស់​កម្មករ​កម្មការិនី ​ឬ ​មេ​ដឹកនាំ​សហជីព​ហ្នឹង​ នឹង​មានជាប់​ពន្ធធនាគារ ​ហើយ​កម្មករ​នឹង​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការងារ​របស់​ខ្លួន​ឡើយ»។​

លោក​ទទូច​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា ​ហើយ​ការ​ធ្វើ​ច្បាប់​នេះ​មិន​ត្រូវ​មាន​ជាប់​និន្នាការ​នយោបាយ​ និង​មិន​បម្រើប្រយោជន៍​ដល់​តែ​ថៅកែ​ប៉ុណ្ណោះ​ទេ ​តែត្រូវ​មើល​ពី​ទុក្ខវេទនា​របស់​កម្មករ ​កម្មការិនី​ផង​ដែរ។

លោក​បាន​លើក​ឡើង​ថា​ សំណើ​ ឬ​យោបល់​របស់​ក្រុម​សហជីព​ឯករាជ្យ​ ដូចជា​លោក ​មិនត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ទេ​ ទោះជា​គេ​អនុញ្ញាតឲ្យ​ចូល​រួម​ប្រជុំ​ខ្លះ​ក្តី។​

ទោះជា​យ៉ាងណា​ក៏ដោយ​ កញ្ញា​ ង៉ាក សាវឿន ​ជា​តំណាង​កម្មករ​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​ នាង​មិន​ជឿ​ថា ​ច្បាប់​នេះ​នឹង​អាច​ការពារកម្មករ ​និង​សហជីព​ទេ​ គឺមាន​តែ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។​

«អញ្ចឹង​ខ្ញុំ​គិត​ថា អ្វី​ដែល​ច្បាប់​នេះ​ចេញ​មក​ អ្នក​ដែល​ប្រឈម​ហើយ​អ្នក​ ​ដែល​បាត់បង់​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​កម្មករ​គឺ​តំណាង​សហជីព​នេះហើយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើការ ​ហើយ​កម្មករ​ក៏​នឹងរង​គ្រោះ​តាម​ហ្នឹង​ដែរ បើ​តំណាង​មិនមាន​សិទ្ធិ​ទាមទារ​ តវ៉ា​ផុសផុល ​ហើយ​ជជែក​រក​ដំណោះ​ស្រាយ​ឲ្យ​គាត់​ផង»។​

នាងបាន​ថ្លែង​ថា​ ​ក្រៅពី​ធ្វើការ​ជាកម្មករ​កាត់ដេរ​ ​នាង​បាន​ដោះស្រាយ​បញ្ហា​ការ​រំលោភ​ច្បាប់​បទ​បញ្ជា​ផ្ទៃក្នុង ​បាន​សម្រប​សម្រួល ​នៅ​ពេល​មាន​ការ​រំលោភ​សិទ្ធិ​ សេរីភាពកម្មករ ​ដូចជា​ការ​បង្ខំ​ឲ្យ​ធ្វើការ​ថែមម៉ោង​ផ្ទុយ​ពី​គោល​ការណ៍​ស្ម័គ្រចិត្ត​ ការ​បញ្ចប់​កិច្ច​សន្យា​មិនត្រឹមត្រូវ​ជាដើម។​ ​នាង សាវឿន​បាន​ដាក់​ការ​សង្ស័យ​ថា​ តំណាង​កម្មករ​នឹង​ប្រឈម​មុខ​ ហើយ​សេរីភាព​កម្មករ​នឹង​ត្រូវ​រឹត​ត្បិត​ ពេលមាន​ច្បាប់ថ្មី​ដែល​គេ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ និង​មិនបាន​យក​អនុសាសន៍​របស់​តំណាង​កម្មករ​ដាក់​បញ្ចូល​នោះ៕

XS
SM
MD
LG