អតីតថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ នឹងត្រូវដោះលែងឱ្យមានសេរីភាព នៅដើមសប្តាហ៍ក្រោយ ខណៈអ្នកតស៊ូមតិរូបនោះបានជាប់ឃុំក្នុងពន្ធនាគារព្រៃស រយៈពេល ២ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមេធាវី។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការអនុវត្តទោសរបស់កញ្ញា ឈឹម ស៊ីថរ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ ខែកញ្ញានេះ ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី២។
លោកថ្លែងថា៖ «បាទ! បន្ទាប់ពីឆែកជាមួយមន្រ្តីសំណុំរឿង ខ្ញុំសូមជម្រាបថា កញ្ញា ឈឹម ស៊ីថរ គាត់នឹងអនុវត្តទោសចប់នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ»។
មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ លោក សំ ចំរើន ប្រាប់វីអូអេថា កញ្ញា ឈឹម ស៊ីថរ នឹងផុតកំណត់ទោសនៅថ្ងៃចន្ទទី ១៦ ខែកញ្ញា។
លោកបញ្ជក់ថា៖ «គាត់ផុតកំណត់ទោសនៅថ្ងៃចន្ទនេះ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ហ្នឹង។ គាត់ផុតកំណត់ទោសថ្ងៃហ្នឹងហើយ។ ខ្ញុំក៏ត្រូវទៅទទួលគាត់។ ចាំមើលនៅថ្ងៃទី ១៦ ហ្នឹង! យើងទៅទាំងអស់គ្នាទៅ។ ខ្ញុំទៅពេលថ្ងៃ។ រឿងលក្ខខណ្ឌអីផ្សេងទៀតចាំមើលតាមក្រោយទៀត»។
កូដករក្រុមណាហ្កាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី អាយុ៤១ឆ្នាំ ដែលតែងតែតវ៉ានៅមុខក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ បានសាទរចំពោះដំណឹងនៃការដោះលែងកញ្ញា ឈឹម ស៊ីថរ។ ប៉ុន្តែអ្នកស្រីចាត់ទុកថា ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ រយៈពេល ២ឆ្នាំនេះជារឿងអយុត្តិធម៌។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ការឃុំខ្លួននេះគឺជារឿងអយុត្តិធម៌បំផុត។ គាត់អត់មានខុសអីសោះ ដូចពាក្យយើងតែងតែនិយាយថា ពីជនរងគ្រោះក្លាយទៅជាអ្នកទោស»។
អ្នកស្រីបន្តថា ការធ្វើកូដកម្មរបស់បុគ្គលិកជាការស្ម័គ្រចិត្តរបស់ក្រុមកូដករ ដោយគ្រាន់តែចង់ឱ្យក្រុមហ៊ុនណាហ្កាវើលដ៍ចេញមុខដោះស្រាយវិវាទការងាររបស់ពួកគេតែប៉ុណ្ណោះ។ អ្នកស្រីថា ការធ្វើសកម្មភាពនេះមិនមែនជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។
អ្នកស្រីថ្លែងថា៖ «រឿងវិវាទមួយហ្នឹង គិតមកដល់ពេលនេះជិត ៣ឆ្នាំហើយ។ វាជាវិវាទការងារទេ បើសិនជាគេចង់ដោះស្រាយរឿងហ្នឹងមិនបាន ៥នាទីទេ គេដោះស្រាយរួចរាល់អស់ហើយ ព្រោះអីដែលពួកយើងធ្វើសព្វថ្ងៃគឺយើងគ្រាន់តែទាមទារចង់ត្រឡប់ចូលធ្វើការវិញ និងចង់ឱ្យមានសហជីពឯករាជ្យក្នុងក្រុមហ៊ុន»។
បើតាមអ្នកស្រី ណុប ទិត្យបូរ៉ាវី សុខភាពរបស់កញ្ញា ឈឹម ស៊ីថរ ល្អជាធម្មតា និងមិនមានបញ្ហាអ្វីឡើយ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ។
គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ដែលចេញមុខយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនណាហ្កាវើលដ៍ត្រូវបានអាជ្ញាធរចាប់ខ្លួនពីរលើក ដែលលើកទី ២ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីឆ្នាំ ២០២២ ពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី៕
វេទិកាបញ្ចេញមតិ