ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ជីព​ត្រៀម​ខ្លួន​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​រោងចក្រ


 ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

សហ​ជីព​រោង​ចក្រ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​ខែ​អប្បរមា​ដល់​កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មេ​ដឹក​នាំ​សហជីព​បាន​និយាយ​ថា​ កម្មករ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ ត្រូវ​ការ​ប្រាក់​ខែ​អប្បរមា​យ៉ាង​ហោច​ណាស់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​តម្លៃ​ម្ហូប​អាហារ ​និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត ដែលត្រូវ​ការ​ជា​ចាំបាច់​ប្រចាំ​ថ្ងៃ។ ឧស្សាហកម្ម​រោងចក្រ​មាន​កម្មករ​ចំនួន​ប្រមាណ​៦០០.០០០នាក់​ ដែល​វិស័យ​នេះ​ផ្តល់​ការងារ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស ​ប្រៀបធៀប​នឹង​វិស័យ​ដទៃៗ​ទៀត។​

តំណាង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ជួប​ប្រជុំ​ជា​មួយ​នឹង​សមាគម​អន្ដរជាតិ​ និង​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ធំៗ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​គេ​គាំទ្រ​ការ​ដំឡើង​ប្រាក់​ខែ​នេះ។​

លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​នេះ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ គាត់ និង​អ្នក​រួម​ការងារ​របស់​គាត់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​នៅអាស៊ី ​អឺរ៉ុប ​និង​អាមេរិក​ខាងត្បូង ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដើម្បី​ស្វែងរក​ការ​គាំទ្រ​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។​

បាតុកម្ម​នានា​កាលពី​ឆ្នាំ​២០១៣ ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​បាន​នាំ​ឱ្យ​មាន​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​អ្នក​តវ៉ា ​ហើយ​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ខែ​មករា​ឆ្នាំ​២០១៤ មាន​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​ និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។ ​ព្រមទាំង​មាន​ការ​ចាប់​ខ្លួន​រាប់សិប​នាក់​ទៀត​ផង។​

កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)
កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

ការ​តវ៉ា​ជា​ហូរហែ​ជាប់​គ្នា​នេះ​ក៏​បាន​នាំ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ទៅ​ដល់​១២៨ដុល្លារ​ក្នុង​មួយ​ខែ​ដែរ។ ​ទោះ​បី​ជា​មាន​ការ​ដំឡើង​ប្រាក់ខែ​ដូច្នេះ​ក៏​ដោយ​ ក៏​លោក អាត់​ ធន់​និង​ក្រុម​អ្នក​ដឹក​នាំ​សហជីព​ដទៃៗ​ទៀត​ និង​កម្មករ​បាន​និយាយ​ថា ចំនួន​នេះ​នៅតែ​មិនគ្រប់គ្រាន់​នៅ​ឡើយ ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់​នៅ​សមរម្យ។​

លោក ​អាត់​ ធន់ បាន​និយាយ​ថា៖​ «១៧៧​ដុល្លារ​នៅតែ​ជា​តួលេខ» ​ដែល​មាន​ន័យ​ថា ​គ្រាន់តែ​ជា​ចំនួន ដែល​បាន​កំណត់​តែ​មិនទាន់​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​នៅ​ឡើយ។​

កាល​ពី​ខែ​មុន​ លោក អាត់​ ធន់ ​និង​សហការី​របស់​លោកបាន​ទៅ​ប្រទេស​ជប៉ុន​ ប្រ៊េហ្សីល ​ន័រវែស​ និង​ប្រទេស​ស៊ុយអែត ដើម្បី​ជួប​ជាមួយ​សមាគម​អន្តរជាតិ​ និង​អ្នក​បញ្ជា​ទិញ​ធំៗ​ក្នុង​ពិភពលោក។​

លោក អាត់ ​ធន់ បាន​និយាយ​ថា៖​ «នៅ​ក្នុង​ទីក្រុង​អូស្លូ​ យើង​បាន​ជួប​ជាមួយអ្នក​បញ្ជា​ទិញ​ជាង​១០០»។​

សហជីព​បាន​និយាយ​ថា ​ពួក​គេ​ចង់​ឃើញការ​ដំឡើង​ប្រាក់​ខែ​អប្បរមា​សម្រាប់​កម្មករ​រោងចក្រ​ ហើយ​ប្រសិន​បើ​មិន​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​នោះ​ទេ​ ពួក​គេ​នឹង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​កន្លែង​សាធារណៈ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ។ ​លោក​បាន​បន្ថែម​ថា​ ការ​តវ៉ា​គឺ​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់។​

លោក​បាន​និយាយ​ថា៖​ «ចរចា​ដោយ​សន្តិភាព។​ បើ​ចរចា​មិន​បាន ​យើង​នឹង​ជួបជុំ​នៅ​មុខ​រដ្ឋ​សភា​ដើម្បី​បង្ហាញ​ជំហរ។ ​ហើយ​បើ​ចាំបាច់​យើង​នឹង​ធ្វើ​កូដកម្ម»។​

អង្គការ​ពលកម្ម​អន្តរជាតិ​ ILO​ បាន​និយាយ​ថា ​អង្គការ​នេះ​បាន​ទទួល​សំណើ​ពី​ក្រុម​សហជីព ដែល​សុំ​ឲ្យ​ជួយ​ពួក​គេ​ក្នុង​ការ​ប្រមូល​ទិន្នន័យរួម​សម្រាប់​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល។ ទិន្នន័យ​ទាំង​នោះ​រួម​មាន ការ​គណនា​ចំណាយ​សម្រាប់​ការ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​ ILO​ បាន​និយាយ​នៅ​ក្នុង​អ៊ីមែល​មួយ​កាល​ពី​ម្សិលមិញ​ថា៖ ​«យើង​សង្ឃឹម​ថា ​សហជីព​អាច​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នេះ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៦»។

អ្នក​ស្រី យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​និយាយ​ថា​ អ្នកស្រី​បាន​ជួប​ជាមួយ​សមាជិក​ ហើយ​បាន​និយាយ​អំពី​អ្វី​ដែល​ជា​ក្តី​បារម្ភ​ និង​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​សម្រាប់​ឲ្យ​ពួក​គេ​អាច​រស់​នៅ​បាន​សមរម្យ។​

អ្នកស្រី យ៉ាង​ សុភ័ណ្ឌ បាន​និយាយ​ថា៖​ «យើង​បាន​ជួប​ជាមួយ​សមាជិក​ និង​កម្មករ​របស់​យើង ​ដែល​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ។ ពួក​គេ​បាន​លើក​ឡើង​ពី​ការ​ដំឡើង​ប្រាក់​របស់​ពួក​គេ»។​

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា ​ប្រសិន​បើ​ការ​ចរចា​មិន​មាន​ផ្លែ​ផ្កា​ទេ​នោះ ​សហជីព​របស់​អ្នកស្រីអាច​នឹង​ធ្វើ​ការ​តវ៉ា។​

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​មុន មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​គេ​ឲ្យ​ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ បំផ្លាញ​ទ្រសម្បតិ្ត​អ្នក​ដទៃ ​និង​ធ្វើ​ការ​រំខាន​ដល់​សមត្ថកិច្ច​ក្នុង​អំឡុង​ពេល ​ដែល​មាន​ការ​ធ្វើ​កូដកម្ម​កាលពី​ចុង​ឆ្នាំ​២០១៣ ​និង​ដើម​ឆ្នាំ​២០១៤។​

លោក​ស្រី យ៉ាង ​សុភ័ណ្ឌ​ លោក​ អាត់​ ធន់​ លោក​ ប៉ាវ ​ស៊ី​ណា ​លោក​ ជា ​មុនី ​ប្រធាន​សហជីព​សេរី​កម្មករ​ និង​លោក ​រ៉ុង ​ឈុន​ ពេល​នៅជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវ​បាន​ព្រមាន​មិន​ឲ្យ​ធ្វើការ​ជួប​ប្រជុំ​ជាមួយ​សហជីព​ផ្សេង​ទៀត ​ឬ​ចូលរួម​ក្នុង​ការ​ជួបជុំ​ជា​សាធារណៈ​ទេ។​

កម្មករ​រោងចក្រ​កម្ពុជាទិញ​ម្ហូប​ដេល​មាន​តម្លៃ​ថោក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មីនា ឆ្នាំ២០១១។
កម្មករ​រោងចក្រ​កម្ពុជាទិញ​ម្ហូប​ដេល​មាន​តម្លៃ​ថោក​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មីនា ឆ្នាំ២០១១។

មេ​ដឹក​នាំ​សហជីព​ទាំង​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​និយាយ​ថា​ ពួក​គាត់​គ្មាន​ទោស​ទេ​ ​ហើយ​ថា​ ការ​ហាម​ប្រាម​នេះ​គឺ​ជា​ល្បិច​មួយ​ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​បញ្ឈប់​ការ​ទាមទារ ​ឬ​ការ​តវ៉ា ​ដែល​នាំឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ។ ​ពួក​គេ​និយាយ​ថា ​ប្រាក់​ឈ្នួល​សមរម្យ ​និង​លក្ខខណ្ឌ​ការងារ​ល្អ​គឺ​កត្តា​សំខាន់​សម្រាប់​សុខុមាលភាព​របស់​សមាជិកពួក​គេ។​

ជា​រៀងរាល់​ឆ្នាំ​ កម្មករ​រោងចក្រ​រាប់​រយ​នាក់​ដួល​សន្លប់ ដោយ​សារ​តែ​ធ្វើការ​អស់​កម្លាំង​ដែល​បណ្តាល​មក​ពី​បរិយាកាស​រោង​ចក្រ​មិន​ល្អ ​ឬ​ការ​បរិភោគ​មិន​បាន​គ្រប់គ្រាន់។​ ការ​ដួល​បាក់​រោងចក្រ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បណ្តាល​ឲ្យ​កម្មករ​ស្លាប់​ និង​រង​របួស​។​ កាល​ពី​ស​ប្តាហ៍​មុន​ កម្មករ​កាត់ដេរ​១៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​នៅ​តាម​ផ្លូវ​ពី​ផ្ទះ​ទៅ​រោងចក្រ ​ដោយ​សារ​ការ​ត្បិត​ត្បៀត​ប្រាក់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ។​

លោក​ ប៉ាវ ​ស៊ីណា​ បាន​និយាយ​ថា​ ក្រុម​សហ​ជីព​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​អឺរ៉ុប​ដែល​ទទួលទិញ​សម្លៀក​បំពាក់ច្រើន​ជាង​គេ​នោះ​ ជួយ​គាំ​ទ្រ ​និង​ជ្រោងជ្រែង​ក្នុង​ការ​ស្នើ​សូម​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ​ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​បាន​សមរម្យ ​និង​ដើម្បី​សុវត្ថភាព​របស់​កម្មករ។

លោក​ ប៉ាវ​ ស៊ីណា​ បាន​និយាយ​ថា៖​«ពួក​គេ​អាច​បង់​ប្រាក់​សម្រាប់​រថយន្ត​ដែល​ដឹក​មនុស្ស​តិច​ជាង​នេះ»។​

កម្មករ​ដូច​ជា ​ម៉ន ​សាវ៉េន​ ដែល​ធ្វើការ​នៅ​ទីក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ បាន​និយាយ​ថា​ ពួកគេ​ត្រូវ​ការ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ។​ ប្រាក់​ខែ​របស់​គាត់​ឥឡូវ​គឺ​១២៩​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រាក់​ខែ​នេះ​ត្រូវ​យក​ទៅចំណាយ​សម្រាប់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដូច​ជា​ថ្លៃ​សិក្សា​របស់​កូនៗ​របស់​គាត់​ ​ការ​ចំណាយ​ទៅ​លើ​ម្ហូប​អាហារ​ និង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ពី​ការងារ​ទៅ​ផ្ទះ ​និង​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ​ដែល​ត្រូវ​ចំណាយ​ពេល​ពីរ​ម៉ោង​ពេល​ទៅ​ធ្វើការ និង​ចំណាយ​ពេល​ពីរ​ម៉ោង​ទៀត​ពេល​ត្រឡប់​មក​ផ្ទះ​វិញ។​

ម៉ន ​សាវ៉េន បាន​និយាយ​ថា៖​«ខ្ញុំចំណាយ​២០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​លើ​ថ្លៃ​ជិះឡាន»។​

ម៉ន ​សាវ៉េន ​បាន​បាត់​បង់​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​ ម៉ន ​សាវ៉ុន ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​នៅខេត្ត​ស្វាយ​រៀង​ កាលពី​សប្តាហ៍​មុន។​ គាត់​បាន​និយាយ​ថា​ ប្រសិន​បើ​ប្រាក់​ខែ​ច្រើន​ជាងនេះ ​វាប្រហែល​ជា​អាច​ជួយ​បង្ការ​មិនឲ្យ​ប្អូន​ស្រី​របស់​គាត់​ស្លាប់​ទេ៕

XS
SM
MD
LG