មេដឹកនាំសហជីពជំរុញឱ្យមានដំណោះស្រាយដល់ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរចាយអិន អាយប៊ីស ដែលត្រូវបានបញ្ឈប់ពីការងារតាំងពីឆ្នាំ២០២០មក ពោលគឺក្រោយការបង្កើតសហជីពឯករាជ្យមួយនៅក្នុងក្រុមហ៊ុននោះ។
ជម្លោះដែលបានអូសបន្លាយពេលមកជាច្រើនឆ្នាំនេះ ក៏មានទំនាក់ទំនងនឹងទំនាស់ការងាររបស់កម្មករនិយោជិតជាមួយក្រុមហ៊ុន ដែលកម្មករចោទថា ខកខានមិនបានផ្តល់ប្រាក់សំណងចំពោះការបញ្ឈប់ពីការងារអំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វីអូអេតាមទូរស័ព្ទនាថ្ងៃអង្គារនេះថា ក្រុមហ៊ុនចាយអិន អាយប៊ីស គួរចេញមកដោះស្រាយបញ្ហាជម្លោះជាមួយនឹងក្រុមសហជីព និងទទួលខុសត្រូវ ហើយក្រសួងពាក់ព័ន្ធគួរចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវឱ្យអ្នកដែលបានល្មើសច្បាប់រួចខ្លួន ហើយដែលអាចនាំឱ្យខូចឈ្មោះរដ្ឋាភិបាលនោះទេ។
លោកថ្លែងថា៖ «អាជ្ញាធរពាក់ព័ន្ធត្រូវតែបង្ខំក្រុមហ៊ុន ក្នុងករណីដែលគាត់មិនព្រមអនុវត្តតាមច្បាប់ខ្មែរ ខ្ញុំគិតថា មិនអាចធ្វើអាជីវកម្មបានទេនៅក្នុងស្រុកខ្មែរ។ ហើយប្រសិនបើមិនអនុវត្ត ហើយស៊ុមគ្រលុំ ហើយចេះតែបណ្តោយមានន័យថា អ្នកផ្សេងទៀតនឹងបង្កបទល្មើស ឬក៏មិនអនុវត្តហ្នឹងខ្លាំងទៅៗ ធ្វើឱ្យផលវិបាកសម្រាប់កម្មករ ពេលនោះគឺថា ខូចឈ្មោះរដ្ឋាភិបាល មិនត្រឹមតែក្រុមហ៊ុនទេ ទាំងរដ្ឋាភិបាល និងអ្នកដឹកនាំក្រសួង»។
មេដឹកនាំសហជីពរូបនេះបន្ថែមថា កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុនចាយអិន អាយប៊ីស និងក្រុមកម្មករបានជួបគ្នានៅក្រសួងការងារ ហើយបានចុះកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះនេះ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានដំណោះស្រាយណាមួយទៅដល់ក្រុមកម្មករទាំងអស់នោះឡើយ។
លោកថ្លែងថា៖ «ប៉ុន្តែរឿងដែលចម្លែកគឺនៅពេលដែលកំណត់ហេតុកិច្ចព្រមព្រៀងបានចុះហើយ គេមិនព្រមអនុវត្តហើយ មិនមានក្រសួងជំរុញបែរជាថាមិនដឹងធ្វើយ៉ាងម៉េច អា[ហ្នឹង]ហើយរឿងចម្លែក»។
ក្រុមសហជីពនៅក្នុងក្រុមហ៊ុនដឹកអ្នកដំណើរខាងលើ បានចេញតវ៉ាជាថ្មីម្តងទៀតកាលពីថ្ងៃទី១៤ ខែសីហា ដើម្បីឱ្យក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនេះទទួលយកពួកគេចូលធ្វើការវិញ និងផ្តល់ឱ្យបុគ្គលិកចំពោះការទាមទារមួយចំនួន ក្នុងនោះមានប្រាក់រំឭកអំឡុងពេលព្យួរការងារ និងបញ្ឈប់ការរើសអើងសហជីព។ នេះបើតាមការបញ្ជាក់របស់ លោក សៀម ម៉ូរ៉ាឌី ប្រធានសហជីពប្រចាំក្រុមហ៊ុនចាយអិន អាយ ប៊ីស ដែលបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះ។
ប្រធានសហជីពរូបនេះបន្ថែមថា កាលពីម្សិលមិញមានភាគីក្រុមហ៊ុនចេញមុខមក ប៉ុន្តែមិនបានមកដោះស្រាយនោះទេ បែរជាបង្កជម្លោះ និងជេរប្រមាថទៅក្រុមសហជីពទៅវិញ។
លោកថ្លែងថា៖ «គាត់ហ្នឹងជាតំណាងក្រុមហ៊ុនតែគាត់ចេញមកមិនមានភាពមួយរកដំណោះស្រាយទេ គឺគាត់មានភាពមួយចេញមកជេរប្រមាថពួកយើងដែលជាបាតុករ ហើយក៏បានជិះឡានប្រុងបុកពួកយើងដែលជាបាតុករ ប៉ុន្តែពួកយើងគេច»។
វីអូអេបានទាក់ទងលេខទូរស័ព្ទរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចាយអិន អាយប៊ីស ដែលមានលើគេហទំព័ររបស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកដែលទទួលទូរស័ព្ទនោះបដិសេធផ្តល់ការអត្ថាធិប្បាយ។
វីអូអេក៏បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ទាំងតាមទូរស័ព្ទ និងតេឡេក្រាម ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។
ក្រុមហ៊ុនចាយអិន អាយប៊ីស ជាក្រុមហ៊ុនដឹកអ្នកដំណើរមួយដែលចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំមួយក្នុងប្រទេស។
បើតាមលោក សៀម ម៉ូរ៉ាឌី លោក និងក្រុមសហជីពបានជួប និងពិភាក្សាជាមួយខាងក្រុមហ៊ុន និងក្រសួងការងារជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនអាចរកច្រកចេញពីជម្លោះរ៉ាំរ៉ៃនេះបាន។ ទោះយ៉ាងណា លោកថា ក្រុមអតីតកម្មករនឹងនៅតែបន្តការតស៊ូមតិទៅកាន់ក្រុមហ៊ុនចាយអិន អាយប៊ីស បើទោះជាមិនមានក្តីសង្ឃឹមខ្ពស់ថានឹងអាចចូលបម្រើការងារវិញក៏ដោយ។
លោកប្រាប់វីអូអេថា៖ «យើងនៅតែតស៊ូដោយសារយើងបាត់បង់អត្ថប្រយោជន៍ច្រើនណាស់ ព្រោះពួកយើងធ្វើការម្នាក់ៗសុទ្ធតែ៤-១០ឆ្នាំ អ៊ីចឹងពេលដែលយើងបោះបង់ចោលអតីតភាពរបស់យើងដែលយើងខិតខំពីមុនមកវាច្រើន។ អ៊ីចឹងហាក់ដូចយើងបោះបង់ចោលកម្លាំងញើសឈាមរបស់យើងចោល ពួកយើងឈឺចាប់ណាស់ ពួកយើងអត់ព្រមទេ អត់ព្រមដាច់ខាត»។
កាលពីខែមេសា បុគ្គលិកនៃក្រុមហ៊ុនដឹកអ្នកដំណើរចាយអ៊ិន អាយប៊ីស (Giant Ibis) បាននាំគ្នាឈរតវ៉ាលើកបដានៅមុខទីស្នាក់ការរបស់ក្រុមហ៊ុនក្បែរផ្សាររាត្រី ជាប់មាត់ទន្លេក្នុងទីក្រុងភ្នំពេញ។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនព្យួរកិច្ចសន្យាការងារតាំងតែពីឆ្នាំ២០២០ ដោយមិនបានកំណត់ថ្ងៃចូលធ្វើការងារវិញនោះទេ ហើយពួកគេថា ក្រុមហ៊ុននេះមានការរើសអើងចំពោះបុគ្គលិកដែលព្រមចូលធ្វើជាសមាជិកសហជីព៕