អស់រយៈពេលជិត ២០ ឆ្នាំហើយដែលមេដឹកនាំសហជីព លោក អាត់ ធន់ បានចូលរួមក្នុងការជួយលើកកម្ពស់សិទ្ធិការងារ និងការពារផលប្រយោជន៍របស់កម្មករ។ លោកបានបំពេញការងារជាប្រធានសហភាពការងារកម្ពុជា ហៅកាត់ថា CLC តាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០២៤។ កាលពីពេលថ្មីៗនេះ លោកមិនបានជាប់ឆ្នោតធ្វើជាប្រធានសហភាពការងារកម្ពុជាតទៅទៀតឡើយ។
ទោះជាយ៉ាងណា លោក អាត់ ធន់ បានប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍របស់កម្មករ ក្នុងនាមជាមេដឹកនាំសហជីពម្នាក់។
កើតនៅឆ្នាំ ១៩៧៨ ក្នុងភូមិធ្លក ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង លោក អាត់ ធន់ អាយុ ៤៦ ឆ្នាំ មានឪពុក ឈ្មោះ ប៉ែន អៀង ជាអតីតមន្រ្តីយោធាមួយរូប ស្លាប់ កាលពីឆ្នាំ ២០០៤ និងម្តាយឈ្មោះ កែន ហ៊ីម អាយុ ៨២ ឆ្នាំ ជាកសិករ។ លោកជាកូនទី ៥ ក្នុងចំណោមបងប្អូន ៧ នាក់ ស្រី ៤ ប្រុស ៣។ លោកបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០០២ ហើយបច្ចុប្បន្នមានកូន ៤ នាក់ ក្នុងនោះប្រុស ៣ នាក់ និងស្រី ១ នាក់ ។ ភរិយារបស់លោកឈ្មោះ ស្បោង ណារិន ជាអាជីវករលក់ដូរនៅផ្ទះ។
លោក អាត់ ធន់ បានបញ្ចប់បាក់ឌុបក្នុងឆ្នាំ ១៩៩៦ ហើយលោកបន្តការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៤។ ក្រោយបញ្ចប់បរិញ្ញាបត្រ លោកក៏បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់នីតិឯកជន នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៨។
លោក អាត់ ធន់ ឱ្យដឹងទៀតថា មូលហេតុដែលលោកចូលរួមកិច្ចការសហជីព ព្រោះលោកមិនចង់ឃើញកម្មករត្រូវបានគេរំលោភសិទ្ធិ និងកេងចំណេញផលប្រយោជន៍។ ក្នុងឆ្នាំ ១៩៩៨ លោកបានចូលរួមចលនាសហជីពដែលកាលនោះលោកមានតួនាទីជាតំណាងសហជីពម្នាក់។ ក្រោយមកនៅឆ្នាំ ២០០៤ លោកត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រធានសម្ព័ន្ធសហជីព C-CAWDU ហើយឆ្នាំ ២០០៦ លោកបានបង្កើតសហភាពការងារកម្ពុជាដែលលោកថា លោកបានជួយការពារកម្មករតាំងពីពេលនោះមក។
ក្នុងពេលធ្វើជាមេដឹកនាំសហជីព លោក អាត់ ធន់ បានជួយតវ៉ាដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរពី ៤០ ដុល្លារក្នុងឆ្នាំ ២០០០ រហូតបាន ២០៤ ដុល្លារក្នុងឆ្នាំ ២០២៤។ ក្រៅពីនេះ លោកបានខិតខំជំរុញឱ្យរដ្ឋាភិបាលអនុវត្តរបបសន្តិសុខសង្គមដល់កម្មករ ដូចជាធានាការពារកម្មករ នៅពេលមានគ្រោះថ្នាក់ការងារ និងរបបថែទាំសុខភាព ព្រមទាំងរបបចូលនិវត្តន៍របស់កម្មករជាដើម។
មិនតែប៉ុណ្ណោះ លោក អាត់ ធន់ ក៏បានចូលរួមទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំក្នុងរឿងការងារបានជាច្រើននាក់ផងដែរ និងបានទាមទារឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលទទួលស្គាល់សិទ្ធិសហជីព និងកម្មករផងដែរ។
ប៉ុន្តែនៅក្នុងការតស៊ូការពារផលប្រយោជន៍របស់កម្មករ លោក អាត់ ធន់ ក៏ធ្លាប់រងពាក្យបណ្តឹងមួយចំនួន ហើយលោកធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង ៦ ខែ ក្នុងសំណុំរឿងបាតុកម្មលើផ្លូវវេងស្រេង ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល កាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤។ បាតុកម្មកាលនោះបានបង្កឱ្យមនុស្សស្លាប់ ៤ នាក់ និងមួយចំនួនរងរបួស។
លោក អាត់ ធន់ ប្រាប់វីអូអេថា លោកមិនអាចដឹកនាំសហការងារកម្ពុជាបន្តទៀតបាន ដោយសារមានបញ្ហាផ្ទៃក្នុង នៅពីក្រោយការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហភាពមួយនេះ។
ទោះជាយ៉ាងណា លោក អាត់ ធន់ ប្តេជ្ញាចិត្តថា លោកនៅតែបន្តការពារ និងផ្តល់ផលប្រយោជន៍និងការពារសិទ្ធិជូនកម្មករដដែល ក្នុងនាមជាអនុប្រធានសម្ព័ន្ធសហជីព C-CAWDU។
លោកថ្លែងថា៖ «ខ្ញុំនៅតែបន្ត[វីរភាព]ប្តេជ្ញាចិត្តការពារសិទ្ធិនិងប្រយោជន៍ជូនកម្មករនៅប្រទេសកម្ពុជាតទៅទៀត ដើម្បីឱ្យពួកគេទទួលបានសិទ្ធិ[សេរីភាព] និងលក្ខខណ្ឌការងារឱ្យបានប្រសើរ ដូចប្រទេសជឿនលឿននៅលើពិភពលោកដែរ»។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ លើកឡើងថា បើទោះបីលោក អាត់ ធន់ មិនឈ្នះឆ្នោត ស្នាដៃរបស់លោកនៅតែត្រូវបានគេចងចាំ។
លោកថ្លែងថា៖« ខ្ញុំគិតថា បើទោះបីលោក អាត់ ធន់ មិនបានជាប់ឆ្នោត ក៏លោក អាត់ ធន់ នៅតែជាថ្នាក់ដឹកនាំមួយរូបដែលត្រូវបានទទួលការរាប់រក ការនៅចងចាំពីស្នាដៃរបស់លោក»។
លោក គង់ អាទិត្យ អតីតប្រធានសម្ព័ន្ធសហជីព C-CAWDU បានឈ្នះឆ្នោតទទួលបានការគាំទ្រជាប្រធានថ្មីនៃសហភាពការងារកម្ពុជា។ លោកចាត់ទុកការជាប់ឆ្នោតរបស់លោក គឺជាឱកាសល្អសម្រាប់លោក ហើយវាក៏ជាបន្ទុកមួយដែរ។
លោកថ្លែងថា៖ «ការជាប់ឆ្នោតនេះក៏ជាបន្ទុកនិងការទទួលខុសត្រូវចំពោះខ្ញុំខ្ពស់ដែរ។ទី ១ ខ្ញុំមានគោលបំណងក្នុងការកសាងទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយគ្រប់ភាគីទាំងអស់ ទាំងជាមួយនិយោជក ម្ចាស់ក្រុមហ៊ុនធំៗ ជាមួយរដ្ឋាភិបាលអីក៏ដោយ យើងត្រូវកសាងទំនាក់ទំនងវិជ្ជាជីវៈមួយដែលមានន័យថាការចរចាគ្នាដោយស្មោះត្រង់»។
សហភាពការងារកម្ពុជាជាសហភាពសហជីពថ្នាក់ជាតិមួយដែលមានសមាជិកជាង ១១ ម៉ឺននាក់ មកពី ១០ សហព័ន្ធ សហជីព សមាគម ហើយសហភាពការងារកម្ពុជាក៏ជាស្ថាប័នឯករាជ្យមួយដែលធ្វើការ ដើម្បីលើកកម្ពស់សិទ្ធិការងារកម្មករនិយោជិកនៅទូទាំងប្រទេស។ នេះបើតាមលោក អាត់ ធន់។
លោក អាត់ ធន់ ថ្លែងថា លោកចង់ឃើញវិស័យការងារមានការរីកចម្រើន ហើយកម្មករខ្មែរទទួលបានការការពារសិទ្ធិឱ្យដូចប្រទេសដទៃទៀត។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែបន្តការពារសិទ្ធិ និងផលប្រយោជន៍កម្មករ ដើម្បីឱ្យកម្មករទទួលបានលក្ខខណ្ឌ និងផលប្រយោជន៍ ដូចកម្មករនៅក្នុងប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែរ»៕
វេទិកាបញ្ចេញមតិ