អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យឪពុកម្តាយនាំកូនស្រីអាយុ ៩ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ឬសាលារៀនក្នុងប្រទេសកម្ពុជា។
លោក Raveesha R Mugali អ្នកជំនាញផ្នែកសុខភាពរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ជំងឺមហារីកមាត់ស្បូនជាជំងឺដែលត្រូវបានហៅថា «ឃាតករលាក់មុខ» និងជាជំងឺមហារីកលំដាប់ទី៤ ដែលកើតឡើងញឹកញាប់ជាងគេលើពិភពលោក។ ហើយនៅកម្ពុជា ជំងឺមហារីកមាត់ស្បូនកើតលើស្រ្តីគ្រប់វ័យ និងមានចំនួនច្រើនជាងគេលំដាប់ទីពីរក្នុងចំណោមជំងឺមហារីកផ្សេងទៀត។
បើតាមលោក Raveesha R Mugali អង្គការយូនីសេហ្វបានជួយគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងតាមមណ្ឌលសុខភាព ដោយបង្កើតឱ្យមានយុទ្ធនាការផ្តល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់កុមារីអាយុ៩ឆ្នាំ ព្រមទាំងបានចូលរួមលើកទឹកចិត្តឱ្យឪពុកម្តាយ និងអាណាព្យាបាលនាំកូនស្រីដែលមានអាយុ ៩ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនតាមសហគមន៍ជាដើម។
លោក Raveesha R Mugali ថ្លែងជាភាសាអង់គ្លេស ដែលប្រែសម្រួលជាភាសាខ្មែរថា៖ «បច្ចុប្បន្នយុទ្ធនាការក្នុងការជំរុញឱ្យកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង HPV នឹងធ្វើឡើងនៅចន្លោះខែសីហា ដល់ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីយុទ្ធនាការនេះបញ្ចប់ វ៉ាក់សាំងនឹងនៅតែមានការផ្តល់ជូននៅតាមមណ្ឌលសុខភាពទូទាំងប្រទេស»។
វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ ផ្តល់ជូនដោយឥតគិតថ្លៃចំនួនមួយដូស សម្រាប់ក្មេងស្រីដែលមានអាយុ ៩ឆ្នាំប៉ុណ្ណោះ។ សម្រាប់ក្មេងស្រីដែលមានអាយុលើសពីនេះ ត្រូវពិភាក្សានៅមណ្ឌលសុខភាពបន្ថែម។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកអង្គការយូនីសេហ្វ។
ជំងឺមហារីកមាត់ស្បូនជាជំងឺដែលបង្កឡើងដោយការឆ្លងវីរុស Papillomavirus របស់មនុស្ស ឬហៅថាជាវីរុស HPV។ វីរុសនេះអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង HPV ដល់ក្មេងស្រីដែលមានអាយុចន្លោះពី ៩ ទៅ១៤ឆ្នាំ ព្រោះនៅវ័យនេះវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ និងអាចការពារពួកគេបាន។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ជំងឺមហារីកមាត់ស្បូនមានករណីថ្មីទូទាំងពិភពលោក ចំនួន ៦៦ម៉ឺនករណី និងករណីស្លាប់ចំនួន ៣៥ម៉ឺនករណី ក្នុងឆ្នាំ២០២២។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនមានករណីថ្មីចំនួន ១,១៣៥ករណី និងករណីស្លាប់ចំនួន៦៤៣ករណី ជារៀងរាល់ឆ្នាំ។
ក្នុងយុទ្ធនាការផ្តល់ការចាក់វ៉ាក់សាំងផ្សេងៗនៅតាមសាលារៀន ក៏មានការផ្តល់ជូនវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដល់ក្មេងស្រីដែលមានអាយុ ៩ឆ្នាំដោយឥតគិតថ្លៃផងដែរ។ តួយ៉ាងនៅសាលាបឋមសិក្សាវត្តចាស់ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម កុមារី ណេត អ៊ីអ័រ ប្រាប់វីអូអេថា នាងសប្បាយចិត្តក្រោយពេលទទួលបានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន។
កុមារីអាយុ ៩ឆ្នាំ រូបនេះថា នាងបានដឹងពីអ្នកគ្រូរបស់នាងពីជំងឺមហារីកមាត់ស្បូនថា ជាជំងឺកាចសាហាវ ហើយការចាក់វ៉ាក់សាំងនេះនឹងអាចជួយជីវិតនាងបាននៅថ្ងៃអនាគត។
កុមារី ណេត អ៊ីអ័រ ថ្លែងថា៖ «វាផ្តល់ផលប្រយោជន៍ដល់ជីវិតយើងនៅពេលដែលយើងធំឡើងមិនឱ្យកើតជំងឺហ្នឹង»។
អ្នកស្រី ផា នាង នាយិកាសាលាបឋមសិក្សាវត្តចាស់ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ប្រាប់វីអូអេថា សាលាបឋមសិក្សាវត្តចាស់មានសិស្សសរុប ៤០៣នាក់ ក្នុងនោះសិស្សស្រីមានចំនួន២០១នាក់។ សិស្សស្រីដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនមានចំនួនសរុប ២១ នាក់។
នាយិការូបនេះបន្ថែមថា ជំងឺមហារីកមាត់ស្បូនជាជំងឺមួយដែលកាចសាហាវ ហើយការផ្តល់វ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំង និងអាចជួយជីវិតក្មេងស្រីពីការប្រឈមជាមួយជំងឺមហារីកនេះពេញមួយជីវិត។
អ្នកស្រី ផា នាង ថ្លែងថា៖ «ក្នុងការចាក់វ៉ាក់សាំងនេះ វាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសចំពោះសិស្សស្រី អាចការពារជំងឺមហារីកមាត់ស្បូនព្រោះជំងឺនេះវាកាចសាហាវ»។
រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការផ្តល់ជូនការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជាលើកដំបូងដល់កុមារីដែលមានអាយុ ៩ឆ្នាំនៅខែតុលា ឆ្នាំ២០២៣ ដោយមានក្មេងស្រីដែលបានទទួលវ៉ាក់សាំងនេះចំនួនជាង ១៤ម៉ឺននាក់។ សម្រាប់ឆ្នាំ២០២៤ យុទ្ធនាការនេះធ្វើឡើងក្នុងខែសីហា រហូតដល់ខែតុលា ដោយនឹងផ្តល់ជូនវ៉ាក់សាំងការពារជំងឺមហារីកដល់ក្មេងស្រីដែលមានអាយុ ៩ឆ្នាំ ចំនួនជាង១៦ម៉ឺននាក់៕
ភ្នំពេញ —
វេទិកាបញ្ចេញមតិ