ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​យូនីសេហ្វ​ថ្កោលទោស​អំពើ​ហិង្សា​និង​ការ​បំពាន​លើ​កុមារ​នៅ​ក្នុង​ការ​តវ៉ា​នៅ​អ៊ីរ៉ង់


រូបឯកសារ៖ ម៉ូតូ​មួយ​គ្រឿង​របស់​ប៉ូលិស​ត្រូវ​បាន​ដុត​ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​នាង Mahsa Amini នៅ​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ម៉ូតូ​មួយ​គ្រឿង​របស់​ប៉ូលិស​ត្រូវ​បាន​ដុត​ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​នាង Mahsa Amini នៅ​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។

អង្គការ​យូនីសេហ្វ (UNICEF) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថ្កោលទោស «អំពើ​ហិង្សា​និង​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ឱ្យ​កុមារ​ជាង ៥០ នាក់​បាត់​បង់​ជីវិត​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​នៅ​ក្នុង​អំឡុង​ពេល​ចលាចល​សាធារណៈ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​មាន​«ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្មក់​ចូល​ឆែកឆេរ​និង​ការ​ឆែកឆេរ​ជា​បន្ត​ដែល​ធ្វើ​ឡើង​នៅ​តាម​សាលារៀន​មួយ​ចំនួន» និង​ថា «សាលារៀន​ត្រូវតែ​ជា​កន្លែង​ដែល​តែងតែ​មាន​សុវត្ថិភាព​សម្រាប់​កុមារ»។

អង្គការ​យូនីសេហ្វ​បាន​រាយការណ៍​ថា ខ្លួន​បាន «បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅ​កាន់​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ តាំងពី​ពេល​ដែល​មាន​ករណី​ដំបូងៗ​នៃ​ការ​ស្លាប់​និង​រង​របួស​របស់​កុមារ​ដែល​បាន​កើតឡើង​ទាក់ទិន​នឹង​ការ​តវ៉ា​ម្ល៉េះ»។ អង្គការ​សិទ្ធិ​មនុស្ស​ខ្លះ​បាន​រាយការណ៍​ថា កុមារ​រហូត​ដល់ ៦៣ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​ទាំង​នេះ។

ប្រទេស​អ៊ីរ៉ង់​គឺ​ជា​សមាជិក​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ហើយ​អង្គការ​ហូនីសេហ្វ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មាន «កាតព្វកិច្ច​នៅ​ក្នុង​ការ​គោរព ការពារ និង​ធានា​នូវ​សិទ្ធិរបស់​កុមារ​នៅ​ក្នុង​ការ​រស់រាន​មាន​ជីវិត​ ឯកជន​ភាព ​សេរីភាព​នៃ​ការគិត ​និង​ការជួបជុំ​ដោយ​សន្តិវិធី»។

អង្គការ​យូនីសេហ្វ ​ដែល​ជា​អង្គការ​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព ​បាន​ជំរុញ​ប្រទេស​អ៊ីរ៉ង់ «ឱ្យ​គោរព​សិទ្ធិ​របស់​កុមារ​ទាំង​អស់​នៅ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី​ជា​ការ​ធានា​ជា​មូលដ្ឋាន​មួយ មិន​ថា​កុមារ​ទាំង​នោះ​ជា​នរណា​ឬ​ក៏​នៅ​ទី​ណា​នោះ​ទេ។ ...កុមារ​និង​ក្មេង​ជំទង់​ត្រូវតែ​ទទួល​បាន​ការ​ការពារ​ពី​គ្រប់​ទម្រង់​ទាំង​អស់​នៃ​ភាព​ឈឺចាប់​ដែល​ប៉ះពាល់​មិន​ត្រឹមតែ​ដល់​អាយុ​ជីវិត​និង​សេរីភាព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ដល់​សុខភាព​ផ្លូវ​ចិត្ត​និង​សុខភាព​រាងកាយ​របស់​ពួកគេ​ទៀត​ផង»។

អង្គការ​នេះ​បាន​បន្ថែម​ថា៖ «ប្រទេស​អ៊ីរ៉ង់​មាន​សំណាង​ដែល​មាន​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ជា​កុមារ​និង​ក្មេង​ជំទង់​ដែល​ជា​ធនធាន​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ទាំង​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត។ តម្រូវការ សេចក្ដី​ប្រាថ្នា ​និង​សុខមាលភាព​របស់​ពួកគេ​ត្រូវតែ​ជា​អាទិភាព​នៅ​គ្រប់​ស្ថានការណ៍​ទាំង​អស់»៕

XS
SM
MD
LG