ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) កំពុងស្វែងរកឱកាសដើម្បីជួបជាមួយជនជាតិភាគតិចតំបន់ភ្នំវៀតណាមដែលកំពុងលាក់ខ្លួនក្នុងព្រៃនៅខេត្តរតនគីរី ស្របពេលដែលអាជ្ញាធរប៉ូលិសកម្ពុជាកំពុងស្វែងរកចាប់ខ្លួនពួកគេបញ្ជូនត្រឡប់ទៅឲ្យអាជ្ញាធរវៀតណាមវិញ។
របាយការណ៍ពីប្រទេសវៀតណាមបង្ហាញថា មានជនជាតិចារ៉ាយមកពីខ្ពង់រាបប្រទេសវៀតណាមសរុបចំនួន១៦នាក់កំពុងលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរី។ ប៉ុន្តែបើយោងតាមរបាយការណ៍ពីក្រុមប្រជាពលរដ្ឋកម្ពុជាដែលផ្តល់ឲ្យមន្ត្រីអង្គការសិទ្ធិមនុស្សប្រចាំខេត្តនេះបង្ហាញថា ជនជាតិដើមទាំងនេះមានចំនួនត្រឹមតែ១៣នាក់តែប៉ុណ្ណោះ ក្នុងនោះមានស្ត្រីម្នាក់ផងដែលទើបនឹងចេញពីពន្ធនាគាររបស់រដ្ឋការក្រុងហាណូយផង។ ពួកគេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
វៀតណាមដើម្បីស្វែងរកសិទ្ធិជ្រកកោណនៅប្រទេសទី៣។ ពួកគេបានឆ្លងចូលមកលាក់ខ្លួនក្នុងព្រៃខេត្តរតនគីរីចាប់តាំងពីចុងខែតុលាម្ល៉េះ ប៉ុន្តែក្រុមប្រជាជនជនជាតិដើមភាគតិចកម្ពុជានៅតំបន់នោះទើបតែជួបប្រទះពួកគេកាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានសរសេរលិខិតមួយមកកាន់ក្រសួងមហាផ្ទៃដើម្បីសុំភ្លើងខៀវចុះជួបជនភៀសខ្លួនដោយផ្ទាល់នៅខេត្តរតនគីរី។ ប៉ុន្តែក្រសួងមហាផ្ទៃកំពុងពិចារណាលើសំណើនេះនៅឡើយ។
«មានសំណើពី UNHCR សុំទៅជួបអ្នកទាំងអស់នោះ។ (ក្រសួង)ទើបនឹងបានទទួលសំណើនោះដែរ កាលពីចុងសប្តាហ៍កន្លងទៅ។ យើងនឹងពិចារណា មិនទាន់សម្រេចអ្វីទេ»។
យោងតាមលោក ឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី ឲ្យដឹងថា អាជ្ញាធរប៉ូលិសកម្ពុជាកំពុងស្វែងរកចាប់ខ្លួនជនជាតិដើមភាគតិចវៀតណាមនេះដើម្បីបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាមវិញ។
«យើងទទួលបានដំណឹងថា អាជ្ញាធររឹតបន្តឹងធ្វើការសាកសួរអ្នកភូមិតាមចំនៀរព្រំដែនកម្ពុជាវៀតណាមដើម្បីស្វះស្វែងរកជនភៀសខ្លួនដែលមួយក្រុមមានគ្នា៨នាក់និងមួយក្រុមទៀតមានគ្នាប្រាំនាក់»។
យោងតាមកាសែតក្នុងស្រុកមួយឲ្យដឹងថា អាជ្ញាធរវៀតណាមបានស្នើឲ្យប្រទេសកម្ពុជាបញ្ជូនជនភៀសខ្លួនទាំងនេះទៅឲ្យខ្លួនវិញ។
លោកឆាយ ធី ព្រួយបារម្ភថា ការចាប់បញ្ជូនខ្លួនជនជាតិចារ៉ាយវៀតណាមទាំងនេះត្រឡប់ទៅស្រុកកំណើតពួកគេវិញនឹងធ្វើឲ្យពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញនិងការចាប់ដាក់ពន្ធនាគារ ខណៈដែលជនជាតិភាគតិចទាំងនេះបានគេចពីការកៀបសង្កត់ផ្នែកជំនឿសាសនា និងការកៀបសង្កត់លើសេរីភាពផ្នែកប្រព័ន្ធអ៊ីនធើណិតនិងសិទ្ធិដីធ្លី។
ទោះជាបែបនេះក្តី ទាំងលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ ទាំងលោកឧត្តមសេនីត្រីយ៍ ងួន កឿន ស្នងការនគរបាលខេត្តរតនគីរីបានច្រានចោលសេចក្តីអះអាងដែលថា ប្រទេសវៀតណាមបានទាមទារឲ្យកម្ពុជាបញ្ជូនខ្លួនជនភៀសខ្លួនតំបន់ភ្នំនេះត្រឡប់ទៅវិញ។
លោកស្នងការ ងួន កឿន ទទួលស្គាល់ថា កងប៉ូលិសកំពុងស្វែងរកជម្រករបស់ជនជាតិភាគតិចទាំងនេះមែន។
«ឥឡូវនេះនគរបាលខេត្តយើងកំពុងចាត់វិធានការស្រាវជ្រាវរុករកក្នុងព្រៃ ក្រែងលោពួកគាត់លាក់ខ្លួនក្នុងព្រៃព្រោះថា តាមព័ត៌មានលេចឮថា មានក្រុមនោះចូលសម្ងំលាក់ខ្លួនក្នុងទឹកដីភូមិសាស្ដ្រខេត្ត។ ប៉ុន្តែព័ត៌មានទាំងនេះជាព័ត៌មានក្រៅផ្លូវការទេ។ ដើម្បីជម្រះព័ត៌មាននេះឲ្យជ្រះ ខ្ញុំបានប្រឹងប្រែងចាត់បញ្ជូនកម្លាំងធ្វើការល្បាតដើម្បីស្វែងរកក្រុមទាំងនោះ។ ប៉ុន្តែជាលទ្ធផលរហូតមកទល់ថ្ងៃនេះ យើងមិនបានជួបប្រទះសូម្បីតែដានក៏គ្មានដែរ»។
ចាប់តាំងពីជាងមួយទសវត្សមកហើយ ជនជាតិចារ៉ាយវៀតណាមរាប់ពាន់នាក់បានគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមនៅតំបន់ខ្ពង់រាប ហើយបានមកស្នាក់នៅក្នុងព្រៃកម្ពុជាក្នុងខេត្តមណ្ឌលគីរី និងខេត្តរតនគីរី។ ពួកគេភាគច្រើនលើសលុបបានទទួលសិទ្ធិជាជនភៀសខ្លួនដើម្បីស្នាក់នៅប្រទេសទី៣។
មានសេចក្តីរាយការណ៍ដែលថា អាជ្ញាធរប៉ូលិសកម្ពុជាបានចាប់ខ្លួនជនជាតិដើមភាគតិចវៀតណាមបានចំនួនពីរនាក់ក្នុងពេលថ្មីៗនេះ។ ប៉ុន្តែទាំងក្រុមមន្ត្រីអាជ្ញាធរនិងមន្ត្រីសិទ្ធិមនុស្សមិនទាន់បញ្ជាក់ថា នេះជាព័ត៌មានពិតនៅឡើយ៕