អង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ នៅថ្ងៃអង្គារនេះ បានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមអភិរក្សមរតកវប្បធម៌របស់កម្ពុជា ជាផ្នែកមួយនៃការការពារ និងលើកកម្ពស់បេតិកភណ្ឌពិភពលោក។
ការប្តេជ្ញានេះធ្វើឡើង ខណៈប្រទេសកម្ពុជាប្រារព្ធខួបលើកទី១២នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដានេះ។
អង្គការយូណេស្កូ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ដើម្បីអភិរក្សតំបន់ប្រាសាទព្រះវិហារ អង្គការនេះបានជួយរដ្ឋាភិបាលក្នុងការរៀបចំគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្កើងប្រាសាទព្រះវិហាររបស់កម្ពុជាទៅតាមគំរូនៃការគ្រប់គ្រងបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គរ។
ទីតាំងប្រាសាទព្រះវិហារ ដែលតុលាការក្រុងឡាអេបានសម្រេចថា ជារបស់កម្ពុជា ហើយបានឲ្យប្រទេសថៃដកកងទ័ពចេញនោះ នៅលើភ្នំដងរែក និងមានចម្ងាយ៤០០គីឡូម៉ែត្រប៉ែកខាងជើងរាជធានីភ្នំពេញ។
ប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕