កាលពីសប្តាហ៍កន្លងទៅ លោក John Burgess អតីតអ្នករាយការណ៍ព័ត៌មានរបស់កាសែត The Washington Post និងជាអ្នកនិពន្ធសៀវភៅថ្មីមួយឈ្មោះថា «Temple in the Clouds» ឬ«ប្រាសាទនៅក្នុងពពក»ស្តីពីប្រាសាទព្រះវិហារ និងវិវាទអំពីប្រាសាទនេះ បានធើ្វដំណើរទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារជាថ្មីទៀត។
ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើជាយភ្នំដងរែក ជិតព្រំដែននៃប្រទេសថៃ បានក្លាយជាចំណុចកណ្តាលនៃការប្រទាញប្រទង់គ្នារវាងកម្ពុជានិងប្រទេសថៃ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
សព្វថ្ងៃប្រាសាទដ៏ចំណាស់នេះបានត្រឡប់ទៅរកសភាពស្ងប់ស្ងាត់ ដោយមានដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរណ៍ដូចធម្មតាឡើងវិញ។ លោក John Burgess អតីតអ្នករាយការណ៍ព័ត៌មានរបស់កាសែត The Washington Post និងជាអ្នកនិពន្ធសៀវភៅថ្មីមួយស្តីពីប្រាសាទព្រះវិហារ និងវិវាទអំពីប្រសាទនេះ ក៏បានធើ្វដំណើរទស្សនកិច្ចទៅកាន់ប្រាសាទសាជាថ្មីផងដែរ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅឯប្រាសាទនេះ លោកបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលទាំងពីរអាចនឹងពិបាកក្នុងការបង្កើតឲ្យមានស្ថិរភាពដ៏យូរអង្វែងមួយនៅក្បែរប្រាសាទនេះ ពីព្រោះប្រជាជនថៃ និងកម្ពុជានៅតែមានកំសួលអារម្មណ៍យ៉ាងខ្លាំងចំពោះប្រាសាទនេះនៅឡើយ។
ស្ថាបនានៅលើជាយភ្នំម្ខាងនៃជួរភ្នំដងរែក ប្រាសាទព្រះវិហារនៃសតវត្សរ៍១១នេះធ្លាប់ជាចំណុចកណ្តាលនៃអាណាចក្រខ្មែរ។ លោក Burgess អ្នកនិពន្ធសៀវភៅ«Temple in the Clouds» ឬប្រាសាទនៅក្នុងពពក និយាយថា៖
«ប្រាសាទនេះវាមានភាពខុសប្លែកពីប្រាសាទខ្មែរផ្សេងទៀត។ វាសាងសង់ឡើងនៅលើកំពូលភ្នំធម្មជាតិដ៏ធំ និងបានសាងសង់ឡើងដោយក្សត្រខែ្មរជាច្រើនអង្គ។ វាត្រូវបានស្ថាបនាតាមទិសជើងត្បូង និងមានរាងជាបន្ទាត់ត្រង់ដ៏វេង មិនមានជាងរាងការ៉េ ដូចប្រាសាទភាគច្រើនទេ»។
ប្រាសាទនេះគឺធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសាសនា។
លោក Burgessបានឲ្យដឹងថា ដូនតាខ្មែរបានប្រើប្រាស់ថ្មភក់ភ្នំដែលនៅលើភ្នំធម្មជាតិនោះដើម្បីសាងសង់ប្រាសាទ ដែលសព្វថ្ងៃក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោក។
«នៅពេលដែលប្រាសាទនេះត្រូវបានសាងសង់ឡើងកាលពីមួយពាន់ឆ្នាំមុន ប្រាសាទនេះស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីនៃចក្រភពខ្មែរ។ ដោយសារតែការផ្លាស់ប្តូរព្រំដែនក្នុងរយៈពេលជាច្រើនសតវត្សរ៍នេះ វាក៏បានប្រែជានៅត្រង់ព្រំប្រទល់នៃប្រទេសពីរដែលមិនទុកចិត្តគ្នាគឺប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយប្រាសាទនេះត្រូវកាត់សេចក្តីឲ្យទៅប្រទេសកម្ពុជានាឆ្នាំ១៩៦២។ ក៏ប៉ុន្តែ បញ្ហានៅតែមានជាបន្ត។ មកដល់ពេលនេះ ជម្លោះទឹកដី ដែលស្ថិតនៅជុំវិញប្រាសាទមួយនេះ នៅតែមាន»។
នៅក្នុងឆ្នាំ១៩៦២ តុលាការអន្តរជាតិទីក្រុងឡាអេបានបញ្ជាក់ច្បាស់ថា ប្រសាទនេះស្ថិតនៅក្នុងទឹកដីកម្ពុជា ក៏ប៉ុន្តែជម្លោះទឹកដីនៅជុំវិញប្រាសាទនោះនៅតែបន្ត និងឈានដល់ការប្រឈមផ្នែកយោធាដាក់គ្នារវាងកម្ពុជានិងថៃដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ២០០៨។ នាឆ្នាំ២០១៣ តុលាការអន្តរជាតិក្រុងឡាអេបានកំណត់ថា ប្រទេសកម្ពុជាមានអធិបតេយ្យភាពទឹកដីដែលនៅជុំវិញទីតាំងប្រាសាទនោះ ហើយថៃត្រូវតែដកទ័ព។
ប្រាសាទព្រះវិហារបានវិលត្រឡប់ទៅជាទីទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ។ ភ្ញៀវទេសចរណ៍ ដូចជាលោកហែម សុភារៈ ជាសមាជិកក្រុមវេទិកាអន្តរជំនឿ បានធ្វើដំណើរទស្សនកិច្ចសិក្សាជាមួយក្រុមចម្រុះជាតិសាសន៍ក្នុងតំបន់។ លោកហែម សុភារៈនិយាយថា សន្តិភាពនិងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ប្រាសាទនេះគឺជារឿងល្អសម្រាប់គ្រប់ៗគ្នា។
«ហ្អា ជាយោបល់របស់ខ្ញុំផ្ទាល់ ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលទាំងពីរឲ្យគាត់គិតពីប្រយោជន៍ប្រជាជនជាធំ មុនពេលធ្វើអ្វីមួយ ពីព្រោះធ្វើអីក៏ដោយ អ្នកដែលឈឺចាប់ មិនមែនរដ្ឋាភិបាល ដែលពួកគាត់អង្គុយនៅក្នុងប៊ុយរ៉ូនោះទេ មិនមែនអស់លោកអ្នកនឹងទេ គឺប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ដែលមានបញ្ហា។ ជួនកាលគាត់គេងមិនលក់ ពេលដែលមានគ្រាប់ផ្ទុះផូងផាំងរហូតអញ្ចឹង។ ហើយប្រពន្ធកូនរបស់គាត់បានអ្វីទទួលទាន បើមានបញ្ហាអញ្ចឹង»។
លោក Burgess យល់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីគួរតែរួមសហការគ្នាក្នុងការបន្ធូរបន្ថយភាពជាតិនិយមជ្រុលដែលអាចនាំដល់ជម្លោះដូចអតីតកាល។
«វាមិនមែនជាអ្វីដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរអាចធ្វើបានតាមរយៈការចរចា និងកិច្ចព្រមព្រៀងនោះទេ ពីព្រោះនៅតែមានកំសួលយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ»។
លោកបានបន្តថា៖«អ្នកខ្លះឲ្យយោបល់ក្នុងការបង្កើតសៀវភៅប្រវត្តិសាស្ត្ររួម ដូចប្រទេសបារាំង និងអាលឺ្លម៉ង់ ដែលបានឯកភាពធ្វើសៀវភៅរួមគ្នា ហើយសៀវភៅនេះត្រូវបានគេបង្រៀននៅតាមសាលានានា ហើយកូនចៅរបស់ជនជាតិអាល្លឺម៉ង និងបារាំងបានរៀនប្រវត្តិសាស្ត្រតែមួយ»។
លោកបានបន្តទៀតថា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងដំណើរទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យបានច្រើន ក៏ជាវិធីសាស្ត្រមួយល្អដើម្បីឲ្យប្រជាជាតិទាំងពីរសិក្សាពីសារៈសំខាន់នៃប្រាសាទនេះផងដែរ៕