ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅភ្នំពេញ អគារខ្ពស់ៗរីកស្គុសស្គាយ តែនៅឡើយសួនសាធារណៈបៃតង


ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

កំពុង​រុញ​រទេះដឹកកូនប្រុស​អាយុ​ ១១ ខែ ដើរកម្សាន្ត​ក្នុងសួន​បរិវេណបុរី​ប៉េងហួត នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ លោក ឡុង ពុធដាណូ បានរៀបរាប់​ថា ​ លោក​តែងនាំ​កូន​ប្រុសទៅ​លេង​សួន​ដែល​មាន​ដើមឈើ និង​សួន​ពណ៌បៃតង​ក្នុង​បុរី​នេះ ស្ទើ​តែ​រៀងរាល់​សប្តាហ៍។​

បុរស​វ័យ​ ៣១ ​ឆ្នាំរូបនេះ លើកឡើង​ថា៖ «ចំពោះអារម្មណ៍ទាក់ទង​នឹង​នាំ​កូន​មកលេង​កន្លែង​សួន​បៃតង​មានទឹក​មានអី​ វាធ្វើឱ្យ​អារម្មណ៍​យើង​វាស្រស់ស្រាយ ហើយ​ជ្រះ​ស្រឡះ​ជាមួយ​នឹង​ការងារ ​ដែល​យើង​ធ្វើ​នៅ​កន្លែងការងារ វាស្រ្តេសវាអី វាអាច​ជួយ​បាន​ច្រើន ធ្វើ​ឱ្យ​យើង​រីករាយ»។​

ទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាពលរដ្ឋយ៉ាង​ហោច​ណាស់ជាង ២ លាន ២ សែននាក់​ កំពុងរស់នៅ​។ ស្របពេលដែលទីក្រុងពាណិជ្ជកម្ម​និងទេសចរណ៍មួយនេះ​កំពុងត្រូវ​បាន​ពង្រីក​ឱ្យកាន់តែធំទៅៗ និងមានអគារ​ខ្ពស់ស្កឹមស្កៃ​កាន់​តែ​ច្រើន​ គេ​ឃើញ​ថា សួន​សាធារណៈ​ពណ៌​បៃតងដែលមានអត្ថប្រយោជន៍ដល់សុខភាពសាធារណៈ ​នៅ​តែមាន​តិចតួច​ខ្លាំង សម្រាប់ប្រជាជ​នដូច​ជា​លោក ពុធដាណូ​ ​ក្នុងការ​សម្រាក​លម្ហែ​និង​ជួយ​ពង្រឹង​សុខុមាលភាព​របស់​ពួកគេ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក ចេញ​កាលពី​ឆ្នាំ​ ២០១៦ ស្តី​អំពីទីធ្លាបៃតងក្នុង​ទីក្រុង និង​សុខភាព បញ្ជាក់​ថា ទីធ្លា​បៃតងមាន​អត្ថប្រយោជន៍​ចំពោះសុខភាព​សាធារណៈ​យ៉ាង​ច្រើន​ ដូចជាការសម្រាកផ្លូវចិត្ត និង​ការ​កាត់​បន្ថយភាពតានតឹង ការពង្រឹងសកម្មភាពរាងកាយ ​ការកាត់​បន្ថយ​ផល​ប៉ះពាល់ពីការបំពុលបរិយាកាស កម្តៅ​ខ្លាំង និងសំឡេង​រំខាន ក៏​ដូចជា​កត្តា​បង្ក​គ្រោះថ្នាក់​ផ្សេងទៀត​នៅក្នុងបរិស្ថានទីក្រុង។

កំពុង​លើក​បីកូន​ពរ ​ លោក ឡុង ពុធដាណូ ថ្លែង​ប្រាប់​វីអូអេថា លោក​ចង់​ឃើញរាជធានីភ្នំពេញ​មាន​សួន​ឧទ្យាន​សាធារណៈច្រើន ​ដើម្បីអាច​ឱ្យប្រជាជនសម្រាកលម្ហែ និង​កម្សាន្ត​ ជាពិសេស​សម្រាប់​ក្មេងៗអាច​រត់លេងបាន​។​

លោកថ្លែងថា៖ «​ខ្ញុំ​អត់ដឹងថា ​រដ្ឋាភិបាល​គាត់បានគិត​គូរ​ពីបញ្ហាហ្នឹង​ដែរ​ ឬក៏អត់ទេ ប៉ុន្តែ​គ្រាន់តែថាក្នុងចិត្ត គឺចង់​ឱ្យ​មាន​ច្រើន​កន្លែង ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​សម្រាក​លម្ហែ​កាយ​ មានកន្លែងទៅ ពីព្រោះ​ទាំងអស់​ហ្នឹងជា​កន្លែង​សាធារណៈ​មួយ​ដែរ ហើយ​ទោះបីយើង​ត្រូវការញ៉ាំ ឬក៏​មិន​ញ៉ាំ​ក៏​គ្មាន​បញ្ហា​ យើងគ្រាន់តែទៅលេង»។

លោក ឡុង ពុធដាណូ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងរុញកូនដើរកម្សាន្តនៅសួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ឡុង ពុធដាណូ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងរុញកូនដើរកម្សាន្តនៅសួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រដៀង​នឹង​លោក ពុធ​ដាណូ ដែរ អ្នកស្រី សេង សុភា ដែលជា​អ្នក​រស់​នៅ​ក្នុង​សង្កាត់​ចោមចៅ ​លើកឡើង​ដែរថា ស្ទើ​តែរៀងរាល់​សប្តាហ៍ អ្នកស្រី​និង​ស្វាមី​តែង​ស្វែង​រក​សួន​ដែល​មាន​ដើម​ឈើ មាន​ទឹក ដើម្បី​នាំ​កូន​ទៅកម្សាន្ត។

អ្នកស្រីថ្លែងថា៖ «​ខ្ញុំនៅ​ខាង​ចោមចៅ ឧស្សាហ៍​នាំ​មកដែរហ្នឹង​ណា៎! ជួនកាល​ថ្ងៃអាទិត្យអី មួយអាទិត្យ​ ថ្ងៃអាទិត្យ​អី​នាំ​មក​លេង ព្រោះ​អី​មើលទៅ​ទេសភាព​ស្អាត។ ទេសភាព​ស្អាត ណាមួយ​កូន​ចង់​មកទៀត»។

អ្នកស្រី​បញ្ជាក់ទៀតថា ក្រៅពី​សួន​នៅ​ក្នុង​បុរី​ប៉េង​ហួត គឺមាន​តែ​សួន​ច្បារ​មុខ​វាំង និង​ផ្សារ​ទំនើប​តែ​ប៉ុណ្ណោះ ដែល​អ្នកស្រី​អាច​នាំ​កូន​ដើរ​កម្សាន្ត​បាន​។

យោងតាមអង្គការសុខភាពពិភពលោក ទីក្រុងនីមួយៗគួរតែមានផ្ទៃដីបៃតងយ៉ាងតិច ​៩​ម៉ែត្រ​ការ៉េ សម្រាប់មនុស្សម្នាក់ៗ ដែលជាប្រភពដ៏សំខាន់មួយនៃខ្យល់​អុកស៊ីហ្សែន។ ប៉ុន្តែ​សម្រាប់រាជធានីភ្នំពេញ ទីធ្លា​សាធារណៈមានតិចជាង ១ម៉ែត្រការ៉េ សម្រាប់​មនុស្ស​ម្នាក់។ នេះបើ​តាម​របាយការណ៍​ស្តីពីការ​កែប្រែ​រាជធានី​ភ្នំពេញទៅជាទីក្រុង​ប្រសើររបស់​អង្គការ UNDP ចេញកាល​ពី​ខែសីហា ឆ្នាំ​ ២០២១។

របាយការណ៍​ដដែលឱ្យដឹងទៀត​ថា ទីធ្លា​សាធារណៈនៅភ្នំពេញបានធ្លាក់ចុះពី ១,១ ម៉ែត្រ​ការ៉េ​ក្នុង​ម្នាក់ នៅឆ្នាំ​ ២០១៤ មក​នៅ​ត្រឹម ០,៦៧ ម៉ែត្រការ៉េ​ក្នុង​ម្នាក់ ​ក្នុង​ឆ្នាំ​ ២០២០ ដែល​តួលេខ​នេះ​បង្ហាញ​ថា ទីធ្លា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​មាន​តិច​ជាង​នៅ​ទីក្រុងផ្សេងទៀត​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​។ ក្នុងនោះ ប្រទេសសិង្ហបុរី​ជា​មធ្យម​មាន​ទីធ្លា​សាធារណៈ​ចំនួន​ ៧,០៤​ម៉ែត្រការ៉េក្នុងម្នាក់ ទីក្រុង​សេអ៊ូល​មាន​ ១៤,៦៦ ​ម៉ែត្រការ៉េក្នុងម្នាក់ ទីក្រុងហូជីមិញមាន ​១៣,៧ម៉ែត្រការ៉េក្នុងម្នាក់ ចំណែក​ទីក្រុងបាងកក​មាន​ប្រហែលជា​ ៧ម៉ែត្រការ៉េក្នុងម្នាក់

កញ្ញា សាត ម៉ារី ពលរដ្ឋ​ម្នាក់​រស់នៅ​រាជធាននី​ភ្នំពេញ និង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ទីក្រុង​បាង​កក ប្រទេស​ថៃ ​និង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លើកឡើង​ថា នៅ​ពេល​ដែល​កញ្ញា​ឈាន​ជើង​ដល់​ទីក្រុង​នៃ​ប្រទេស​ទាំងពីរនោះ អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍ គឺ​សួន និង​ឧទ្យានពណ៌បៃតង​ច្រើន។

កញ្ញាថ្លែងថា៖ «ពេល​ដែល​ខ្ញុំ​ទៅស្រុកទាំងពីរ​ហ្នឹង​លើកដំបូង អ្វី​ដែល​ខ្ញុំ​ចាប់​ភ្លឹក​តាំង​ពី​ចុះ​ពី​យន្ត​ហោះ ហើយ​ក្រឡេក​ឃើញ​សួន មិនថាជាសួន​កម្សាន្ត ឬសួន​ឧទ្យាន​ទេ ខ្ញុំ​ឃើញ​ការ​ដែល​គេ​រក្សា​ដើម​ឈើ​នៅតាម​ផ្លូវ​ មិនថា​ទីប្រជុំ​ជន​សំខាន់ទេ​ បានន័យ​ថា​ នៅ​តាម​សង្កាត់​តូច​មួយ ​ក៏​គេ​មាន​រក្សា​ដើមឈើ​នៅ​តាម​ដង​ផ្លូវ​ និង​ច្នៃ​សួន​មាន​របៀប​រៀប​រយ»។

ក្រឡែកមកទីក្រុង​ដែលកញ្ញាកំពុងរស់នៅវិញ កញ្ញាថ្លែង​ថា ​រាជធានី​ភ្នំពេញ​មាន​សួន​សាធារណៈ​តិចតួចណាស់ ដែលពិបាកសម្រាប់​កញ្ញា​ និង​ក្រុម​គ្រួសារសម្រាក​លម្ហែ​។ កញ្ញា​រំពឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញនឹងរៀបចំ​ទីកន្លែង​សាធារណៈ ​ដែល​មាន​សួន​ពណ៌បៃតងនៅ​គ្រប់​ខណ្ឌ និង​ទីតាំង​គោលដៅ​សំខាន់ៗ។​

កញ្ញាលើកឡើងថា៖ «សង្ឃឹម​ថា ​បើ​សិន​យើង​បង្កើត​នៅ​តាម​ឃុំ​សង្កាត់ ភូមិ ខណ្ឌ ដូចជា​សួន​កម្សាន្ត​តំបន់​គោល​ដៅ​សំខាន់ៗ ដូចថា​ខណ្ឌ​នៅក្នុង​រាជធានីភ្នំពេញ​មាន​ប៉ុន្មាន​ មាន​សួន​ឧទ្យាន​បៃតង​សម្រាប់​ខណ្ឌ​ធំៗ​ទាំងអស់​នោះ។ ដើម្បី​អ្វី? គឺ​ដើម្បី​ថា ​ប្រជាជន​មូលដ្ឋានគាត់​អាចអញ្ជើញ​ទៅ​លម្ហែជាមួយ​គ្រួសារ​កូន​ចៅ​ នៅ​ព្រឹក​ព្រលឹមមុន​ចេញទៅធ្វើការ ក៏​ដូចជា​ពេល​គាត់​ចេញ​ពីធ្វើការ​គាត់​អាច​ទៅសួន​កម្សាន្ត​នៅ​ជិត​ផ្ទះគាត់​បំផុត»។

នៅរាជធានី​ភ្នំពេញ គេ​ឃើញ​មាន​សួន​ច្បារ​មួយ​ចំនួន ប៉ុន្តែ​មិនមាន​ឧទ្យាន​ធំៗដែល​អាចឱ្យ​ប្រជាជន​សម្រាក​លម្ហែនោះទេ។ សួនសាធារណៈ​មាន​ដើមឈើ​ធំៗ​ដែល​ប្រជាជន​អាច​ប្រើប្រាស់​បាន​មានចំនួន​តិចតួច​ ដូចជារមណីយដ្ឋាន​វត្តភ្នំ សួន​ខាង​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សួន​ក្នុង​បរិវេណ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ជាដើម​។

រូបឯកសារ៖ មនុស្សជាច្រើន​មក​កម្សាន្ត​នៅ​សួន​ខាងមុខ​ព្រះបរមរាជវាំងអំឡុង​ពេល​ជំងឺកូវីដ​១៩កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​ល្ងាច​ថ្ងៃសៅរ៍​ទី​០៤ កក្កដា​ ឆ្នាំ២០២០ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ មនុស្សជាច្រើន​មក​កម្សាន្ត​នៅ​សួន​ខាងមុខ​ព្រះបរមរាជវាំងអំឡុង​ពេល​ជំងឺកូវីដ​១៩កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​ល្ងាច​ថ្ងៃសៅរ៍​ទី​០៤ កក្កដា​ ឆ្នាំ២០២០ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

រូបឯកសារ៖ មនុស្ស​ម្នា​អង្គុយនៅ​សួន​ច្បារ​មាត់ទន្លេ​អំឡុង​ពេល​ជំងឺកូវីដ​១៩កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​ល្ងាច​ថ្ងៃសៅរ៍ ​ទី​០៤ កក្កដា​ ឆ្នាំ២០២០ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ មនុស្ស​ម្នា​អង្គុយនៅ​សួន​ច្បារ​មាត់ទន្លេ​អំឡុង​ពេល​ជំងឺកូវីដ​១៩កំពុង​រាតត្បាត​ពិភពលោក នៅ​ពេល​ល្ងាច​ថ្ងៃសៅរ៍ ​ទី​០៤ កក្កដា​ ឆ្នាំ២០២០ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

បើ​តាម​របាយការណ៍​ស្តីពីការ​កែប្រែ​រាជធានី​ភ្នំពេញទៅជាទីក្រុង​ប្រសើររបស់​អង្គការ UNDP ទីក្រុងភ្នំពេញ មានទីកន្លែងសាធារណៈចំនួនប្រមាណ ៨៧ កន្លែងប៉ុណ្ណោះ។ របាយការណ៍ដដែលឱ្យដឹង​បន្ថែម​ថា​ រាជធានី​ភ្នំពេញ​មានដង់ស៊ីតេ​ដើមឈើ​ទាប ជាពិសេស​នៅ​តំបន់​ជាយ​ក្រុង។ គិតត្រឹមឆ្នាំ ២០១៨ រដ្ឋា​ភិបាលបាន​ចុះប​ញ្ជី​ដើមឈើ​តាម​ដង​ផ្លូវ​ចំនួន ៤២.០៣០​ដើម នៅតាមផ្លូវចំនួន ៣៨២ ​ក្នុង​ក្រុងតែប៉ុណ្ណោះ។ ហើយផ្លូវប្រហែល ៥០ ក្នុង​ចំណោម​ផ្លូវ​ទាំងអស់​នោះ មានដើមឈើតិចជាង ១០ ដើម​ក្នុងផ្លូវនីមួយៗ។

លោក ស៊ឹម បូវិសាល អ្នកជំនាញ​ផែនការ​ក្រុង និង​ជា​មន្ត្រីសម្របសម្រួល​នៅ​អង្គការ​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាស​ធាតុកម្ពុជា លើកឡើងថា​ ទីធ្លាសាធារណៈ​បៃតង មានសារៈសំខាន់ខ្លាំង​សម្រាប់​សាធារណ​ជន ដោយ​វាអាចត្រូវបាន​ប្រើប្រាស់​ជា​កន្លែងកម្សាន្ត វប្បធម៌ សួនកុមារ បង្កើន​សកម្មភាព​អាជីវកម្ម និង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង និង​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

លោក ស៊ឹម បូវិសាល ថ្លែងបន្ថែម​ថា៖ «ទីធ្លា​សាធារណៈ​ពណ៌​បៃតង​ក្នុង​កម្រិត​ជាក់លាក់​មួយ​អាច​ត្រង​គុណភាពខ្យល់ លំហូរខ្យល់​ក្នុង​ទីក្រុង កាត់បន្ថយ​ការ​បំពុលបរិយាកាស​ និង​កាត់បន្ថយ​ឥទ្ធិពល​កម្តៅ​ក្នុង​ទីក្រុងអំឡុងពេលថ្ងៃក្តៅ។ ក្រៅពីនេះ វាដើរតួជាអេប៉ុងសម្រាប់ស្រូប និង​ស្តុក​ទឹក​ភ្លៀង​ធំៗ អំឡុងពេលទឹកហូរ ដែលមានន័យថា ជា​ការកាត់បន្ថយ​ទឹក​ជំនន់​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់ និង​ធានា​បាននូវគុណភាពទឹកនៅកម្រិតជាក់លាក់មួយ មុន​ពេល​បញ្ចប់​នៅ​រោងចក្រ​ប្រព្រឹត្តកម្ម ឬ​ហូរទៅ​កាន់​ទន្លេ»។

ការសិក្សាមួយផ្សេងទៀត​ដែល UNDP បាន​លើកឡើងក្នុង​របាយការណ៍​ខាងលើនោះ​ ក៏បង្ហាញ​ថា ដើមឈើ​ទាំងមូល​ដែល​មានកម្ពស់ ១២​ម៉ែត្រ និង​ទម្ងន់​ ២តោន​ អាច​ផលិត​អុកស៊ីហ្សែនបាន ១០០ គីឡូ​ក្រាម​ក្នុង​មួយឆ្នាំ ចំណែ​ក​មនុស្ស​ត្រូវការ​អុកស៊ីហ្សែន ៧៤០​គីឡូក្រាម ក្នុងមួយឆ្នាំ ដើម្បីដកដង្ហើម។ នេះមាន​ន័យ​ថា មនុស្សម្នាក់​ត្រូវ​ការដើមឈើ​ប្រ​ហែល​ប្រាំបីដើម ​ដើម្បី​ផលិត​អុកស៊ីហ្សែន​សម្រាប់​ពួកគេ។ ក្នុង​ករណី​ទីក្រុង​ភ្នំពេញ​ ដែលមាន​ប្រជាជន​ប្រមាណ ២,២ លាន​នាក់រស់នៅ បើគិតត្រឹម​ឆ្នាំ ២០១៩ ទីក្រុង​នេះអាច​នឹង​ត្រូវ​ការ​ដើមឈើ​ជាង ១៧ លាន​ដើម​ដើម្បី​ផលិត​អុកស៊ីហ្សែនឱ្យបានគ្រប់គ្រាន់។

លោក សែស អរុណសក្តា អ្នកស្រាវជ្រាវ​ប្រចាំ​វេទិកា​អនាគត លើកឡើងថា នៅ​ពេល​ដែល​ទីក្រុង​មិនមាន​សួន​សាធារណៈពណ៌បៃតង​គ្រប់គ្រាន់ នោះ​វានឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាជន ជាពិសេស​កុមារ​តូចៗ និង​មនុស្ស​វ័យ​ចំណាស់ ដែល​បណ្តាលមក​ពីអាកាសធាតុជុំវិញ និង​ក្នុង​ទីក្រុង​។

«ទី១ សីតុណ្ហភាពក្តៅ ទី២ ​គុណភាព​ខ្យល់​ដកដង្ហើម​មិនសូវ​ល្អ​ ទី៣ សំឡេង​បំពុលជាដើម​ហ្នឹង គឺ​វា​កើតឡើង។ បើយើង​មើល​សម្រាប់​ប្រជាជន​ផ្ទាល់ គឺគាត់​បាត់​បង់​កន្លែងសម្រាប់​គាត់​ធ្វើ​ការប្រាស្រ័យ​ ឬកន្លែង​គាត់​លម្ហែកាយជាដើម​ហ្នឹង​។​ ទី​២ ទីក្រុង​ដែល​ខ្វះ​ខាត​ទីធ្លា​សាធារណៈ វាបាត់​បង់​ឱកាស​មួយ​ដើម្បីបង្កើត​ភាព​ជាសហគមន៍»។

លោក សែស អរុណ​សក្តា បកស្រាយបន្ថែម​ពី​ផល​ប៉ះពាល់​លើ​កុមារ និង​មនុស្ស​វ័យ​ចំណាស់​ថា៖ «បើ​យើងគិត​ទៅដល់កុមារៗ​វិញ គឺពួកគាត់​បាត់​បង់​កន្លែងសម្រាប់ពួកគាត់​ដើម្បី​លេង ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់ការ​លូត​លាស់​របស់​ពួកគាត់។ ​ហើយ​កង្វះ​ខាត​ទីធ្លា​សាធារណៈនេះ ក៏មាន​ផល​ប៉ះពាល់​ទៅដល់​សុខភាព​របស់ចាស់​ជរា ក៏​ដូចជាអ្នក​ដែល​មាន​សុខភាព​ខ្សោយ​ដែរ។​ សម្រាប់​យើង​អ្នកមាំមួន យើង​ប្រហែល​ជាមិនសូវអីទេ តែ​សម្រាប់​អ្នកដែល​គាត់​ខ្សោយ អ្នកដែល​ងាយ​អាលែក្ស៊ី ឬក៏​ចាស់ជរាជាដើម​ហ្នឹង ដូចថា​ផ្សែងបំពុល សីតុណ្ហភាព​ក្តៅ ឬក៏​គុណភាព​ខ្យល់​ដក​ដង្ហើម​ដែលមិនសូវ​ល្អ​ហ្នឹង គឺ​ប៉ះពាល់​ដល់​ពួកគាត់​ខ្លាំងមែន​ទែន»។​

ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ទិដ្ឋភាពរបស់សួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី សេង សុភា ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងដើរកម្សាន្តនៅសួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី សេង សុភា ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងដើរកម្សាន្តនៅសួនមួយកន្លែងក្នុងបុរីប៉េងហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

បើតាម​លោក សែស អរុណសក្តា រដ្ឋាភិបាល​គួរ​តែ​ផ្តោត​លើ​ការ​បង្រួម​ទីក្រុង ដោយ​បង្កើត​ទីក្រុង​មាន​ចំនួន​ប្រជាជន​ខ្ពស់ ដែល​មានចំនួន​១៥,០០០​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​ងាយស្រួល​ក្នុងកា​រ​ធ្វើ​ដំណើរទៅធ្វើការ និង​ទៅរក​សេវាកម្ម​ផ្សេងៗ។​ លោក​ថា រដ្ឋាភិបាល​ក៏​គួរ​មាន​ផែនការ​មេដែលជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ដីចម្រុះ​ ដោយ​ផ្តល់​សេរីភាព​ដល់​ពលរដ្ឋក្នុង​ការ​ជ្រើសរើសបែបបទ​នៃការ​រស់​នៅ និង​ប្រកប​អាជីវកម្ម​ និងគួរ​បង្កើតគោល​នយោបាយ​ចល័តភាព​ទីក្រុង ដោយ​ជៀសវាង​ការ​ប្រើប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន ហើយងាក​មកដើ​រ ជិះ​កង់ និង​ប្រើប្រាស់​សេវាដឹកជញ្ជូន​សាធារណៈវិញ។

លោក​ សែស អរុណសក្តា បន្ថែម​ថា សម្រាប់​វិស័យឯកជន​ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យ ឬគម្រោង​ផ្សេងៗ​ ​គួរតែ​ចូលរួម​គោរព​តាមច្បាប់​នគរូបនីយកម្ម និង​បង្កើន​ទីធ្លា​សាធារណៈ​ក្នុង​គម្រោងរបស់ខ្លួន​ ដែល​អាច​ឱ្យ​ប្រជាជន​ទូទៅប្រើប្រាស់​បាន​ច្រើន​។

គិត​ត្រឹម​ឆ្នាំ​ ២០២២ សួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ មាន​សរុបចំនួន ១២១ ទីតាំង ស្មើនឹង ១,០០៤,២៣៣ម៉ែត្រការ៉េ។ នេះ​បើ​តាម​ការ​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​ព័ត៌មាន

លោក កើត ឆែ អភិបាល​រង​សាលារាជធានី​ភ្នំពេញ ​លើកឡើង​ថា បច្ចុប្បន្ន​សាលារាជធានី​ភ្នំពេញ​កំពុង​មានគម្រោង​បង្កើត​សួន​សាធារណៈបន្ថែម​ជាបន្ត​បន្ទាប់​នៅ​តំបន់​ជាយ​ក្រុង​ ប៉ុន្តែ​លោក​មិន​អាច​កំណត់​ថា​មាន​ចំនួន​ប៉ុន្មាន​នោះទេ។

«យើងឃើញ​គេ​កំពុង​សាងសង់​សួន​មួយ​នៅ​តាម​ផ្លូវ​ហាណូយ​។ ក្មួយ​ឃើញ​ហើយ។ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា យើង​ត្រូវ​ធ្វើ​តាមកម្រិតប្រទេស​យើងទើបបើក​អំពី​កូវីដ ហើយ​យើង​កំពុង​ជួយ​ជីវភាព​ប្រជាជន ព្រោះ​ជីវភាព​ប្រជាជន​សំខាន់ជាងនៅ​ពេល​ដែល​យើង​មាន​វិបត្តិ​កូវីដ។ ហើយ​ក្រោយ​យើង​ជួយ​ជីវភាព​ប្រជាជន​ ប្រទេស​យើង​មានការ​រីក​ចម្រើន​ឡើង​វិញ យើង​នឹង​បន្ត​ពង្រីក​សួន​សាធារណៈនៅ​តាម​តំបន់​ជាយ​ក្រុង​បន្ថែម​ទៀត»។

ខណៈរដ្ឋបាលគ្រប់គ្រងក្រុង​ភ្នំពេញ​កំពុងមមាញឹក​នឹង​កិច្ចការ​និង​បញ្ហា​ប្រឈម​ក្នុង​ក្រុង​ផ្សេងទៀត ប្រជាជនដូចជាលោក ឡុង ពុធដាណូ ​អ្នកស្រី សេង សុភា​ និងកញ្ញា សាត ម៉ារី​ មានតែបន្ត​រង់ចាំទៀត ​រហូតដល់​មានកិច្ចប្រឹងប្រែង​បន្ថែមពី​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​សួន​បៃតង​សាធារណៈដែលពួកគេ​រំពឹងចង់បាន៕

XS
SM
MD
LG