នៅថ្ងៃអង្គារនេះ អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមួយចំនួនបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលក្នុងនោះមានទាំងច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រផងដែរ ដោយពួកគេបាននិយាយថា ការធ្វើវិសោធនកម្មនេះមានលក្ខណៈមិនច្បាស់លាស់ និងមិនស្របតាមបទដ្ឋានអន្តរជាតិ។
កាលពីសប្ដាហ៍មុន រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រ និងបានធ្វើវិសោធនកម្មមួយចំនួនចំពោះច្បាប់រដ្ឋធម្មនុញ្ញ។ ករណីនេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្សនានាមានការព្រួយបារម្ភ ដោយពួកគេបានបញ្ជាក់ថា ច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រ និងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាំងនេះអាចត្រូវគេប្រើដើម្បីប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។
អ្នកស្រី Rhona Smith និងលោក David Kaye ដែលអ្នកទាំងពីរជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «យើងខ្ញុំជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការវាយតម្លៃឡើងវិញឲ្យបានហ្មត់ចត់និងពេញលេញចំពោះសេចក្ដីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាថា ការធ្វើវិសោធនកម្មទាំងនេះស្របទៅតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
អ្នកជំនាញអង្គការសហប្រជាជាតិទាំងពីរបានបន្ថែមទៀតថា ការធ្វើវិសោធនកម្មដែលបានស្នើឡើងទាំងនោះប្រើ «ពាក្យបច្ចេកទេសទូលំទូលាយពេក ហើយត្រូវការភាសាជាក់លាក់ជាងនេះដើម្បីស្របទៅតាមបទដ្ឋានអន្តរជាតិ»។
ច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រនេះចែងថា អ្នកដែលមានទោសអាចប្រឈមនឹងការជាប់ពន្ធនាគារពីមួយឆ្នាំទៅ ៥ ឆ្នាំ និងផាកពិន័យចាប់ពី ២ លានរៀលរហូតដល់ ១០ លានរៀល៕