ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​អ.ស.ប.​កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ឲ្យ​ស្វែងរក​ក្រុម​ម៉ុងតាញ៉ា


ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters
ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្តី​បន្ទោស​ដល់​អភិបាល​ខេត្ត​រតនគីរី​ថា​ គ្មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ដល់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចុះ​រុក​រក​ជនជាតិ​កុល​សម្ព័ន្ធ​ភ្នំ​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រី Wan Hea Lee​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​ VOA តាម​សារ​អេឡិកត្រូនិក ​ឬ អ៊ីម៉ែល​មក​ថា ​អ្នក​ស្រី​បាន​ទៅ​ដល់​ខេត្ត​រតនគីរី​ហើយ ​ក៏ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​ព័ត៌មាន​អ្វី​បន្ថែម​ទេ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា ​ទាក់​ទិន​នឹង​ឆន្ទៈ​របស់​អភិបាល​ខេត្ត​ គឺ​មិន​បាន​ផ្តល់​សិទ្ធិ​សុវត្ថិភាព​ពិសេស​ណា​មួយ​ក្នុង​ការ​រុក​រក​របស់​ជន​ជាតិ​ភ្នំ​វៀតណាម​នោះ​ទេ។​

​លោក​ ថង សាវ៉ុន​ អភិបាល​ខេត្ត​រតនគីរី នៅ​តែ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​និយាយ​ថា ​កំពុង​ជាប់​ប្រជុំ។

«ខ្ញុំ​កំពុង​ជាប់​ប្រជុំ​ សុំ​អធ្យាស្រ័យ​បង»។​

កាល​ពី​ថ្ងៃ​អង្គារ​ ​អាជ្ញាធរ​ខេត្ត​រតនគីរី​ បាន​បើក​កិច្ច​ប្រជុំ​មួយ​ ជាមួយ​នឹង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិដើម្បី​រក​មធ្យោបាយ​ ក្នុង​ការ​ស្វែង​រក​ជន​ជាតិ​ភាគ​តិច​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​

ក្រោយ​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង​មួយ​ម៉ោង​ អាជ្ញាធរ​ខេត្ត​រតនគីរី​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភាគ​តិច​ភ្នំ​ វៀតណាម​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​ នៅ​ក្នុង​ព្រៃ​នៃ​ទឹក​ដី​កម្ពុជាទេ។​

ក្រុម​អាជ្ញាធរ​បាន​ទាម​ទារ​ឲ្យ​មាន​លិខិត​ពី​ក្រសួង​ការ​បរទេស​ និង​មាន​ការ​ចាត់​តាំង​ពី​ប្រមុខ​រដ្ឋាភិបាល​ ទើប​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភ្នំ​ ម៉ុងតាញ៉ា​ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី។​ ​

លោក​ កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៏​ថា​មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ចុះ​ទៅ​ដល់​ខេត្ត​រតនគីរី​ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​ក្រសួង​ការ​បរទេស​ជាមុន​ទេ។ ​លោក​បាន​បញ្ជាក់​ថា​ ក្រសួង​ការ​បរទេស​មិន​បាន​ដឹង​អ្វី​ទាក់ទិន​និង​អង្គការ​សហ​ប្រជាជាតិ​ចុះ​ទៅ​ខេត្ត​រតនគីរី។​

លោក​មាន​ប្រសាសន៏​ថា៖​ «កន្លង​មក​បើ​សិន​ជា​មាន​កិច្ចការងារ​អ្វី​ផ្សេងៗ​គេ​តែង​តែ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក​ សហការ​គ្នា​ទៅ​វិញ​ទៅ​មក។​ករណី​នេះ​ដែល​ក្រុម​អង្គការ​សហ​ប្រជាជាតិ​គេ​ចុះ​ទៅ​រតនគីរី​កន្លង​មក​នេះ​គឺ​គេ​អត់​បាន​ជូន​ព័តមាន​ ឬ​ជូន​ដំណឹង​ដល់​យើង​សោះ»។​

លោក​ ឆាយ ធី​ អ្នក​សម្រប​ស្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​មាន​ប្រសាសន៍​ថា ជនជាតិ​ភាគ​តិច​ភ្នំ​វៀតណាម​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​បរិភោគ​និង​ជំងឺ​ផ្សេងៗ។​

លោក​បាន​បញ្ជាក់​ថា ​ដោយ​សារ​តែ​ការ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​យូរ​ពេក​ ជន​ជាតិភ្នំ​ ​ម៉ុងតាញ៉ា​ទាំង​នោះ​គ្រោង​ថា​និង​សំរុក​ចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ។​

លោក​និយាយ​ថា៖ ឃើញ​ថា​ជំហរ​របស់​ជន​ភៀស​ខ្លួន​គាត់​ប្រថុយ​ប្រថាន​ គាត់​ថា​ធ្វើ​យ៉ាង​ណា​ទោះ​បី​ជា​គាត់​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​ត្រូវ​តែ​ចាក​ចេញ​ពី​ព្រៃ​ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​យូ អ៊ីន​»។​

ជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំវៀតណាម​ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ មាន​គ្នា​ ទាំងអស់​សរុប ​១៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ ដែល​បាន​រត់​ចេញ​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម ​បាន​ភៀស​ខ្លួនពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​ ខាង​ផ្នែក​សេរីភាព​សាសនា​ សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​ និង​សិទ្ធិ​ដីធ្លី​ ​ហើយ​មក​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជាអស់​រយៈពេល​ជាង​បី​សប្តាហ៍​មក​ហើយ។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ទាំង​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការ​បរទេស​នៅ​តែ​បដិសេធ​ថា​មិន​មាន​វត្តមាន​ជនជាតិ​ភាគ​តិច​ភ្នំ​វៀតណាម​ណា​មួយ​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា​ទេ៕

XS
SM
MD
LG