ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសហប្រជាជាតិថា ក្រុមតាលីបង់​បណ្តេញ​បុគ្គលិកជាស្ត្រី៦០០នាក់ពីការងារដោយ​ចោទថាបំពាននឹងបម្រាម


រូបឯកសារ៖ ទាហាន​តាលីបង់​ម្នាក់​យាម​ល្បាត​ ខណៈ​ស្ត្រី​អាហ្វហ្គានីស្ថាន​រង់ចាំ​ទទួល​របប​អាហារ​ដែល​ចែកចាយ​ដោយ​ក្រុម​ជំនួយ​មនុស្ស​ធម៌ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហាន​តាលីបង់​ម្នាក់​យាម​ល្បាត​ ខណៈ​ស្ត្រី​អាហ្វហ្គានីស្ថាន​រង់ចាំ​ទទួល​របប​អាហារ​ដែល​ចែកចាយ​ដោយ​ក្រុម​ជំនួយ​មនុស្ស​ធម៌ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា​ថា​ រដ្ឋាភិបាល​តាលីបង់​ក្នុង​ប្រទេសអាហ្គានីស្ថាន​ដ៏​ក្រីក្រ​ បានបង្ខំ​ស្ត្រី​រាប់រយនាក់​មិន​ឱ្យ​ធ្វើការងារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​ចោទ​ប្រកាន់ថា​ ពួក​គេ​មិន​បាន​គោរព​តាមបម្រាមនៃច្បាប់​អ៊ិស្លាម​ ដែលត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​លើ​ស្ត្រី​នៅ​ទូទាំង​ប្រទេស។​

បេសកកម្ម​ជំនួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ឬ UNAMA ​បាន​កត់ត្រា​ពីការ​បណ្តេញ​ចេញ​ពី​ការងារ​ នៅ​ក្នុង​របាយការណ៍​សិទ្ធិមនុស្សថ្មីៗ​ចុង​ក្រោយ​របស់​ខ្លួន​ ដែល​ផ្តោត​លើត្រីមាស​ទី ៤ ក្នុង​ឆ្នាំ ​២០២៣​ នៅ​ក្នុង​ប្រទេស​មួយ​ ដែល​មនុស្ស​រាប់លាន​នាក់​កំពុង​ត្រូវ​ការ​ជំនួយ។

យោង​លើ​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ «អាជ្ញាធរ​តាលីបង់​បន្ត​អនុវត្ត​និង​ប្រកាសរឹតបន្តឹងដល់​សិទ្ធិ​ការងារ​ ការអប់រំ និង​ការដើរ​ហើរ​របស់​ស្រី្ត​» នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​

បេសកកម្ម​ជំនួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​កត់សម្គាល់ថា​ ក្រសួង​ឃោសនា​គុណធម៌និងរារាំង​អំពើ​អសីលធម៌​របស់​អាហ្វហ្គានីស្ថាន​ បានដើរ​តួនាទី​ជំរុញ​លើ​បញ្ហា​នេះ​ ដោយ​រារាំងស្ត្រី​មិន​ឱ្យ​ធ្វើការ​ឬទទួល​បាន​សេវាកម្ម​ផ្សេងៗ​ ពី​ព្រោះ​ពួក​គេមិន​ទាន់រៀបការ​ ឬ​មិន​មាន​បុរស​ការពារ។​

របាយការណ៍នេះ​បាននិយាយទៀត​ថា​ ការ​មិន​អនុវត្ត​លើក្រឹត្យក្រម​សម្លៀកបំពាក់​ដែល​មានក្រណាត់​បាំង​មុខ​ ការ​មិន​មាន​សាច់ញាតិ​ជា​បុរស​នៅ​ក្បែរ​ ឬ​ការ​រឹតបន្តឹង​ផ្សេងៗទៀត​ ដែល​ត្រូវ​បាន​ដាក់​លើ​ស្ត្រី​មិន​ឲ្យ​ទៅ​ទីសាធារណៈ​ តាម​ការិយាល័យ និង​នៅ​តាម​វិទ្យាស្ថានអប់រំ​នោះ​ ទំនង​ហាក់​ដូច​ជា​ធ្វើ​ឱ្យស្ត្រី​អាហ្វហ្គានីស្ថាន​យ៉ាងហោច​ណាស់​ក៏​ ៦០០​នាក់​ដែរ​ បាន​បាត់​បង់​ការងារ នៅ​ក្នុង​ខេត្តពីរក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​របាយការណ៍នេះ។ ​

​ផ្នែក​មួយ​នៃ​សេចក្តី​ប្រកាស​បណ្តោះអាសន្ន​របស់​ក្រសួង​អាហ្វហ្គានីស្ថាន​ខាងលើ​នេះ បាន​ដាក់​បម្រាម​ស្ត្រីចំនួន​ ៤០០​នាក់​ មិន​ឱ្យ​ធ្វើការងារ​ នៅ​ក្នុងរោងចក្រ​កែច្ឆៃ​ផ្លែស្រល់​ នៅ​ខេត្ត​ Nangarhar ភាគខាង​កើត​កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០២៣ ដោយ​មិន​ផ្តល់​ហេតុផល​ណា​មួយឡើយ​ ខណៈពេល​ដែល​ក្រុម​បុរសត្រូវ​បាន​អនុញ្ញាតឱ្យ​បន្ត​ធ្វើ​ការងារ​នៅ​ទី​នោះ​ដដែល។ ​នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​របាយការណ៍​នេះ។​

រូបឯកសារ៖ ស្ត្រីអាហ្វហ្គានីស្ថាន​កំពុងរុំខ្សែអំបោះនៅ​ក្នុង​មជ្ឈមណ្ឌល​សហគមន៍ស្ត្រី​មួយ​កន្លែង​ នៅ​ជាយ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ស្ត្រីអាហ្វហ្គានីស្ថាន​កំពុងរុំខ្សែអំបោះនៅ​ក្នុង​មជ្ឈមណ្ឌល​សហគមន៍ស្ត្រី​មួយ​កន្លែង​ នៅ​ជាយ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

របាយការណ៍​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ រោងចក្រអគ្គិសនី​មួយកន្លែង​ក្នុង​ខេត្ត​ Balkh ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើងប្រទេស​អាហ្វហ្គានីស្ថាន​ ដែលគ្រប់គ្រង​ដោយក្រុម​តាលីបង់​ បាន​បណ្តេញ​ស្ត្រី​ចំនួន​ ២០០នាក់​ ពី​ការងារ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២៣​ ដោយលើក​យក​ហេតុផលហិរញ្ញវត្ថុ​មក​សំអាង​ ប៉ុន្តែ​បុគ្គលិក​ជា​បុរស​មិន​ត្រូវ​បាន​គេ​ធ្វើ​ដូច​គ្នា​នេះទេ។ នៅ​ក្នុង​ករណី​មួយ ​មន្ត្រី​នៃ​ក្រសួងឃោសនា​គុណធម៌​និង​រារាំង​អំពើ​អសីលធម៌​ បាន​ណែនាំ​បុគ្គលិក​ជានារី​មិន​ទាន់​រៀបការ​ម្នាក់​ នៅ​មណ្ឌល​សុខភាព​មួយ​កន្លែង​ឱ្យ​រៀបការ​ បើ​មិន​អញ្ជឹង​ទេ​នឹង​ត្រូវ​បាត់បង់​ការងារ​ ដោយ​និយាយ​ថា​ វា​មិន​ត្រឹមត្រូវ​ទេ​ដែល​នារី​នៅ​លីវមក​ធ្វើ​ការ។​ នេះ​បើ​យោង​លើ​របាយការណ៍​ដដែល​នេះ។

កាល​ពី​ខែ​មុន​ ក្រុម​មន្ត្រី​ក្រសួងឃោសនាគុណធម៌និង​រារាំង​អំពើ​អសីលធម៌​ បាន​ទៅ​មើល​ស្ថានីយ​រថយន្ត​ក្រុង​មួយ​កន្លែង​ក្នុងទីក្រុង Kandahar នៅ​ភាគ​ខាង​ត្បូងប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​បញ្ជាក់ថា​ ស្ត្រី​មិន​ត្រូវ​ធ្វើ​ដំណើរឆ្ងាយ​តែ​ឯកឯង​ដោយ​គ្មានសាច់ញាតិ​ជា​បុរស​នៅ​ជា​មួយ​ ហើយ​អ្នក​បើកបរ​ដែល​ទទួល​ការ​ណែនាំ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជា​ស្ត្រី​ឡើង​ជិះ​រថយន្តក្រុង​ ដោយ​គ្មាន​អ្នក​មើល​ការ​ខុសត្រូវ​ទៅ​ជា​មួយ​នោះ​ឡើយ។​ នេះ​បើ​តាម​របាយការណ៍​របស់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ UNAMA ដែល​បាន​រក​ឃើញ។

របាយការណ៍នោះបាន​និយាយ​ទៀត​ថា ស្ត្រី​ដែល​គ្មានសាច់ញាតិ​ជា​បុរស​នៅ​ក្នុង​ខេត្ត​ Paktia ភាគ​ខាង​កើត​ប្រទេសអាហ្វហ្គានីស្ថាន​ ​មិន​ទទួល​បានសេវា​ថែទាំ​សុខភាព​ចាប់តាំង​ពីដើម​ខែ​ធ្នូ​កន្លង​ទៅ​ ដោយ​អាជ្ញាធរនៃ​ក្រសួង​ឃោសនា​គុណធម៌​និងរារាំងអំពើ​អសីលធម៌​ បន្ត​ទៅ​មើល​ទី​តាំង​សុខភាព​នានា​ ដើម្បី​ធានាថា​ មាន​ការអនុវត្ត​តាម​បទ​បញ្ជា​បាន​ត្រឹមត្រូវ។

អង្គការ​ UNAMA បាន​លើក​បញ្ជាក់​ថា​ ខណៈពេលមិន​មាន​ការ​ដាក់បម្រាម​ជាទូទៅ លើការងារ​សម្រាប់ស្ត្រី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ ការហាម​ប្រាម​នេះ​បានកំហិត​ដល់​សិទ្ធិធ្វើ​ការងាររបស់​ស្ត្រី​ ប្រសិនបើ​គេ​មិន​មានសាច់ញាតិ​ជាបុរស​អមដំណើរ​ទៅ​កាន់​កន្លែងធ្វើ​ការ​របស់​គេ​នោះ​ទេ។​

របាយការណ៍​នេះបាន​កត់ត្រា​ពី​ករណីចាប់ចងនិង​ឃុំឃាំង​តាម​អំពើចិត្ត​ ការកាត់​ទោស​ និង​ការដោះលែង​ក្រុមអ្នក​សារព័ត៌មាន​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ដែល​រួម​មាន​ស្ត្រី​ផង​ដែរ​ ចាប់​ពី​ខែតុលា​ដល់​ខែធ្នូ​ ឆ្នាំ​២០២៣។ ​«អាជ្ញាធរបាន​បន្ត​រំលោភបំពាន​លើ​សិទ្ធិ​បញ្ចេញមតិ​ ដោយដាក់​កំហិត​ដល់សាធារណជន មិន​ឱ្យ​ប្រើ​ឱកាសស្វែងរក​ ឬ​ទទួល​ពត៌មាន​និង​ទស្សនៈ​ដែលត្រូវ​បាន​ផ្តល់​ឱ្យនោះ​ឡើយ»។​ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នោះ។

ក្រោយ​ការ​ចូល​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថានកាល​ពី​ខែ​សីហា ឆ្នាំ​ ២០២១​មក​ ក្រុម​តាលីបង់​ដែលគោរព​តាម​គម្ពីរ​អ៊ិសា្លម​នោះ​ បាន​បកស្រាយ​ច្បាប់អ៊ិស្លាម​ដ៏​តឹងរឹង​របស់​ខ្លួន​ ដោយហាមប្រាម​ដល់​ក្មេងស្រី​មិន​ឱ្យរៀន​ហួស​ពី​ថ្នាក់​ទី​ ៦​ និង​មិន​ឱ្យមាន​បុគ្គលិក​ជា​ស្រ្តីភេទ​ភាគ​ច្រើន​បំផុត​ធ្វើ​ការ​នៅ​តាម​ស្ថានប័ន​សាធារណៈ​និង​ឯកជន​នោះ​ឡើយ។​

សហគមន៍​អន្តរជាតិបាន​ថ្កោលទោស​ក្រុម​តាលីបង់​ ដែល​បាន​ហាមប្រាម​ដល់ស្ត្រី និង​បាន​ទាមទារ​ឱ្យ​ពួក​គេ​លុបចោល​នូវ​បម្រាម​ទាំងនោះ​ជា​បន្ទាន់។​ ​ ពុំ​មាន​ប្រទេស​ណា​មួយ​ទទួល​ស្គាល់រដ្ឋាភិបាល​អាហ្វហ្គានីស្ថាននៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ការបារម្ភជា​សំខាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ និងការ​អនុវត្ត​លើ​ស្ត្រី​ភេទ។ ​

ក្រុម​តាលីបង់កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មករាកន្លង​ទៅ​នេះ​ បាន​ទាត់​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ​ដោយ​អះអាង​ថា​ ​វា​បង្ហាញ​ពី​ភាពព្រងើយកន្តើយ​របស់ស្ថាប័ន​ពិភពលោក​មួយ​នេះ​ លើ​ច្បាប់​សាសនា​អ៊ិស្លាម។​ ​

លោក​ Zabihullah Mujahid ប្រធានអ្នកនាំពាក្យ​ក្រុម​តាលីបង់​ បានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​ភាសាអង់គ្លេស​ថា​ ការ​ថ្កោលទោស​ការ​គ្រប់គ្រង​តាម​សាសនា​អ៊ិស្លាម​ថា​ជា​សកម្មភាពប្រឆាំង​នឹង​សិទ្ធិមនុស្ស​នោះ​ ជាការ​ប្រមាថយ៉ាង​ជាក់​ស្តែង​ទៅ​លើ​ជំនឿ​របស់​ពលរដ្ឋ»។

លោក​ Mujahid បាន​ណែនាំ​ដល់​អង្គការ​ UNAMA ឱ្យ​បញ្ឈប់​ការ​រិះគន់លើ​បញ្ហា​សាសនា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ លោក​និយាយ​ថា​៖ ​«ការ​ពាក់​ក្រណាត់​បាំងមុខ​ ភាព​ចាំបាច់​ក្នុង​ច្បាប់​សាសនា​អ៊ិស្លាម​រឿង​បុរស​នៅ​ជាមួយ​ស្តី្រ ហើយ​ច្បាប់​អ៊ិស្ថាម​ពី​ស្ថានភាព​ការងារនិង​ការ​អប់រំ​របស់​ស្រី្ត​ ​គឺ​ទាំង​អស់នេះ​ ជាការតាំងចិត្ត​និង​ការ​ទទួល​ខុសត្រូវនៃ​រដ្ឋាភិបាលអ៊ិស្លាម​មួយ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់៕​

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG