ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានកោះហៅបើកជំនួបប្រជុំបន្ទាន់មួយស្តីពីប្រទេសយេម៉ែន ដោយប្រធានរបស់អង្គការសហប្រជាជាតិបានព្រមានថា ការខ្វះខាតឥន្ធនៈយ៉ាងខ្លាំងអាចបញ្ឈប់កិច្ចប្រតិបត្តិការជំនួយទាំងអស់។
មុនពេលចូលក្នុងកិច្ចប្រជុំបន្ទាន់នោះកាលពីថ្ងៃសុក្រ លោក Matthew Rycroft ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យឺនឡើងៗក្នុងប្រទេសយេម៉ែនជាការព្រួយកង្វល់ដ៏ខ្លាំងមួយ។ លោកបានអំពាវនាវគ្រប់ភាគីទាំងអស់ធ្វើឲ្យប្រាកដថា មានជំនួយមនុស្សធម៌ចេញចូលដោយគ្មានបង្អាក់នៅទូទាំងប្រទេស។
លោកVitaly Churkinឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍មុនពេលជំនួបនោះថា មានការខ្វះខាតម្ហូបអាហារហើយនិងប្រេងឥន្ធនៈយ៉ាងខ្លាំង។ លោកនិយាយទៀតថា ក្នុងប្រទេសយេម៉ែនអ្វីៗមានដំណើរការដោយពឹងផ្អែកលើប្រេងឥន្ធនៈនិងមន្ទីរពេទ្យ។
លោកអគ្គលេខាធិការអង្គការសហប្រប្រជាជាតិ បាន គីមួន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រតិបត្តិការមនុស្សធម៌នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ប្រសិនបើការផ្គត់ផ្គង់ប្រេងឥន្ធនៈមិនមានទេនោះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើការអំពាវនាវម្តងទៀតឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ឬយ៉ាងហោចណាស់ក៏ផ្អាកការប្រយុទ្ធដែរ។
ការប្រយុទ្ធក្នុងចំណោមភាគីយេម៉ែននានា និងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសដែលមានភាពក្រីក្ររួចស្រាប់ទៅហើយនោះ៕