ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ធ្វើការប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្អាកជាបណ្តោះអាសន្ននូវការទម្លាក់គ្រាប់បែកក្នុងប្រទេសយេម៉ែនដោយសារហេតុផលមនុស្សធម៌។
ប្រទេសរុស្សីបានអំពាវនាវឱ្យមានការប្រជុំកាលពីថ្ងៃសៅរ៍ហើយបានផ្សព្វផ្សាយសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយស្វះស្វែងឱ្យមានការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្នដោយសារហេតុផលមនុស្សធម៌។
លោក Vladimir Safronkov ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសរុស្សីប្រចាំអ.ស.ប.បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅពេលលោកធ្វើដំណើរទៅកាន់ការប្រជុំថាការផ្អាកការប្រយុទ្ធគ្នាជាបណ្តោះអាសន្នអាចធ្វើឱ្យប្រាកដប្រជាថាក្រុមអ្នកការទូតនិងក្រុមជនស៊ីវិលអាចត្រូវជម្លៀសដោយសុវត្ថិភាពចេញពីប្រទេសយេម៉ែន។
ក្រុមចម្រុះមួយដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារតាមអាកាសជាងមួយអាទិត្យមកហើយដើម្បីបញ្ឈប់ការជំរុលទៅមុខរបស់ក្រុមឧទ្ទាម Houthi Shi'ite ដែលបានវាយកាន់កាប់ផ្នែកដ៏ធំធេងនៃប្រទេសយេម៉ែន។
នៅក្នុងក្រុងហ្សឺណែវ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបាននិយាយថាជំនួយបីកប៉ាល់និងក្រុមបុគ្គលិកពេទ្យដែលខ្លួនព្យាយាមបញ្ជូនទៅកាន់ប្រទេសយេម៉ែននៅតែត្រូវរារាំងទោះណាជាមានការអំពាវនាវដល់ក្រុមចម្រុះដែលត្រួតត្រាដែនអាកាសនិងកំពង់ផែនៃប្រទេសយេម៉ែនក៏ដោយ៕