អាជ្ញាធរនៅក្នុងប្រទេសប៉េរូនិយាយថា មានអ្នកជាប់ពន្ធនាគារ៩នាក់បានស្លាប់នៅពេលបាតុកម្មមួយនៅដើមសប្តាហ៍នេះដើម្បីទាមទារឲ្យមានការថែទាំសុខភាពប្រសើរជាងមុនក្នុងពន្ធនាគារនេះ ខណៈការផ្ទុះរាតត្បាតនៃវីរុសកូរ៉ូណាបានប្រែក្លាយជាការតវ៉ាហិង្សា។
អ្នកជាប់ពន្ធនាគារនៅពន្ធនាគារ Miguel Castro បានធ្វើកុប្បកម្មកាលពីថ្ងៃចន្ទ ក្រោយពីអ្នកជាប់ក្នុងពន្ធនាគារដូចគ្នាពីរនាក់បានស្លាប់ពីជំងឺកូវីដ១៩ ដែលបានឆ្លងរាតត្បាតដោយមិនមានការពិនិត្យនៅក្នុងពន្ធនាគារដ៏កកកុញចង្អៀតរបស់ប៉េរូ។ មានអ្នកទោសដែលជាប់ក្នុងពន្ធនាគារនេះចំនួនយ៉ាងតិច១៣នាក់ដែលបានស្លាប់ពីជំងឺរាតត្បាតនេះ ដែលបានក្នុងពន្ធនាគារនានាចំនួន ៦០០នាក់។ អ្នកធ្វើការនៅពន្ធនាគារចំនួន១០០នាក់ក៏បានឆ្លងកូវីដ១៩ដែរ។
ព្រមជាមួយនឹងការទាមទារឲ្យមានការថែទាំសុខភាពល្អជាងមុន អ្នកជាប់ក្នុងពន្ធនាគារនោះក៏បានអំពាវនាវឲ្យលោកប្រធានាធិបតី Martin Vizcarra ឲ្យផ្តល់ការលើកលែងទោសបែបមនុស្សធម៌។
នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតី Martin Vizcarra បានពន្យារពេលបន្តនូវវិធានការបិទប្រទេសរហូតដល់ទី១០នៃឧសភាបន្តទៀត ដោយសារមានការកើនចំនួនអ្នកឆ្លងកូវីដ១៩ ប៉ុន្តែលោកមិនបានបញ្ជាក់ពីគម្រោងទាក់ទងនឹងអ្នកជាប់ក្នុងពន្ធនាគារទេ។
មកទល់នឹងថ្ងៃពុធនេះ ប្រទេសប៉េរូមានអ្នកសា្លប់ពីជំងឺកូវីដ១៩ចំនួន៨៥៤នាក់ និងការឆ្លងវីរុសកូរ៉ូណាចំនួនជាង៣១.០០០ករណី ដែលនេះជាប្រទេសមានការឆ្លងច្រើនជាងគេទី២នៅអាមេរិកឡាទីនបន្ទាប់ពីប្រេស៊ីល៕