លោកស្រី Michele Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងអំពាវនាវដល់រដ្ឋទាំងអស់ដែលមានឥទ្ធិពល ជាពិសេសប្រទេសនៅជិតខាងមីយ៉ាន់ម៉ា ឱ្យដាក់សម្ពាធរួមគ្នាលើរបបយោធាកាន់អំណាច ដើម្បីបញ្ចប់ការគាបសង្កត់ និងការសម្លាប់ប្រជាជនមីយ៉ាន់ម៉ា។
លោកស្រីថា យោធាមីយ៉ាន់ម៉ាកំពុងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ដែលអាចនឹងក្លាយជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងត្រូវតែបញ្ឈប់។ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់លោកស្រី Bachelet ថា លោកស្រីឧត្តមស្នងការមានការភ័យខ្លាចថា ការបន្តបទឧក្រិដ្ឋទាំងនេះអាចហែកហួរប្រទេសមួយនេះ និងនាំទៅរកសង្គ្រាមស៊ីវិលដូចនៅស៊ីរីដែរ។
លោកស្រី Ravina Shamdasani ថ្លែងក្នុងន័យដើមថា៖
«លោកស្រីឧត្តមស្នងការលើកឡើងថា មានស្ថានភាពច្បាស់ៗ ដូចនៅស៊ីរីក្នុងឆ្នាំ ២០១១ ដែរ។ នៅទីនោះ យើងក៏ឃើញមានការតវ៉ាដោយសន្តិវិធី ដែលត្រូវប្រឈមនឹងកងកម្លាំងដែលមិនមានសមាមាត្រ និងមិនចាំបាច់។ ការគាបសង្កត់ដ៏ព្រៃផ្សៃ និងរ៉ាំរ៉ៃទៅលើប្រជាជនខ្លួន បណ្តាលឱ្យបុគ្គលមួយចំនួនចាប់ផ្តើមកាន់អាវុធ ហើយក្រោយមកនឹងមានអំពើហិង្សាកាន់តែរីករាលដាលយ៉ាងលឿននៅទូទាំងប្រទេស»។
សង្គ្រាមស៊ីវិលមួយទសវត្សរ៍នៅស៊ីរីមានផលប៉ះពាល់យ៉ាងអាក្រក់។ អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សចំនួនប្រមាណ ៤០០.០០០ បានស្លាប់ មនុស្សចំនួន ១១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅទាំងនៅក្នុងប្រទេសស៊ីរី និងក្នុងនាមជាជនភៀសខ្លួននៅក្រៅប្រទេស ហើយមនុស្សជាង ១១ លាននាក់ ត្រូវការជំនួយអន្តរជាតិដើម្បីរស់។
លោកស្រី Shamdasani ថា របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា ស្ថានភាពនៅមីយ៉ាន់ម៉ានៅដើមខែមេសា ជាស្ថានភាពសាហាវនិងអាក្រក់ខ្លាំង។ លោកស្រីថា កងកម្លាំងប្រដាប់អាវុធនៅមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា Tatmadaw បានវាយប្រហារលើជនស៊ីវិលជាមួយនឹងគ្រាប់បែកដៃបញ្ជាដោយរ៉ុក្កែត និងកាំភ្លើងត្បាល់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២ នាក់។
លោកស្រីថា មនុស្សមួយចំនួនកំពុងប្រើប្រាស់អាវុធច្នៃបណ្តោះអាសន្ន ឬដែលអាចច្នៃបានក្នុងការការពារខ្លួន ហើយការប៉ះទង្គិចរវាងយោធា និងក្រុមជាតិសាសន៍ភាគតិចប្រដាប់ដោយអាវុធនៅក្នុងរដ្ឋ Kachin រដ្ឋ Shan និងរដ្ឋ Kayn កំពុងតែតានតឹងខ្លាំងឡើង។
លោកស្រី Ravina Shamdasani ថ្លែងថា៖
«ខណៈការចាប់ខ្លួននៅតែបន្តមនុស្សយ៉ាងហោចណាស់ ៣.០៨០ នាក់ត្រូវបានឃាត់ខ្លួន នៅពេលនេះ។ មានរបាយការណ៍ថា មនុស្ ស២៣ នាក់ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីមានសវនាការសម្ងាត់រួមមានអ្នកតវ៉ា ៤ នាក់ និងមនុស្ស ១៩ នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងនយោបាយ។ ការចាប់ខ្លួនទ្រង់ទ្រាយធំបានបង្ខំឱ្យមនុស្សរាប់រយនាក់រត់គេចខ្លួន»។
លោកស្រី Shamdasani ថា សេដ្ឋកិច្ច ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកំពុងដួលរលំ។ លោកស្រីថា មនុស្សរាប់លាននាក់បានបាត់បង់ប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ហើយវិធានការទប់ស្កាត់ជំងឺកូវីដ១៩កាន់តែធ្វើឱ្យពួកគេមិនអាចរកអ្វីបាន។
លោកស្រី Bachelet បានហៅស្ថានភាពនេះថាជាស្ថានភាពមិនអាចគ្រប់គ្រងបាន។ លោកស្រីថា បណ្តាប្រទេសនានាត្រូវតែកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ និងហិរញ្ញប្បទានដល់មេដឹកនាំយោធា ដែលអាចនាំឲ្យមានការសម្លាប់ប្រជាជនខ្លួន និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយស្រេង លក្ខិណា