ការធ្វើវិភាគមួយអំពីសង្គ្រាមមួយទសវត្សរ៍ក្នុងប្រទេសស៊ីរីសន្និដ្ឋានថា ភាគីទាំងអស់មានទាក់ទិននឹងអំពើហិង្សា។ គណៈកម្មការស៊ើបអង្កេតអំពីប្រទសស៊ីរីដែលមានសមាជិកបីនាក់ចោទប្រកាន់ថា ភាគីច្បាំងគ្នាទាំងអស់បានប្រព្រឹត្តឧក្រិដ្ឋកម្មយង់ឃ្នងដើម្បីកេងចំណេញខាងនយោបាយក្នុងពេលខ្លីឬដោយយកលេសថា ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
គណៈកម្មការនេះនិយាយថា ពួកជនរងគ្រោះពីឧក្រិដ្ឋកម្មអន្តរជាតិនេះធ្ងន់ធ្ងរជាងគេគឺប្រជារាស្ត្រស៊ីរី។
លោក Paulo Pinheiro ប្រធានគណៈកម្មការនេះនិយាយថា ពួកកុមារស្ត្រីនិងបុរសរងគ្រោះដោយសាររដ្ឋាភិបាលផ្តាច់ការឃោរឃៅដែលលោកថា បានប្រព្រឹត្តអំពើហិង្សាហួសហេតុដើម្បីបង្ក្រាបក្រុមប្រឆាំង។
«ការផ្តល់ប្រាក់ អាវុធនិងការគាំទ្រឯទៀតៗបែបឱកាសនិយមដល់ភាគីច្បាំងគ្នាបានចាក់សាំងលើភ្លើងសង្គ្រាមនេះដែលពិភពលោកឈរមើល។ នៅពេលសង្គ្រាមនេះអូសបន្លាយតទៅទៀត សហគមន៍រដ្ឋទាំងមូល មិនធ្វើសកម្មភាពដាច់ណាត់ដោយបានបណ្តាលឱ្យមានវប្បធម៌និទណ្ឌភាពខាងក្នុងប្រទេសស៊ីរីនៅពេលសព្វថ្ងៃនេះ»។
សេចក្តីរាយការណ៍នេះពិនិត្យមើលអ្វីដែលខ្លួននិយាយថា ជាកលល្បិចអសីលធម៌របស់ភាគីច្បាំងគ្នាទាំងអស់ដើម្បីបានចំណេញខាងដែនដីដោយមិនគិតគូរអំពីប្រជារាស្ត្រទេ។ របាយការណ៍នេះប្រមូលឯកសារអំពីការទម្លាក់គ្រាប់បែកដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងពួកសម្ព័ន្ធមិត្តរុស្ស៊ីរបស់ពួកគេនិងការប្រើអាវុធគីមីដោយកងកម្លាំងរបស់លោកប្រធានាធិបតី Bashar al-Assad ចំនួន៣៨លើក។
របាយការណ៍នេះពណ៌នាអំពីការវាយប្រហារមិនរើសមុខដោយកាំភ្លើងត្បាល់និងរ៉ុក្កែតនិងការប្រើគ្រឿងផ្ទុះប្រឆាំងនឹងក្រុមជនស៊ីវិលដោយពួកភេរវជននិងក្រុមជនប្រដាប់អាវុធឯទៀតៗ។
អ្នកស្រី Karen Koning AbuZayd ជាសមាជិកានៃគណៈកម្មការនេះ។ អ្នកស្រីនិយាយថា ប្រជារាស្ត្រស៊ីរីស៊ីវិលបានរងគ្រោះដោយសារការឡោមព័ទ្ធបែបទំនើបកាលពី១០ឆ្នាំកន្លងទៅនេះដែលបណ្តាលឱ្យមានទុរ្ភិក្សនិងការរឹតបន្តឹងមិនឱ្យនាំជំនួយមនុស្សធ៌មទៅឲ្យក្រុមមនុស្សដែលត្រូវការជំនួយនេះយ៉ាងខ្លាំង។
«មានសេចក្តីត្រូវការខាងសិទ្ធិមនុស្សនិងខាងមនុស្សធម៌ជាមូលដ្ឋានគឺម្ហូបអាហារ ទឹក ការថែទាំសុខភាពនិងការសិក្សាអប់រំដែលត្រូវតែបំពេញដោយមិនត្រូវគិតអំពីក្រុមណាត្រួតត្រាដែនដីណានោះទេ...។ ការប្រណាំងប្រជែងគ្នាជាបន្តធ្វើឲ្យការសាបសូន្យការគោរពសិទ្ធិមនុស្សរបស់ប្រជារាស្ត្រស៊ីរីត្រូវតែបញ្ឈប់»។
គណៈកម្មការនេះអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិខ្លាំងឡើងដើម្បីបញ្ចប់សង្គ្រាមនេះនិងធ្វើឲ្យប្រទេសស៊ីរីដើរតាមផ្លូវទៅកាន់សន្តិភាពនិងយុត្តិធម៌។ ក៏ប៉ុន្តែគណៈកម្មការនេះព្រមានថាប្រទេសស៊ីរីនឹងមិនអាចមានសន្តិភាពឋិតថេរទេ ប្រសិនបើការទាមទាររបស់ក្រុមជនរងគ្រោះឱ្យមានយុត្តិធម៌និងការទទួលខុសត្រូវខ្ពស់មិនបានត្រូវបំពេញទេនោះ។
ចាប់តាំងពីសង្គ្រាមនេះបានកើតមានកាលពីខែមីនាឆ្នាំ២០១១ មក អ.ស.ប.ស្ទង់ប្រមាណថាមនុស្ស៤សែននាក់ត្រូវបានសម្លាប់ហើយមនុស្សជាង១២លាននាក់ទៀតបានខ្ចាត់ព្រាត់ពីផ្ទះសំបែងខាងក្នុងប្រទេសស៊ីរីនិងបានក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាងនិងនៅឯប្រទេសឯទៀតៗ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ