ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជា​ជាតិ៖ កសាង​តំបន់​ហ្កាហ្សា​ឡើងវិញ​អាច​ចំណាយ​ពី​៤០​ទៅ​៥០​ពាន់លាន​ដុល្លារ


រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​ដើរ​តាម​ដងផ្លូវ​មួយ​ក្នុង​ក្រុង​ Khan Younis ដែល​រងការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ក្រោយ​ការ​វាយប្រហារ​តាម​ជើង​គោក​និង​អាកាស​របស់​អ៊ីស្រាអែលលើ​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​ដើរ​តាម​ដងផ្លូវ​មួយ​ក្នុង​ក្រុង​ Khan Younis ដែល​រងការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ក្រោយ​ការ​វាយប្រហារ​តាម​ជើង​គោក​និង​អាកាស​របស់​អ៊ីស្រាអែលលើ​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ២​ ខែ​ឧសភា​ថា​ សង្រ្គាម​នៅ​តំបន់​ហ្កាហ្សាបាន​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​នៅ​ទីនោះ​ដើរ​ថយ​ក្រោយ​ ៤០ ​ឆ្នាំ​ ហើយ​ការ​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​នឹង​ត្រូវ​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​

លោក​ Abdallah Al Dardari​ នាយក​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​ អ.ស.ប.​ប្រចាំ​តំបន់​នៃ​រដ្ឋ​អារ៉ាប់​ បាន​និយាយ​ថា៖​ «កម្មវិធី​ស្តារ​ដំបូងៗ​ពេល​រយៈ​ពេល ៣ ​ឆ្នាំ ​ដើម្បី​នាំ​ប្រជាជន​ប៉ាឡេស្ទីន​រាប់​សែន​នាក់​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​ទីតាំង​ដើម​របស់​ពួកគេ​ ដោយ​មានការ​គាំទ្រ​សហគមន៍​ដ៏​ទូលំ​ទូលាយនឹង​ត្រូវ​ចំណាយ​ចន្លោះ​ពី ២ ទៅ ៣ ​ពាន់​លានដុល្លារ។​ បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​យើង​ ការ​កសាង​ហ្កាហ្សា​ឡើង​វិញ​ជារួម​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ​៤០-៥០​ពាន់​លាន​ដុល្លារ»។​

លោក ​Dardari ​បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ពី​ទីក្រុង ​Amman ​ប្រទេស​ហ្ស៊កដានី​ ជា​កន្លែង​ដែល​លោកធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍ ​អ.ស.ប.​ស្តីពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម​ដោយសារ​សង្គ្រាម​រវាង​អ៊ីស្រាអែល ​និង​ក្រុម​ហាម៉ាស់​ ដែល​ជិត​ឈាន​ដល់​រយៈ​ពេល​ប្រាំពីរ​ខែ​នៅ​ថ្ងៃទី​ ៣០ ​ខែ​មេសា។​

ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ច្រើន​ដោយ​មនុស្ស​ជាង​ ៣ម៉ឺន ៤ពាន់​នាក់ ​បាន​ស្លាប់ ​និង​ជិត ៧ម៉ឺន​ ៨​ពាន់​នាក់ ​បាន​រង​របួស។​ នេះបើ​យោង​តាម​ក្រសួង​សុខាភិបាល​នៃ​តំបន់​ហ្កាហ្សា​របស់​ក្រុម​ហាម៉ាស។ ​នៅពាក់​កណ្តាល​ខែ​មេសា ​កម្មវិធី​អភិវឌ្ឍន៍ ​អ.ស.ប.​ និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​និង​របួស​មាន​យ៉ាង​ហោច​ណាស់ ៥% ​នៃ​ប្រជាជន​នៅ​ហ្កាហ្សា។​

រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​នៅ​ក្នុង​អគារ​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់អ៊ីស្រាអែល នៅទីក្រុង Deir al Balah ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​នៅ​ក្នុង​អគារ​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់អ៊ីស្រាអែល នៅទីក្រុង Deir al Balah ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ​៧ ​ខែ​តុលា ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ​មនុស្ស​យ៉ាង​ហោច​

ណាស់​១​.២០០ នាក់​ត្រូវ​បាន​សម្លាប់ ​និង ​២៥០ ​នាក់ ​ត្រូវ​ចាប់​ពង្រាត់។ ​ជាង ​៣០​ នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​ឃុំឃាំង​ត្រូវបាន​គេ​ជឿ​ថា​បាន​ស្លាប់​ហើយ។​

ការ​ប្រយុទ្ធ​គ្នា​បាន​កម្ទេច​តំបន់​ហ្កាហ្សា​ភាគ​ច្រើន ​ដោយ​បាន​បំផ្លាញ​លំនៅឋាន​ប្រមាណ​ ៣៧ ​ម៉ឺន​ខ្នង​ និង ​៩%​ នៃ​អចលន​ទ្រព្យ​ពាណិជ្ជ​កម្ម។​ កម្មវិធី​អភិវឌ្ឍន៍ ​អ.ស.ប.​ និយាយ​ថា សូម្បី​ក្នុង​ការ​ស្តារ​លឿន​បំផុត​ក៏​ត្រូវ​ចំណាយ​ពេល ​១៦ ​ឆ្នាំ​គឺ​រហូត​ដល់​ឆ្នាំ ២០៤០​ ដើម្បី​សាង​សង់​ឡើង​វិញនូវ​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ ​ដោយ​មិន​ចាំបាច់​ជួស​ជុល​ផ្ទះ​ដែល​ខូច​ខាត​នោះ​ទេ។ ​របាយ​ការណ៍​បាន​និយាយ​ថា​ ប្រសិន​បើ​ពេល​វេលានៃ​ការ​កសាង​ឡើង​វិញ​អនុវត្ត​តាម​លំនាំ​ដូច​គ្នា​ពេល​បន្ទាប់​ពី​សង្រ្គាម​ឆ្នាំ ២០១៤​ និង​ ២០២១ ​រវាង​ក្រុម​ហាម៉ាស់​ និង​អ៊ីស្រាអែល ​គេ​ត្រូវ​ការ​ពេល​ប្រហែល ៨០​ ឆ្នាំ​ដើម្បីសាងសង់​ឡើងវិញ​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ។​

ការវិល​ទៅ​កម្រិត​ឆ្នាំ​ ១៩៨០

លោក ​Dardari ​បាន​និយាយ​ថា ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​រយៈ​ពេល​៤០​ឆ្នាំ​ ត្រូវ​បាត់​បង់​ ដែល​ស្មើនឹង​ការ​វិនិយោគ​ជិត ៥០​ ពាន់​លាន​ដុល្លារ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«នោះ​មាន​ន័យ​ថា​ កម្រិត​នៃ​ការ​អប់រំ ​និង​អក្ខរ​កម្ម​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ពេល​បញ្ចប់​ជម្លោះ​នេះ។​ ប៉ុន្តែ​តាម​ការ​វិភាគ​របស់​យើង​អ្វី​ដែល​ធ្ងន់​ជាង​នេះ ​គឺ​ថា ​ផល​ប៉ះពាល់​នៃ​ជម្លោះ​នេះ​នឹង​នៅ​ជាមួយ​យើង​រយៈ​ពេល​យូរ​ លុះ​ត្រាតែ​យើង​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ សាលារៀន​បណ្តោះ​អាសន្ន​ ការ​ថែទាំ​សុខភាព​បណ្តោះ​អាសន្ន ​ជំនួយ​ផ្លូវ​ចិត្តសង្គម​ដល់​ប្រជាជន​ និង​ផ្តល់​សេវា​មូលដ្ឋាន​ឡើងវិញ​ ដូចជា​ទឹក​ អនាម័យ និង​អគ្គិសនី​ជាដើម»។​

ខណៈ​ជនជាតិ​ប៉ាឡេស្ទីន​គ្រប់​រូប​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ ​របាយ​ការណ៍​បាន​រក​ឃើញ​ថា ប្រជាជន​វណ្ណៈ​កណ្តាល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត។​ ប្រសិន​បើ​សង្រ្គាម​នៅតែ​បន្ត​រហូត​ដល់​ខែ​កក្កដា ​វានឹង​នាំ​ឱ្យ​ប្រជាជន​វណ្ណៈ​កណ្តាលមួយ​ភាគធំ​ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ ដោយ​បង្កើន​ចំនួន​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​មាន​ចំនួន​សរុប​ដល់​ទៅ​ ៣លាន ៣សែននាក់ ​ឬ​លើស ​៦០%​ នៃ​ចំនួន​ប្រជាជន​ទាំងអស់។​

កំណើន​ផលិត​ផលសរុប​របស់​ប៉ាឡេស្ទីន​ក៏​បាន​រង​ការ​ប៉ះពាល់​ខ្លាំង​ដែរ​ចាប់​តាំង​ពី​សង្រ្គាម​បាន​ចាប់​ផ្តើម គឺ​បាន​ធ្លាក់​ចុះ ២៥%​ ឬ​ជិត​ ៧​ពាន់​លាន​ដុល្លារ។​ លោក​ Dardari ​បាន​និយាយ​ថា​ ការខាត​បង់​អាច​ឈាន​ដល់ ​២៩% ​ប្រសិន​បើ​សង្រ្គាម​នៅ​តែ​បន្ត​រហូត​ដល់​ខែ​កក្កដា៕

ប្រែសម្រួល​ដោយ​លោក​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG