សហគមន៍អន្តរជាតិ កំពុងធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាបរាជ័យ។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិម្នាក់ដែលបាននិយាយកាលពីថ្ងៃពុធ នៅពេលដែលលោកបានអំពាវនាវឲ្យមានការសហការដាក់ទណ្ឌកម្មផ្នែកប្រេងប្រឆាំងពួកយោធាដែលកំពុងដឹកនាំប្រទេសនោះ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បានស្នើឲ្យមានចំណាត់ការជាច្រើនដើម្បីបន្ថយវិបត្តិនៅក្នុងប្រទេសនោះ។
លោក Andrew បាននិយាយថា «ប្រាក់ចំណូលផ្នែកប្រេង និងឧស្ម័នជាដង្ហើមផ្នែកហិរញ្ញវត្ថុសម្រាប់ពួកយោធា ហើយត្រូវបានគេប៉ាន់ស្មានថា ជិតស្មើនឹងចំនួនលុយដែលពួកយោធាត្រូវការដើម្បីថែរក្សាកងកម្លាំងសន្តិសុខដែលការពារអំណាចពួកគេ។ គេត្រូវបញ្ឈប់ប្រាក់ចំណូលទាំងនេះ»។
កាលពី៥ខែមុន យោធាមីយ៉ាន់ម៉ា បានរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យរបស់ប្រទេសនេះ។ ចាប់តាំងពីបានដណ្តើមអំណាចមក របបយោធានេះបានប្រើកម្លាំងបង្ក្រាបការងើបបះបោររបស់ប្រជាពលរដ្ឋ ដោយបានសម្លាប់មនុស្សជិត៩០០នាក់។
ប្រទេសមហាអំណាចជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈមក។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតលើពួកមន្ត្រីយោធា និងក្រុមហ៊ុនដែលមានចំណងទាក់ទងជាមួយពួកយោធា៕