ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ថា ចិន​ស្រង់​សម្តី​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ខុស​ពី​ការ​ពិត


​លោកស្រី Michelle Bachelet ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ចូលរួម​ប្រជុំ​តាម​អនឡាញ​ជាមួយ​​លោក Du Hangwei អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន (អេក្រង់​ខាង​ស្តាំ) កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​ឧសភា ឆ្នាំ​២០២២។
​លោកស្រី Michelle Bachelet ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ចូលរួម​ប្រជុំ​តាម​អនឡាញ​ជាមួយ​​លោក Du Hangwei អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន (អេក្រង់​ខាង​ស្តាំ) កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​ឧសភា ឆ្នាំ​២០២២។

ការិយាល័យ​របស់​លោកស្រី Michelle Bachelet ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ខ្លឹមសារ​នៃ​សុន្ទរកថា​ដែល​លោកស្រី Bachelet បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​ប្រទេស​ចិន ដោយ​បាន​បញ្ជាក់​ថា អត្ថាធិប្បាយ​របស់​លោកស្រី​ត្រូវ​បាន​គេ​ស្រង់​សម្តី​ខុស ឬ​បកស្រាយ​ខុស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន។

អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​ស្រង់​សម្តី​ខុស​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប៉ុនប៉ង​ទ្រង់ទ្រាយ​ធំ​របស់​ចិន​ក្នុង​ការ​បង្ហាញ​ទិដ្ឋភាព​វិជ្ជមាន​ពី​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ក្នុង​ពេល​នោះ​លោកស្រី Bachelet ព្យាយាម​ស្វែងយល់​ពី​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ (Uyghur) នៅ​តំបន់ Xinjiang ដែល​ស្ថិត​នៅ​ទិស​ពាយ័ព្យ​នៃ​ប្រទេស​ចិន។

ទស្សនកិច្ច​រយៈពេល​ ៦ ថ្ងៃ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី២៨ ខែ​ឧសភា រួម​មាន​ទីក្រុង Urumqi និង​ទីក្រុង Kashgar នៅ​ក្នុង​តំបន់ Xinjiang ទីកន្លែង​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ និង​រដ្ឋាភិបាល​មួយ​ចំនួន រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​បាន​ចោទប្រកាន់​ប្រទេស​ចិន​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​អំពើ​ប្រល័យ​ពូជសាសន៍។

បញ្ហា​នេះ​នាំ​ឱ្យ​មាន​ពហិការ​ការ​ទូត​ក្នុង​ការ​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ដើម​ឆ្នាំ​នេះ។

នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មក​កាន់ VOA លោកស្រី Elizabeth Throssell អ្នក​នាំពាក្យ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា លោកស្រី Bachelet «ពិត​ជា​បាន​សរសើរស្នាដៃ​របស់​ចិន​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​មែន» ប៉ុន្តែ​លោកស្រី​មិន​បាន «សរសើរ​ដល់​កិច្ចប្រឹងប្រែង និង​ស្នាដៃ​របស់​ចិន​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ ការ​ការពារ​សិទ្ធិ​មនុស្ស និង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច» ដូច​ដែល​សារព័ត៌មាន CCTV របស់​រដ្ឋ​ចិន​បាន​ចុះ​ផ្សាយ​នោះ​ទេ។​

លោកស្រី Throssell បាន​ប្រាប់ VOA ថា៖ «លោកស្រី Bachelet បាន​ថ្លែង​ថា ចិន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ស្ថាប័ន​ពហុភាគី»។ ប៉ុន្តែ​លោកស្រី​បដិសេធ​ចំពោះ​ការ​បកប្រែ​រត់​ពី​ក្រោម (subtitle) ក្នុង​របាយការណ៍​របស់​សារព័ត៌មាន CCTV ដែល​បង្ហាញ​ថា លោកស្រី «បាន​សរសើរ​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការ​រក្សា​ឱ្យ​បាន​នូវ​យន្តការ​ពហុភាគី»។

ស្ថានទូត​ចិន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​បង្ហោះ​ក្នុង​បណ្តាញ Twitter ថា៖ «លោកស្រី Bachelet បាន​សាទរប្រទេស​ចិន​ចំពោះ​ស្នាដៃ​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស»។

ប៉ុន្តែ​បើ​យោង​តាម​លោកស្រី Throssell លោកស្រី Bachelet តាម​ពិត​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិភាក្សា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​សំខាន់ និង​រសើប ហើយ​ខ្ញុំ​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​យើង​ឱ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន និង​ក្នុង​សាកលលោក​មាន​ភាព​ល្អ​ប្រសើរ​ទៅ​មុខ»។

អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​បារម្ភ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Bachelet ទៅ​ប្រទេស​ចិន​នឹង​មិន​បង្ហាញ​អ្វី​ថ្មី​ស្តី​ពី​ការ​ប្រព្រឹត្ត​របស់​ចិន​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​នោះ​ទេ និង​បាន​ចង្អុល​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខុស​នេះ​ជា​ឧទាហរណ៍​នៃ​ការ​ប៉ុនប៉ង​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​សារ​ដែល​មាន​ក្នុង​ទស្សនកិច្ច និង​ការ​ធ្វើ​ដំណើរ​នេះ​តែ​ម្តង។

លោក Peter Irwin នៃ​គម្រោង​សិទ្ធិ​មនុស្ស​អ៊ុយហ្គ័រ​បាន​ប្រាប់ VOA ​ថា៖ «នេះ​ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​ពី​វិធី​មិន​សូវ​ល្អ​ដែល​រដ្ឋាភិបាល​ចិន​ព្យាយាម​ចង្អុល​បង្ហាញ​ឱ្យ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ប្រយោជន៍​ដល់​ពួកគេ។ ចិន​មាន​ពេល​ជិត​ ៣ ឆ្នាំ​ក្នុង​ការ​រៀបចំ​កិច្ចការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដល់​ទីកន្លែង​មួយ​នេះ ដែល​នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មិន​ឃើញ​ថា វា​មាន​ផលប្រយោជន៍​ណា​មួយ​នោះ​ទេ។ ពួកគេ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ចការ​របស់​ការិយាល័យ​ឧត្តមស្នងការ​ និង​បង្ហាញ​ពី​ការ​ពិត​តាម​ការ​បកស្រាយ​របស់​ពួកគេ​ទៅ​ពិភពលោក»។

ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​អត្ថាធិប្បាយ​របស់​ VOA នោះ​ទេ​នៅ​ពេល​ចេញ​ផ្សាយ​អត្ថបទ​នេះ។

បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​លោកស្រី Bachelet នៅ​ថ្ងៃទី២៣ ខែ​ឧសភា លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា លោក Wang «បង្ហាញ​ពី​ក្តីសង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​បង្កើន​ការ​យល់ដឹង និង​កិច្ច​សហប្រតិបត្តិការ និង​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ព័ត៌មាន​ខុស»។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ចាត់​ទុក​ការ​ការពារ​សិទ្ធិ​របស់​ជនជាតិ​ភាគ​តិច​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចការ​របស់​ខ្លួន ហើយ​ការ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ជា​គោលដៅ​រយៈពេល​វែង​របស់​ខ្លួន»។​

ប្រទេស​ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ និង​ការ​ចោទប្រកាន់​ពី​ការ​ឃុំ​ខ្លួន​សមាជិក​ដ៏​ច្រើន​លើសលុប​នៃ​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម​នៅ​ក្នុង​ជំរំ​ប្រមូលផ្តុំ។

បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន Xinhua រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពណ៌នា​ជំរំ​នេះ​ថា​ជា មជ្ឈមណ្ឌល «បណ្តុះបណ្តាល​វិជ្ជាជីវៈ» ដើម្បី​ជួយ «បង្កើន​ការ​អភិវឌ្ឍ​ជនបទ» ក្នុង​តំបន់ Xinjiang។ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ក៏​ជា​មធ្យោបាយ​មួយ​ជួយ «ដោះស្រាយ​ការ​គំរាមកំហែង​ភេរវកម្ម និងសកម្មភាព​ជ្រុលនិយម​ផង​ដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua ដែល​បាន​យោង​ដល់​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​ក្នុង​ឆ្នាំ​២០១៤​នៅ​តំបន់​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្រសួង​ការបរទេស​ចិន​បាន​កត់​សម្គាល់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Bachelet ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល ១៧ ឆ្នាំ​មក​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា «ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​លើ​ផ្នែក​សិទ្ធិ​មនុស្ស យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​គួរ​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​នយោបាយ​នោះ​ទេ»។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Bachelet ធ្វើ​ឡើង​ចំ​ពេល​បញ្ចេញ​ឯកសារ​ប៉ូលិស Xinjiang ដែល​ជា ​«ទិន្នន័យ​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ប៉ូលិស​នៅ​ក្នុង​តំបន់​នេះ»។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។ ព័ត៌មាន​រួម​មាន​រូបថត​រាប់​ម៉ឺន​សន្លឹក ដែល​រួម​មាន​រូបថត​បង្ហាញ​ពី​មុខ​មនុស្ស និង​ឯកសារ​ដែល​បង្ហាញ​ថា​ រដ្ឋាភិបាល​ចិន​យក​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ជា​គោលដៅ​ដោយសារ​ជំនឿ​សាសនា​ឥស្លាម ​និង​ជាតិពន្ធុ​របស់​ខ្លួន។​

ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​មាន​ការ​សង្ស័យ​ថា នឹង​មិន​មាន​ផ្លែផ្កា​អ្វី​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ដោយសារ​តែ​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ចិន​នោះ លោក Irwin ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​នៅ​តែ​មាន​គុណតម្លៃ​ «ប្រសិន​បើ​ឧត្តមស្នងការ​ពិត​ជា​បាន​ដេញដោល​រដ្ឋាភិបាល​ពី​ភ័ស្តុតាង​យ៉ាង​ច្រើន​ដែល​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ដែល​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត​នោះ»។

លោក Irwin បាន​ថ្លែងថា៖ «ភាព​ខុស​គ្នា​រវាង​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ និង​ការ​ពិត​ដែល​បាន​កត់ត្រា​ដោយ​អង្គការ​របស់​យើង​ផ្ទាល់​មាន​ច្រើន​ណាស់​នៅ​ពេល​នេះ»៕

XS
SM
MD
LG