ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប. សង្កេត​ឃើញ​​មាន​​​​ការ​បន្ថយ​វិធានការ​​​របស់ពួកតាលីបង់​ក្នុងការ​បង្ខំ​​ឱ្យ​ស្ត្រី​​អាហ្វហ្គានីស្ថាន​ពាក់​ក្រណាត់រុំ​ hijab


ស្ត្រីអាហ្វហ្គានីស្ថានជិះសត្វលានៅតាមផ្លូវក្បែរភូមិ Shah Mari ខេត្ត Badakhshan កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (AFP)
ស្ត្រីអាហ្វហ្គានីស្ថានជិះសត្វលានៅតាមផ្លូវក្បែរភូមិ Shah Mari ខេត្ត Badakhshan កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (AFP)

របាយការណ៍ថ្មី​មួយ​របស់អ.ស.ប.បានចែង​កាលពីថ្ងៃព្រហស្បតិ៍​ទី​២ ខែឧសភា​ថា​រដ្ឋាភិបាល​របស់ពួក​តាលីបង់​ជ្រុល​និយមនៃប្រទេស​អាហ្វហ្គានីស្ថានបាន​បន្ធូរការ​ពង្រឹងបទ​ប្បញ្ញត្តិសម្លៀកបំពាក់ឬ​ការពាក់​ក្រណាត់រុំ​ hijabតាម​បែប​សាសនាអ៊ិស្លាម​សម្រាប់​ស្ត្រី។

ប៉ុន្តែ​ទោះ​យ៉ាងណាក៏​ដោយ ក៏បេសកកម្មជំនួយអ.ស.ប.​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឬ UNAMA បាន​កត់សម្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ត្រីមាសរបស់​ខ្លួន​ថា​ការរំលោភលើសិទ្ធិមនុស្សនៅ​តែមាន​តទៅទៀតនៅក្រោមរបបគ្រប់គ្រង​ដោយ​ក្រុមតាលីបង់។

ពួក​តាលីបង់បានដាក់កំហិតឱ្យ​ស្ត្រី​អាហ្វហ្គា​នីស្ថាន​ស្លៀកពាក់អ្វីដែល​ហៅ​ថា«hijab sharia»​ជាសាធារណៈដោយ​បិទ​មុខ​ពួក​គេទាំងស្រុងឬគ្រាន់តែ​បង្ហាញ​ភ្នែកពួក​គេ​ប៉ុណ្ណោះ។​ កិច្ច​ប្រតិបត្តិការ​ពង្រឹង​បទប្បញ្ញត្តិសម្លៀកបំពាក់នេះ​បានធ្វើឡើង​ដោយ​ក្រុម​បុគ្គលិក​នៃក្រសួង​បណ្តុះបណ្តាល​គុណធម៌​និងបញ្ចៀសអបាយមុខ។

នៅពេល​ដែល​ក្រុម​បេសកកម្មUNAMA​ នៅ​តែបន្តទទួល​របាយការណ៍អំពីការពង្រឹងការដាក់កំហិតឱ្យប្រើ​ក្រណាត់រុំ hijab ដោយ​ក្រសួងនេះរបស់ពួក​តាលីបង់ របាយការណ៍​នេះ​បានចែងថា«ឧប្បត្តិហេតុ​បែបនេះបានចុះថយ​ច្រើន​គួរសម​នៅក្រោយ​ខែមករាឆ្នាំ២០២៤​ ជាមួយ​ការបញ្ឈប់សកម្មភាព​ពង្រឹងបទបញ្ញត្តិនេះដែលមានរវាង​ខែធ្នូ២០២៣​និង​ខែមករា២០២៤»។

កាល​ពី​ថ្ងៃទី១១មករា UNAMA បាន​បង្ហាញការភ្ញាក់ផ្អើល​អំពី​ករណី​មួយចំនួនដែល​នារី​និង​ស្ត្រី​ខ្លះនៅ​អាហ្វហ្គានីស្ថាន​ត្រូវបាន​ឃាត់ខ្លួន​និងខ្លះ​ទៀត​ត្រូវបានធ្វើបាប​ដោយត្រូវចោទប្រកាន់​ថា​មិនបាន​គោរព​តាម​បទប្បញ្ញត្តិពាក់ក្រណាត់រុំ hijab។ នៅ​ពេលនោះ អាជ្ញាធរ​តាលីបង់បានច្រានចោល​ការព្រួយ​បារម្ភ​របស់​អ.ស.ប.ថា«មិនត្រឹមត្រូវ»​និងជា«ការឃោសនា»។

សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃទី២ ខែឧសភា​របស់​បេសកកម្ម UNAMA បាន​កត់​សម្គាល់ថាឆ្នាំ​សិក្សាថ្មី​នៅ​អាហ្វហ្គានីស្ថានបាន​ចាប់ផ្តើមដោយ​គ្មាន​វត្តមាន​ក្មេងស្រី​នៅ​ថ្នាក់​វិទ្យាល័យដោយសារ​ពួក​តាលីបង់​នៅ​តែបន្ត​ហាម​ប្រាម​នារី​មិនឱ្យ​រៀនហួសពីថ្នាក់ទី៦។

របាយរាយការណ៍នេះ​បាន​លើកឡើងថា «លិខិត​អញ្ជើញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ក្រសួង​អប់រំឱ្យទៅ​ចូលរួម​បើក​បវេសនកាល​ឆ្នាំសិក្សា​ថ្មីនៅ​ទីក្រុងកាប៊ុល​បានបង្គាប់​បញ្ជារ​ជា​ពិសេសកុំឱ្យ​អ្នកកាសែត​ស្រីទៅ​ចូល​រួម ដោយ​ចែង​ថា«គ្មាន​កន្លែង​សមរម្យសម្រាប់ស្ត្រី»ទេ។​

ក្រុមបេសកកម្មUNAMA បាន​រាយការណ៍​ថា ​ក្រុមអ្នក​សារព័ត៌មាន​និង​ពួកអ្នកធ្វើការ​ខាងបណ្តាញ​ព័ត៌មាននៅតែបន្ត​ធ្វើ​ប្រតិបត្តិការ​ក្នុង​បរិយាកាសមានឧបសគ្គ​ច្រើន​នៅ​អាហ្វហ្គានីស្ថាន ដោយ​បណ្តាញ​សារព័ត៌មានប្រឈមនឹងការរឹតត្បិតដោយ​ពួកតាលីបង់​និងការចាប់ឃុំឃាំង​តាម​អំពើ​ចិត្ត​នៅ​ពេល​បំពេញ​ការងាររបស់ពួកគេ។

សេចក្តីរាយការណ៍​នេះបាន​ថ្លែង​ថា​អាជ្ញាធរ​តាលីបង់បាន​ប្រហារ​ជីវិត​បុគ្គល​បី​នាក់ជា​សាធារណៈពី​បទ​ធ្វើ​ឃាត។ តាំង​ពី​ក្រុមតាលីបង់​ក្តាប់អំណាច​កាល​ពី​ខែសីហា២០២១មក ពួក​គេបាន​ប្រហារជីវិត​មនុស្ស​៥នាក់ជា​សាធារណៈ​ពីបទ​ធ្វើឃាត ទោះ​ជាអ.ស.ប.បាន​អំពាវនាវឱ្យ​បញ្ឈប់​ការធ្វើ​ដូច្នេះក៏​ដោយ។

ក្រុមបេសកកម្មUNAMA បាន​ពោល​ថា«អាជ្ញាធរ​ពិតប្រាកដ​នៃ​ប្រទេសអាហ្វហ្គានីស្ថានក៏​នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​ដោយវាយដោយ​រំពាត់ជាសាធារណៈ​។ ​ការ​ដាក់ទណ្ឌកម្មបែបនេះ​បានកើតឡើង​តិច​ណាស់​ក្នុង​ខេត្ត​មួយ​នៅ​រៀង​រាល់​សប្តាហ៍»។​

ពួកតាលីបង់​បានវាយ​បុរស​និងស្ត្រី​រាប់រយ​នាក់​ដោយ​រំពាត់​នៅ​ក្នុងកីឡាដ្ឋានដោយមាន​វត្តមានអ្នក​មើលរាប់ពាន់នាក់។ ក្រុម​ជន​រងគ្រោះត្រូវបានកាត់ទោស​ដោយ​តុលាការ​តាលីបង់​ឱ្យ មាន​ទោស​ពី​បទ​ចោទនានា​ដូច​ជា​ការលួច ការ​ប្លន់ ការផិត​ក្បត់​មាន​សាហាយ​ស្មន់​និង​«ឧក្រិដ្ឋកម្មខាងសីលធម៌»​ឯទៀតៗ។

ក្រុម​ស្ត្រី​អាហ្វហ្គានីស្ថាន​ត្រូវ​បានរារាំង​មិនឱ្យ​ធ្វើការ​នៅ​កន្លែងធ្វើការ​រដ្ឋ​និង​ឯកជន​ជាច្រើន មាន​រួម​ទាំង​អ.ស.ប.ផង​ដែរ។

មេដឹកនាំកំពូលតាលីបង់​លោក Hibatullah Akhundzada បាន​ការពារអភិបាលកិច្ចរបស់លោក ដោយនិយាយ​ថាការគ្រប់គ្រងនេះធ្វើតាមវប្បធម៌​ក្នុងមូលដ្ឋាន​និង​ច្បាប់​អ៊ិស្លាម។ លោកបានបដិសេធ​ការរិះគន់​អន្តរជាតិដល់​គោលនយោបាយ​របស់លោក​និង​ការបកស្រាយ​ម៉ឺងម៉ាត់នៃ​ច្បាប់អ៊ិស្លាមថា​ជា​ការជ្រៀតជ្រែក​ក្នុង​កិច្ចការផ្ទៃ​ក្នុង​នៃ​ប្រទេសអាហ្វហ្គានីស្ថាន។

សហគមន៍​អន្តរជាតិមិនបានទទួល​ស្គាល់​រដ្ឋាភិបាលតាលីបង់​ទេ​ដោយសារ​ការធ្វើ​បាប​យ៉ាង​សាហាវដល់​ស្ត្រី​អាហ្វហ្គានីស្ថាន៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG