ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ឲ្យ​រាជ​ទាយាទ​អារ៉ាប៊ី​សាអ៊ូឌីត​ទទួល​ខុស​ត្រូវ​លើ​ឃាត​កម្ម​លោក ​Khashoggi


រូបឯកសារ៖ អ្នក​ស្រី Agnes Callamard អ្នកស៊ើប​ការណ៍​​របស់​អង្គ​ការ​សហ​ប្រជាជាតិទទួល​បន្ទុក​ឃ្លាំមើល​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​ប្រហារ​ជីវិត​និង​ដោយ​មិន​រើស​មុខ។
រូបឯកសារ៖ អ្នក​ស្រី Agnes Callamard អ្នកស៊ើប​ការណ៍​​របស់​អង្គ​ការ​សហ​ប្រជាជាតិទទួល​បន្ទុក​ឃ្លាំមើល​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​ប្រហារ​ជីវិត​និង​ដោយ​មិន​រើស​មុខ។

អ្នកស៊ើប​ការណ៍​​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ម្នាក់​កំពុង​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ថ្កោល​ទោស​​ប្រទេស​អារ៉ាប៊ី​សាអូឌីត សម្រាប់​អ្វី​ដែល​អ្នក​ស្រី​ហៅ​ថា​​​ជា​ឃាត​កម្ម​គិត​ទុក​​មុន​ពី​សំណាក់​រដ្ឋាភិបាល​លើ​អ្នក​កាសែត​​អារ៉ាប៊ីសាអូឌីត Khashoggi។

អ្នកស្រី ​Agnes Callamard ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ឃ្លាំមើល​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​ប្រហារ​ជីវិត​និង​ដោយ​មិន​រើស​មុខ ​បាន​ឲ្យ​ដឹង​ថា​ ឃាតកម្ម​លើ​រូប​លោក ​Jamal Khashoggi ​គឺ​ជា​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​ផ្សេងៗ​ទៀតកាត់​ទោស​ជន​សង្ស័យ​ក្រោមការ​ទាមទារ​យុត្តាធិការ​ជា​សកល។​

អ្នក​ស្រីបាន​និយាយ​ថា៖ «ខ្ញុំ​បាន​អំពាវ​ឲ្យប្រទេស​ជា​សមាជិក​ដែល​បាន​បង្កើត​ដែន​យុត្តាធិការ​ជា​សកល ​ដើម្បី​ចាត់​វិធាន​ការ​ចាំ​បាច់ ​និង​ស៊ើប​អង្កេត​លើ​ជន​ទាំង​ឡាយណា​ដែល​ពាក់​ព័ន្ធទៅ​នឹង​បទ​ឧក្រិដ្ឋ​នេះ មិន​ថា​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​កន្លែង​កើត​ហេតុ និង​អ្នក​ដែលយើង​មាន​ភស្តុតាង​គ្រប់​គ្រាន់​ថា​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​នេះ»។

អ្នកស្រី​ Callamard ​ស្វាគមន៍​ការ​ថ្កោល​ទោស​ខ្លាំងៗ​ពី​សំណាក់សហគមន៍​អន្តរជាតិ​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក ​Khashoggi កាល​ពី​ខែ​តុលា​ នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត ​នៅ​ទី​ក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី។ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​ VOA​ ថា​សកម្ម​ភាព​ឆ្លើយ​តប​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​នេះ ​ត្រូវ​បាន​ផ្ដោត​តែ​ទៅ​លើ​បុគ្គល និង​មិន​បាន​ផ្ដោត​លើ​រដ្ឋាភិបាល​ ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នងការ​សម្លាប់​អ្នក​កាសែត​អារ៉ាប៊ី​សាអូឌីត​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ។

អ្នក​ស្រី​បាន​និយាយ​ថា៖ «សហគមន៍​អន្តរជាតិមិន​បាន​គិត​ពី​បញ្ហា​នេះ​ទេ។ ពួក​គេ​ចាត់​វិធាន​យ៉ាង​លឿន​ទៅ​លើ​ជន​សង្ស័យ​ប្រមាណ ១៥ ទៅ ១៧​ នាក់ ឲ្យ​ទទួល​ទណ្ឌកម្ម​...​សហគមន៍​អន្តរជាតិ​មិន​បានផ្ដោត​ទៅ​លើ​អ្នកបញ្ជា​ទេ។ ដូច្នេះ ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល​ទាំង​នោះ ​គ្រាន់​តែ​ជា​ការ​បង្វែរ​ដាន​ពី​មេ​ក្លោង​ប៉ុណ្ណោះ»។

រូបឯកសារ៖ អ្នក​កាសែត Khashoggi ដែល​ត្រូវ​បាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត ​នៅ​ទី​ក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី កាល​ពី​ខែ​តុលា ២០១៨។
រូបឯកសារ៖ អ្នក​កាសែត Khashoggi ដែល​ត្រូវ​បាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត ​នៅ​ទី​ក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី កាល​ពី​ខែ​តុលា ២០១៨។

អ្នក​ស្រី​បានឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​មិន​ជឿ​ទេ​ថា ​រាជ​ទាយាទ​ Mohammad bin Salman មិន​បាន​ដឹងពី​អំពើ​ហិង្សា​ ដែល​បានកើត​ឡើង​ក្នុង​ពេល​កន្លង​ទៅ មុន​ការ​ឈានដល់​ការ​ធ្វើ​ឃាត​លោក ​Khashoggi។

«ខ្ញុំ​ជឿ​ថា រាជ​ទាយាទ​ គឺ​ជា​ប្រធាន​បទ​នៃ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​លើ​ករណី​ឧក្រិដ្ឋកម្ម​នេះ ដើម្បី​កំណត់​ថា​តើ​ រាជ​ទាយាទ​រូប​នេះ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ឬ​យ៉ាង​ណា»។​

លោក​ Adel Bin Ahmed ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អារ៉ាប៊ី​សាអូឌីត បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បន្ទាន់​មួយ ចោទ​ប្រកាន់​អ្នកស្រី​ Callamard ​ថា​បាន​បាន​ចេញ​ផ្សាយ​របាយការណ៍​គ្មាន​មូលដ្ឋាន និង​មិន​ត្រឹម​ត្រូវ។ លោក​បាន​និយាយ​ថា របាយការណ៍​នេះលំអៀង ​និង​មិន​អាច​ទុក​ចិត្ត​បាន ដោយ​សារ​តែ​របាយការណ៍​ផ្អែក​លើ​ព័ត៌មាន​ចុះ​ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​ជំនាញ​ដែល​មិន​បញ្ចេញ​ឈ្មោះ។

ប៉ុន្តែ​អ្នកស្រី​ Callamard ​ដែល​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ប្រាប់ ​VOA ​ថា​ អ្នកស្រី គាំទ្រ​ភស្តុតាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ ​101 ​ទំព័រ​របស់​អ្នកស្រី។​ អ្នកស្រី​និយាយ​ថា អ្នកស្រី​មិន​បាន​បង្ហាញ​ឈ្មោះ​ប្រភព​ ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​របស់​ពួក​គេ។ អ្នកស្រី​បន្ថែម​ថា អ្នកស្រីបាន​តាម​ដាន​យ៉ាង​ដិត​ដល់ រាល់ប្រភព​ព័ត៌មាន​ដែល​អ្នក​ស្រី​បាន​ប្រមូល​មក។

អ្នកស្រី ​Callamard ​លើក​ឡើង​ថា អ្នក​ស្រី​មាន​ឆន្ទៈ​ប្រគល់​ជូន​ព័ត៌មាន​នេះ​ទៅ​ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ប៉ុន្តែ​អ្នកស្រី​និយាយ​ថា អ្នកស្រី​នឹង​មិន​ប្រគល់​ព័ត៌មាន​នេះ​ទៅ​កាន់​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត ដោយ​ហេតុ​ថាអ្នក​ស្រី​មិន​អាច​ទុក​អាជ្ញាធរ​អារ៉ាប៊ីសា​អូឌីតបាន​ឡើយ​ ជា​ពិសេស​បញ្ហា​សុវត្ថិភាព​របស់​ប្រភព​ព័ត៌មានរបស់​អ្នកស្រី៕

ប្រែ​សម្រួល​ដោយ សឿន​ វឌ្ឍនា

XS
SM
MD
LG