ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដោយពួកគេបានចាត់ទុកថា ការចាប់ខ្លួនបុរសទាំងពីរគឺជាការកំណត់គោលដៅរបស់រដ្ឋាភិបាលលើសេរីភាពក្នុងការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី។
លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ដោយសារលោកបានលក់អាវយឺតដែលមានរូបលោក កែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឧទ្ទិសដល់ខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ អ្នកវិភាគនយោបាយ និងសង្គម លោក កែម ឡី ត្រូវបានឃាតករដើរចូលទៅបាញ់សម្លាប់ក្នុងម៉ាតមួយនៅស្ថានីយ៍ប្រេងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ដោយឡែកលោក សួង នាគព័ន្ធ ត្រូវចាប់ខ្លួននៅចំថ្ងៃរំលឹកខួបនៃការបាញ់សម្លាប់រូបលោក កែម ឡី នៅពេលដែលលោក សួង នាគព័ន្ធ ព្យាយាមចូលរួមក្នុងការរៀបចំពិធីរំឭកខួបនោះ នៅទីតាំងនៃឃាតកម្ម។
បុរសទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បទចោទនេះអាចធ្វើឲ្យពួកគេប្រឈមនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំប្រសិនបើតុលាការរកឃើញថាពួកគេមានទោស។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សដែលរួមមានលោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកក្លេម៉ង់ នីយ៉ាឡិតសូស៊ី វូល (Clement Nyaletsossi Voule) លោក ដេវីដ ខេយ៍ (DavidKaye) លោកស្រី អាញ៉េស កាល់ឡាម៉ា (Agnes Callamard) និងលោកមីសែល ហ្វ័ស (Michel Forst) (មន្ត្រីអង្គការសហប្រជាជាតិទាំងប្រាំរូប) បានលើកពីកង្វល់របស់ខ្លួន ទាក់ទងនឹងការចោទប្រកាន់លើអ្នកគាំទ្រលោកបណ្ឌិត កែម ឡី ទាំងពីររូបខាងលើ។ អ្នកការពារសិទ្ធិមនុស្សទាំងប្រាំអះអាងថា លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ បានអនុវត្តសិទ្ធិស្របច្បាប់នៃសេរីភាពបញ្ចេញមតិរបស់ពួកគេ។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យអាជ្ញាធរដោះលែងនិងទម្លាក់ចោលបទចោទលើបុរសទាំងពីរ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលើលោក កែម ឡី។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ VOA ថាការឃាត់ខ្លួនបុរសទាំងពីររូបគឺធ្វើឡើងទៅតាមនីតិវិធីច្បាប់។
«ប្រសិនបើយើងមើលពីរូបភាពខាងក្រៅ គឺវាជាការធ្វើបុណ្យ ជាការជួបជុំ ជាការសម្តែងមតិ។ ក៏ប៉ុន្តែសមត្ថកិច្ចមានមូលដ្ឋានថាតើមានអ្វីនៅពីក្រោយនោះ ហើយមានអ្វីបង្កប់នូវចេតនាទុច្ចរិតដែលបង្ក នាំឲ្យមានភាពវឹកវរ និងមានបាតុភាពប្រឆាំងទៅនឹងរដ្ឋាភិបាល តាមការរៀបចំរបស់អង្គការចាត់តាំងផ្នែកនយោបាយនៅពីក្រោយ»។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ មិនអាចទាក់ទងបានទេនៅថ្ងៃសុក្រនេះ។
ក្រោយមានការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ក្រុមអង្គការសមាគមក្នុងស្រុកចំនួន៨៧ រួមមានអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) រួមទាំងអង្គការការពារសិទ្ធិមនុស្ស Human Rights Watch ស្នើសុំឲ្យដោះលែងអ្នកទាំងពីរឱ្យបានឆាប់ ដោយគ្មានលក្ខខណ្ឌ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកទាំងពីរ។
សហរដ្ឋអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងពីកង្វល់លើការចាប់ខ្លួនមនុស្សមួយចំនួនដែលចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក កែម ឡី នេះផងដែរ។សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះការណ៍ដែល«រដ្ឋាភិបាលកម្ពុជាបន្តប្រើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយមានលក្ខណៈនយោបាយដើម្បីយាយីពលរដ្ឋរបស់ខ្លួន»៕