ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅថ្ងៃសៅរ៍ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅពហុកីឡាដ្ឋានអូឡាំពិកក្នុងទីក្រុងភ្នំពេញ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៨យប់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ការប្រារព្ធពិធីនេះ នឹងមានការចូលរួមពីតំណាងអង្គការប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តំណាងសហភាពអឺរ៉ុប និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ ទោះបីជាទិវាសិទ្ធិមនុស្ស១០ធ្នូនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចដកចេញពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនៅឆ្នាំ២០២០ក៏ដោយ។
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៩ ដែលមានមូលបទថា «យុវជនក្រោកឡើង ដើម្បីសិទ្ធិមនុស្ស» នឹងរំលេចពីតួនាទីដឹកនាំនិងសក្តានុពលរបស់យុវជន ក្នុងការធ្វើជាភ្នាក់ងារនៃការផ្លាស់ប្តូរ។
កម្មវិធីនេះ ក៏នឹងរួមបញ្ចូលការប្រគល់«ពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស»ឆ្នាំ២០១៩ ដល់ជយលាភី ជាយុវជនដែលមានលក្ខណៈពិសេសនិងបានជួយលើកស្ទួយសិទ្ធិមនុស្សតាមរយៈការចូលរួមនៅក្នុងសហគមន៍របស់ពួកគេនៅកម្ពុជាផងដែរ៕