ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​សេដ្ឋកិច្ច ​អ.ស.ប.​មើល​ឃើញ​ពាណិជ្ជកម្ម​បែប​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​និយម​ជា​ការ​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច


កុងតឺន័រ​ត្រូវ​បាន​គេ​លើក​ដាក់​កប៉ាល់​នៅ​កំពង់ផែ Tianjin ក្នុង​ប្រទេស​ចិន។
កុងតឺន័រ​ត្រូវ​បាន​គេ​លើក​ដាក់​កប៉ាល់​នៅ​កំពង់ផែ Tianjin ក្នុង​ប្រទេស​ចិន។

របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​ដែល​​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី០១ ខែឧសភា បាន​ព្រមាន​ពី​ស្ថានភាព​សេដ្ឋកិច្ច​វិជ្ជមាន​នៅ​អាស៊ី​ថា «ប្រឈម​នឹង​ហានិភ័យ​ដ៏​ខ្លាំង» កើត​ចេញ​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​បែប​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​និយម ជាពិសេស​គឺ​ក្តី​បារម្ភ​ទៅ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​ដៃគូ​សំខាន់ៗ​ដូចជា​ប្រទេស​ចិន។

ការ​ស្ទង់​មតិ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់អ.ស.បប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ហៅកាត់ថា UNESCAP រកឃើញថាមានភាព​វិជ្ជមានច្រើន​សម្រាប់​តំបន់​នេះ ដោយសារតែ​ឥឡូវនេះមាន​ការ​នាំ​ចេញ​ជា​សាកល​ប្រមាណ​ជា​៣០%។ ប្រសិន​នៅ​តែ​បន្ត​ដូច្នេះ ការ​ស្ទង់​មតិ​នេះ​និយាយ​ថា ការ​នាំ​ចេញ​នេះ​នឹង​កើន​ដល់​៥០%​ នៅ​ក្នុង​ឆ្នាំ២០៥០។

អស់​រយៈពេល​ជាង​៧០​ឆ្នាំ កំណើន​ការ​នាំ​ចេញ​របស់​អាស៊ី​បាន​ជួយ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចេញ​ផុត​ពី​ភាព​ក្រីក្រ ដោយ​មាន​ទីផ្សារ​គោលដៅ​ដូចជា​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

ការ​ស្ទង់​មតិ​នេះ​បាន​រកឃើញផងដែរថា រយៈពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នេះ​ បាន​ប្តូរ​មក​ពឹង​ផ្អែក​លើ​តម្រូវការ​ក្នុង​ស្រុក​ច្រើន​ជាង​មុន ដោយសារ​តែ​ «មិន​សូវ​មាន​តម្រូវការពី​ក្រៅ​ប្រទេស និង​ភាព​ទន់​ខ្សោយ​នៃ​ពាណិជ្ជកម្ម​សាកល​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ»។

​ក្រុម​សេដ្ឋវិទូ​របស់​អ.ស.ប.​ទស្សន៍ទាយ​ថា កំណើន​សេដ្ឋកិច្ច​អាច​កើន​ដល់​ទៅ​ជិត​៥%​ ដោយ​ក្នុងនោះប្រទេស​ចិន ដែល​ជា​សសរ​ស្តម្ភ​នៃ​សេដ្ឋកិច្ច​ក្នុងតំបន់ នឹង​កើន​ដល់​៦,៥%​នៅ​ក្នុង​ឆ្នាំ២០១៧ ហើយ​ប្រទេស​ឥណ្ឌា​នឹង​កើន​បាន​៧,១%។

ស្ថានភាព​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ស្ថិរភាព ដោយ​មាន​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ហើយ​ការ​កាត់​បន្ថយ​បំណុល​ធ្វើ​ឲ្យ​មាន​ «និន្នាការ​កំណើន​ធម្មតា​ថ្មី​មួយ»។ ប្រទេស​រុស្ស៊ី​ដែល​ពឹង​ផ្អែក​លើ​តម្លៃ​ប្រេង​ក៏​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​នឹង​មាន​កំណើន​វិជ្ជមាន​នៅ​ក្នុង​ឆ្នាំ២០១៧​ផង​ដែរ។

ប៉ុន្តែផលប៉ះពាល់វិជ្ជមាន​ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​រំលង​ ដោយ​ក្តីបារម្ភ​នៃ​ពាណិជ្ជកម្ម​បែប​ការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ​និយមនេះ នឹង​ជះឥទ្ធិពល​លើ​ការងារ និង​កំណើន​សេដ្ឋកិច្ច។

របាយការណ៍នេះ​បង្ហាញថា «ហានិភ័យ​ខ្លាំង​បំផុត​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​វិជ្ជមាន​នេះ​គឺ​ការ​កើន​ឡើង​នៃ​ពាណិជ្ជកម្ម​បែប​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​និយម»។

របាយការណ៍នេះ​ក៏បាន​កត់​សម្គាល់​ពី​ការ​ផ្លាស់ប្តូរ​នា​ពេល​ថ្មី​ៗនេះ នៅ​ក្នុង​គោល​នយោបាយ​អាមេរិក​ទាក់ទង​នឹង​ពាណិជ្ជកម្ម រូបិយប័ណ្ណ និង​បញ្ហា​អន្តោប្រវេសន៍​ បូករួម​ជាមួយ​នឹង​ការ​ចរចា​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប «បាន​បង្ក​ឲ្យ​គោលនយោបាយ​ជា​សាកល​មាន​ភាព​មិន​ច្បាស់​លាស់ និង​អាច​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់ប្រទេសក្នុង​តំបន់ រួម​ទាំង​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​ និង​ការ​នាំ​ចេញ​សេវាកម្ម​របស់​ឥណ្ឌា​ផង​ដែរ»។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហាញ​គោលជំហរ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម និង​រូបិយប័ណ្ណ​របស់​ចិន នៅ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក ត្រាំ បាន​ទម្លាក់​ជំហរ​របស់​ខ្លួន នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​សម្លឹង​មើល​ប្រទេស​ចិន​ដើម្បី​គាំទ្រ​វិធានការ​ទប់ទល់​នឹង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី ស៊ី ជីងពីង ធ្វើ​ដំណើរ​ជាមួយ​គ្នា​ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្លឹប Mar-a-Lago កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី ស៊ី ជីងពីង ធ្វើ​ដំណើរ​ជាមួយ​គ្នា​ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្លឹប Mar-a-Lago កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។

អ្នកស្រី Shamshad Akhtar ​លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ UNESCAP បាន​និយាយ​ថា ការ​ជជែក​ដេញ​ដោល​លើ​ការ​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​និយម និង​ «ការ​មិន​ទុក​ចិត្ត​លើ​សាកលភាវូបនីយកម្ម» ចាំ​បាច់ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ។

អ្នកស្រីបាន​និយាយ​ថា «តំបន់​នេះ​ឥឡូវ​មាន​ការ​នាំចេញ​១ភាគ៣​នៃ​ការ​នាំ​ចេញ​របស់​ពិភពលោក​ទាំង​មូល។ ប៉ុន្តែ​ការ​មិន​ទុក​ចិត្ត​លើ​សាកលភាវូបនីយកម្ម​ និង​និន្នាការ​ទៅ​រក​ការធ្វើ​ពាណិជ្ជកម្ម​បែប​ការពារ​ផលប្រយោជនន៍​សេដ្ឋកិច្ច​ជាតិ​និយម ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជា​សាកល»។

អ្នកស្រី Akhtar ថ្លែង​បន្ត​ទៀត​ថា «ប្រសិន​បើ​មិន​ដោះស្រាយ​ទេនោះ វា​នឹងបង្ហាញ​ថា កំណើន​នៅ​ក្នុង​តំបន់​អាស៊ី និង​អាស៊ី​ប៉ាស៊ីហ្វិកពឹងផ្អែក​លើ​ការ​នាំចេញ​បែប​ប្រពៃណី​របស់​ខ្លួន​ដើម្បី​បង្កើត​ការងារ និង​វិបុលភាព​នៅក្នុង​តំបន់»។

គណៈកម្មការ​នេះ​បាន​និយាយ​ថា កំណើន​ពាណិជ្ជកម្ម​សាកល​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ការ​ពិភាក្សា​អំពី​កំណើន​នេះ ត្រូវ​បាន​សួរ​ដេញដោលដោយក្រុម​អ្នក​ប្រឆាំង​នឹង​សាកលភាវូបនីយកម្ម ជាពិសេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។​

ប៉ុន្តែ​អ្នកស្រី Akhtar បាន​និយាយ​ថា វា​មាន​ការ​ពិបាក​ក្នុង​ការ​ «បន្ទោស​លើ​សាកលភាវូបនីយកម្ម​ណាស់ ដោយសារ​តែ​ការ​ចល័ត​ពលកម្ម ដើម​ទុន​ និង​អ្វី​ផ្សេងៗ​ទៀត​ដែល​បាន​កើត​ឡើង​អស់​រយៈ​ជាច្រើន​ឆ្នាំ​មក​ហើយ»។

អ្នកស្រីបានថ្លែងយ៉ាងដូច្នេះ​ថា «ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​យល់​ឲ្យ​បាន​ត្រឹមត្រូវ​ថា ការ​មិន​ទុក​ចិត្ត​លើ​សាកលភាវូបនីកម្ម​ជាការ​បោកប្រាស់​របស់​អ្នក​នយោបាយ ប៉ុន្តែ​ពិត​ណាស់​យើង​ត្រូវ​ដើរ​តាម​គោលនយោបាយដែល​ត្រឹមត្រូវ»។

ការ​ស្ទង់​មតិ​របស់​អ.ស.ប.​បាន​បង្ហាញទៀត​ថា ការ​ទស្សន៍ទាយ​បាន​បង្ហាញ​ថា ប្រសិន​បើ​មាន​ការកើន​ឡើង​ពាណិជ្ជកម្ម​បែប​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​និយម​ និងភាព​មិន​ច្បាស់​លាស់​ជា​សាកល​ នោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់ៗ​អាច​នឹង​ធ្លាក់​ចុះ​ទៅ​ដល់​១,២%។

ការ​ស្ទង់​មតិ​នេះ​បាន​កត់​សម្គាល់​ថា ខណៈ​ដែល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តែ «ជា​កម្លាំង​នៃ​កំណើន​សេដ្ឋកិច្ច​សាកល» ការ​រីកលូតលាស់​នេះ​មិន​គ្រប់គ្រាន់​ ដើម្បី​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទាំង​នេះ​បាន​ឡើយ។

គណៈកម្មការ​បាន​ចង្អុល​បង្ហាញ​ថា វិសមភាព​ប្រាក់​ចំណូល​ដែល​ចេះ​តែ​កើន​ឡើង ជាមួយ​នឹង​កំណើន​ការងារ​សមរម្យ​ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ។

តំបន់​នេះ​ក៏ «ធ្លាក់​ចំណាត់​ថ្នាក់​នៅ​ក្រោម​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​ការ​ការពារ​ផ្នែក​សង្គម ហិរញ្ញវត្ថុ និង​សារព័ត៌មាន» ដែលផ្ទុយ​ពី​កម្រិត​នៃ​ការ​ចំណាយ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។

ការ​បំផ្លាញ​បរិស្ថាន​ជា​ក្តី​បារម្ភ​ចម្បង​មួយ បើ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​ក៏​ដោយ ដែល​ការណ៍​នេះ​នឹង​បណ្តាល​ឲ្យ​មាន​ការចំណាយ​យ៉ាងច្រើន​ទៅ​លើ​ការ​ការពារ​បរិស្ថាន។

មនុស្ស​ម្នា​ពាក់​ស្រោម​មុខ​ការពារ​នៅ​ក្បែរ​ផ្លូវ Bund ក្នុង​ក្រុង Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
មនុស្ស​ម្នា​ពាក់​ស្រោម​មុខ​ការពារ​នៅ​ក្បែរ​ផ្លូវ Bund ក្នុង​ក្រុង Shanghai ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

ការ​ស្ទង់​មតិ​នេះ​បាន​រក​ឃើញ​ថា «នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍនៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមធ្យមប្រើប្រាស់​ធនធាន​ច្រើន​ជាង​២​ដង​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក​ ដើម្បី​ទទួល​បាន​ចំណូល​មួយ​ដុល្លារ​ទៅ​ក្នុង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ ការ​បំផ្លាញ​បរិស្ថាន និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនមិនត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ទិន្នន័យ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ដែល​អាច​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ឡើយ»។​

ការ​ស្ទង់​មិត​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​អភិបាលកិច្ចល្អ​ និង​ការ​ទទួល​ខុសត្រូវ​ល្អ​ប្រសើរ​ជាង​មុន ដែល​គេ​មើល​ឃើញ​ថា​ជា​វិធានការ​សម្រាប់​សេដ្ឋកិច្ច​ល្អ​ប្រសើរ។

ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា ប្រទេស​ដែល​មាន​អភិបាលកិច្ច​ល្អ ​ផ្តោត​លើ​នីតិរដ្ឋ បទបញ្ញត្តិ​ ទប់ស្កាត់​អំពើ​ពុករលួយ និង​ប្រសិទ្ធិភាព​រដ្ឋាភិបាល​ក៏ «ទំនង​នឹង​ផ្លាស់ប្តូរ និង​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន ​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធិផល»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG