ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បដិសេធ​រឿង​ដែល​លោក​ជំទាស់​នឹង​​តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម


អនុ​ប្រធានាធិបតី​ទី​១​របស់​ប្រទេស​ស៊ូដង់ខាងត្បូង​លោក Riek Machar (ឆ្វេង) និង​លោក​ប្រធានាធិបតី​ Salva Kiir (ស្តាំ)​ ចាប់ដៃ​គ្នា​បន្ទាប់​ពីកិច្ច​ប្រជុំលើកដំបូងនៃ​រដ្ឋាភិបាល​ចម្រុះ​ថ្មីនៅ​ក្នុង​រដ្ឋធានី​ជូបាកាលពី​ខែ​មេសា ទី​២៩ ២០១៦។
អនុ​ប្រធានាធិបតី​ទី​១​របស់​ប្រទេស​ស៊ូដង់ខាងត្បូង​លោក Riek Machar (ឆ្វេង) និង​លោក​ប្រធានាធិបតី​ Salva Kiir (ស្តាំ)​ ចាប់ដៃ​គ្នា​បន្ទាប់​ពីកិច្ច​ប្រជុំលើកដំបូងនៃ​រដ្ឋាភិបាល​ចម្រុះ​ថ្មីនៅ​ក្នុង​រដ្ឋធានី​ជូបាកាលពី​ខែ​មេសា ទី​២៩ ២០១៦។

អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​​ស៊ូដង់​ខាង​ត្បូង​ លោក​ Salva Kiir កំពុង​ការពារ​មតិ​ក្នុង​អត្ថបទ​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ The New York Times ដែល​អំពាវនាវ​ឲ្យ​មាន​គណៈកម្មការ​ស្វែង​រក​ការពិត​មួយ​ ជំនួស​តុលាការ​កាត់​ទោស​អំពី​ការ​រំលោភ​បំពាន​ដែល​បាន​ប្រព្រឹត្ត​ឡើង​អំឡុង​ពេល​សង្រ្គាម​ក្នុង​ស្រុក​ទើប​តែ​កើត​ឡើង​ថ្មី​ៗ​នេះ។​

​ក្រុម​អ្នក​នាំ​ពាក្យ​របស់​អតីត​មេ​ដឹកនាំ​បះ​បោរ​ និង​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​ទីមួយ​ លោក​ Riek Macharដែល​មាន​ឈ្មោះលោក​ជា​សហ​និពន្ធ​ក្នុងអត្ថបទ​នោះ​ បាន​និយាយ​ថា​លោក Machar មិន​បាន​សរសេរ​អត្ថបទ​នោះ​ឡើយ​ ហើយ​គាត់ពិត​ជា​គាំទ្រ​ការ​បង្កើត​តុលាការ​កូន​កាត់​មួយ។

នៅ​ដើម​សប្តាហ៍​នេះ​ សារព័ត៌មាន​ The New York Times បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​អ្នក​និពន្ធ​គឺ​ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង​ លោក​ Salva Kiir​ និង​លោកRiek Machar ជា​គូ​ប្រជែង​ដែល​ក្លាយ​ជា​អនុ​ប្រធានាធិបតី​ទីមួយរបស់​លោក។

នៅ​ក្នុង​អត្ថបទ​នោះ​ បង្ហាញ​ថា​ពួក​គេ​បាន​ប្រកែកគ្នា​អំពី​ការ​បង្កើត​តុលាការ​ដែល​ស្នើ​ឡើង​ឲ្យ​មាន​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​ ដើម្បី​កាត់​ទោស​ជន​ដៃ​ដល់​នៃ​អំពើ​ឃោរឃៅ​នៅ​អំឡុង​ពេល​សង្រ្គាម​ស៊ីវិល​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​កន្លងមក។

Ateny Wek Ateny អ្នក​នាំ​ពាក្យ​របស់លោក​ Kiirបាន​តវ៉ា​ថា​ការ​បង្កើត​តុលាការ​កូន​កាត់​ នឹង​ជំរុញ​ឲ្យ​ប្រទេស​ត្រឡប់​ទៅ​រកអំពើ​ហិង្សា​វិញ។

«ស្ថានភាព​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ មាន​លក្ខណៈ​ពិបាក​ខ្លាំង​ណាស់។​ មនុស្ស​ដែល​យើង​ចង់​យក​ទៅ​តុលាការ​នៅ​កាន់​អាវុធ​នៅ​ឡើយ។​ នៅ​ពេល​ពួក​គេ​ដឹង​ថា ​ពួក​គេ​មិន​ត្រូវ​បាន​ការពារ​ទេ ​ពួក​គេ​នឹង​បង្ក​ចលាចល​ ព្រោះ​ពួក​គេ​មាន​អាវុធ»។

ប៉ុន្តែ​ យុត្តិធម៌​ គឺ​ជា​តម្រូវការដ៏ចម្បង​មួយ​របស់​ប្រជាជន​ស៊ូដង់​ខាង​ត្បូង​ ដែល​រស់រាន​មាន​ជីវិត​ក្រោយ​សង្រ្គាម។

សកម្មជនសិទ្ធិ​មនុស្ស​លោក​ Edmund Yakani បាន​និយាយ​ថា​អត្ថបទ​នេះ​ គឺ​ជា​ចេតនា​មួយដើម្បី​ឲ្យ​ឧក្រិដ្ឋ​ជន​សង្រ្គាម​ នៅ​ក្នុងជួរ​រដ្ឋាភិបាល​ អាច​គេច​ផុត​ពី​តុលាការ។

លោក​និយាយ​ថា​ ប្រសិនបើ​គ្មាន​តុលាការ​ទេ​ នោះ​ការ​រំលោភ​បំពាន​នឹង​នៅ​តែ​បន្ត​។

«ចំពោះ​ខ្ញុំ​ ការ​ធ្វើ​ដូច្នេះ​ បញ្ជាក់​ថា​ពួក​គេ​ជា​អ្នក​នយោបាយ​ដែល​កំពុង​ប្រើ​អំពើ​ហិង្សា​ជា​មធ្យោបាយ​ក្នុង​ការ​ទិញ​អំណាច​ ពីព្រោះ​ប្រសិនបើ​ពួក​គេ​ជឿ​ថា​ការ​ប្រើអំពើហិង្សា​មិន​មែន​ជា​ជម្រើស​នៃ​ការ​ទិញ​អំណាច​នោះ​ ពួក​គេ​អាច​ជំរុញ​ឲ្យ​មាន​តុលាការ​ ដើម្បី​នៅ​ថ្ងៃ​មុខ​ អ្នក​ដទៃ​នឹង​មិន​ប្រើ​ហិង្សា​ជា​មធ្យោបាយ​ទិញ​អំណាច​ទៀត​។​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ ដោយសារ​បច្ចុប្បន្ន​នេះ​ ពួក​គេ​មាន​អំណាច​ គេ​គិត​ថា​មិន​ចាំ​មាន​តុលាការ​ស្វែង​រក​យុត្តិធម៌​ទេ»។

ដោយឡែក​ អ្នក​គាំទ្រ​របស់ ​លោក Machar ចង់​ឲ្យ​មាន​តុលាការ​យ៉ាង​ខ្លាំង​ ដោយនិយាយ​ថា​ពួក​គេ​ជា​មុខ​សញ្ញា​របស់​ក្រុម​ទាហាន​របស់​លោក​ Kiir។

លោក​ Jacob Chol សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Jubaបាន​និយាយ​ថា​ប្រសិនបើ​លោក​ Machar មិន​យល់​ស្របនឹង​ការ​បង្កើតតុលាការ​កូន​កាត់​នេះ​ អ្នក​គាំទ្រ​គាត់​នឹង​លែង​ដើរ​តាម​គាត់។

«ប្រសិនបើ​គាត់​និយាយ​ថា​ «គឺ​អ៊ីចេះ​ ខ្ញុំ​មិន​ចង់​មាន​តុលាការ​ទេ»​ អ្នក​គាំទ្រ​នឹង​មើល​គាត់​ហើយ​និយាយ​ថា​ «បើ​អ៊ីចឹង​ លោក​មិន​មែន​ជា​មនុស្ស​ប្រាកដ​ប្រជា​ទេ»។​ ពួក​គេ​នឹង​យល់​ថា​គាត់​ជា​មនុស្ស​កុហក​ និង​ជា​អ្នក​នយោបាយ​អាក្រក់​ម្នាក់»។

Nyarji Roman ​អ្នក​នាំ​ពាក្យ​រង​របស់​ Macharបាន​ចោទ​ភាគី​ខាង​លោក​ Kiirអំពី​ការ​ដាក់​បញ្ជូន​អត្ថបទ​នេះ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អនុ​ប្រធានាធិបតី។

លោក​ Ateny អ្នក​នាំ​ពាក្យ​លោក​ Kiirបាន​សារភាព​ថា​ លោក​ប្រធានាធិបតី​ និង​លោក​ Machar មិន​បាន​សរសេរ​អត្ថបទ​នោះ​ទេ។​ លោក​និយាយ​ថា​វា​ចេញ​ពី​ការិយាល័យ​របស់​លោក​ ដោយ​មាន​ជំនួយ​ពី​ក្រុម​ជំនាញ​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​អន្តរជាតិ។​ ប៉ុន្តែ​ លោក​បាន​អះអាង​ថា​ លោកMachar បាន​យល់ព្រម​ឲ្យ​ចេញ​ផ្សាយ​អត្ថបទ​នេះ។

លោក​ Romanបាន​និយាយ​ថា​អតីត​ភាគី​អ្នក​បះបោរ​ ដែល​មានឈ្មោះ​ ក្រុមប្រឆាំង SPLM-Inនឹង​សហប្រតិបត្តិការ​តាម​នីតិវិធី​តុលាការ។

«ប្រសិនបើ​មាន​ភស្តុតាង​គ្រប់​គ្រាន់​បង្ហាញ​ថា​សមាជិក​ SPLM-IOមាន​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ណា​មួយ​នោះ​ យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​តុលាការ។​ យើង​មិន​ប្រកាន់​ទេ»។

The New York Times មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ឈ្មោះ Machar ថា​ជា​អ្នក​សរសេរ​អត្ថបទ​នោះ​។

ទោះយ៉ាង​ណា​ សាស្រ្តាចារ្យ​ Chol បាន​និយាយ​ថា​ហេតុការណ៍​នៃ​រឿង​នេះ​បង្ហាញ​ពី​ភាព​មិន​ទុកចិត្ត​គ្នា​រវាង​ លោក ​Kiir និង​លោក ​Macharដែល​បាន​ចូល​រួម​ក្នុង​រដ្ឋាភិបាល​រួប​រួម​មួយ​ កាលពី​ខែ​មេសា។

លោក ​Cholបាន​បន្ថែម​ថា​ការ​ពិត​ដែល​រដ្ឋាភិបាល​គាំទ្រ​អត្ថបទ​អ្នក​និពន្ធ​នេះ​ បង្ហាញ​ថា​ពួក​គេ​អាច​ភ័យ​ខ្លាច​ថា​តុលាការ​អន្តរជាតិ​អាច​នឹង​សម្រេច​កាត់​ទោស​សមាជិក​មួយ​ចំនួន​របស់​ពួក​គេ។

«រដ្ឋាភិបាល​មាន​ការ​បារម្ភ​ច្រើន​ណាស់​ ដោយសារ​មនុស្ស​ជាច្រើន​ក្នុងជួរ​រដ្ឋាភិបាល​ នឹង​ត្រូវ​នាំ​ខ្លួន​ចូល​តុលាការ​នោះ»។

ចំពោះ​ប្រជាជន​ស៊ូដង់​ខាង​ត្បូង​ ការ​ជជែក​វែក​ញែក​អំពី​យុត្តិធម៌​សម្រាប់​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ គឺ​មិន​ងាយ​ចប់​ឡើយ។

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG