លោកស្រី Michelle Bachelet ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតអ្វីដែលលោកស្រីបាននិយាយថា ប៉ូលិសក្រុងហុងកុងបានប្រើកលល្បិចដែលត្រូវបានហាមឃាត់ដើម្បីបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋាភិបាល។
លោកស្រី Michelle Bachelet ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងសម្តែងនូវការព្រួយកង្វល់អំពីអំពើហឹង្សារាលដាលកាន់តែធំឡើងនៅក្នុងទីក្រុងហុងកុង ហើយនឹងការព្រួយបារម្ភអំពីអំពើហឹង្សាដែលលែងគ្រប់គ្រងបាន។ លោកស្រីកំពុងជំរុញឲ្យពួកបាតុករសម្តែងនូវទុក្ខសោករបស់ខ្លួនដោយសន្តិវិធី ហើយកុំជ្រើសរើសហឹង្សាឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Bachelet កំពុងជំរុញឲ្យពួកអាជ្ញាធរក្រុងហុងកុងទប់កុំឲ្យប្រើយុទ្ធវិធីខ្លាំងៗដែលរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងជួបប្រជុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋហើយដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។
លោក Rupert Colville អ្នកនាំពាក្យរបស់លោកស្រីនិយាយថា ស្នងការសិទ្ធិមនុស្សទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានការភ្ញាក់ផ្អើលពីវិធីដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសន្តិសុខដែលមានគ្រោះថ្នាក់និងត្រូវបានគេហាមឃាត់។
លោក Rupert Colville និយាយបន្តទៀតថា៖ «ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានពិនិត្យឃើញភស្តតាងដែលអាចជឿទុកចិត្តបានថា មន្រ្តីពង្រឹងច្បាប់បានប្រើអាវុធដែលមិនបណ្តាលឲ្យស្លាប់តាមវិធីផ្សេងៗដែលត្រូវបានហាមឃាត់ដោយច្បាប់និងបទដ្ឋានអន្តរជាតិ។ ឧទាហរណ៍ ពួកមន្រ្តី អាចត្រូវបានគេមើលឃើញបាញ់ឡតកាំភ្លើងមានផ្ទុកឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងមនុស្ស ឡោមព័ទ្ធកន្លែងនានា និងបាញ់តម្រង់បាតុករដោយផ្ទាល់និងជាច្រើនលើក ដោយធ្វើឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់ ឬរបួសយ៉ាងធ្ងន់ធ្ងរ»។
លោក Colville និយាយទៀតថា មានគោលការណ៍ណែនាំដ៏ច្បាស់លាស់អំពីរបៀបប្រើអាវុធដែលមិនបណ្តាលឲ្យស្លាប់យ៉ាងដូចជាការប្រើឧស្ម័នបង្ហូរទឹកភ្នែក ដំបង និងគ្រាប់កាំភ្លើងជ័រ។ លោកបាននិយាយថា៖ «ក្រុមមន្រ្តីពង្រឹងច្បាប់ គួរតែប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករជាជម្រើសចុងក្រោយនៅពេលមានអំពើហិង្សា គំរាមកំហែងកាន់តែធំឡើងធ្វើឲ្យមនុស្សរងរបួសជាទម្ងន់ ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ ហើយនៅក្នុងស្ថានភាពនេះ ឡតគ្រាប់កាំភ្លើង ត្រូវតែបាញ់បង្ហើរឡើងលើ មិនត្រូវបាញ់តម្រង់ទេ»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យពួកអាជ្ញាធរក្រុងហុងកុងធ្វើការស៊ើបអង្កេតឧបទ្ទវហេតុទាំងនោះជាបន្ទាន់ហើយនឹងធ្វើឲ្យប្រាកដថា បុគ្គលិកសន្តិសុខត្រូវអនុវត្តទៅតាមច្បាប់នៅពេលទាក់ទិននឹងឧបទ្ទវហេតុបែបនេះ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះបានព្រមានថា ការប្រើកម្លាំងហួសនឹងធ្វើឲ្យការតានតឹងកាន់តែខ្លាំងឡើងហើយស្ថានភាពកាន់តែអាក្រក់ឡើង។
លោកស្រី Bachelet ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏កំពុងជំរុញឲ្យភាគីទាំងអស់ដោះស្រាយស្ថានភាពនេះតាមរយៈការសន្ទនាមិនឆេវឆាវនិងប្រកបដោយអត្ថន័យ៕
ប្រែសម្រួលដោយជឹង ប៉ូជីន