លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានវាយប្រហារទៅលើគោលនយោបាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ចិន ក៏ប៉ុន្តែបដិសេធមិនរិះគន់លើសម្ពាធរបស់ក្រុងប៉េកាំងដែលដាក់ទៅលើទីក្រុងហុងកុងទេ។
នៅក្នុងការថ្លែងសុន្ទរកថានៅទីក្រុង Pittsburg កាលពីថ្ងៃអង្គារទី ១៣ ខែសីហាកន្លងទៅនេះ លោកត្រាំ បាននិយាយថា ប្រទេសចិនបានប្រើប្រាស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រយោជន៍ខ្លួនឯង និងទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ដើម្បីធ្វើឲ្យខ្លួនឯងមានប្រៀបនៅក្នុងរឿងពាណិជ្ជកម្ម។ ក៏ប៉ុន្តែ លោកត្រាំបាននិយាយថា ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងហុងកុង គឺពួកគេផ្ទាល់ជាអ្នកដោះស្រាយ។
បាតុកម្មនៅអាកាសយាន្តដ្ឋានក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារបានក្លាយទៅជាអំពើហិង្សាគ្រាដែលក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលិស ដែលបានធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ។ លោកប្រធានាធិបតី ត្រាំ បានហៅហេតុការណ៍នេះថា ជាស្ថានការណ៍ដ៏លំបាកមួយ ហើយបង្ហាញក្តីសង្ឃឹមថា អ្វីៗនឹងបញ្ចប់ទៅដោយល្អ។
លោកប្រធានាធិបតី ត្រាំ ថ្លែងថា៖
«បញ្ហានៅទីក្រុងហុងកុង គឺជាស្ថានការដ៏លំបាកមួយ គឺពិតជាលំបាកមួយ។ យើងនឹងចាំមើលថា នឹងមានអ្វីកើតឡើង។ ក៏ប៉ុន្តែ ខ្ញុំប្រាកដថា នឹងមានដំណោះស្រាយ។ ខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយសម្រាប់គ្រប់ភាគីទាំងអស់ រួមទាំងប្រទេសចិនផងដែរ»។
កាលពីព្រឹកថ្ងៃអង្គារ លោកត្រាំបាននិយាយថា លោកបានដឹងថា ទីក្រុងប៉េកាំង បានដាក់ពង្រាយទ័ពនៅព្រំដែនទីក្រុងហុងកុង ហើយបានអំពាវនាវឲ្យគ្រប់គ្នា «ធ្វើចិត្តឲ្យស្ងប់ និងរក្សាសុវត្ថិភាព»។ ក៏ប៉ុន្តែ លោកត្រាំ បានបដិសេធមិនបង្ហាញជំហររបស់លោកនោះទេ ចំពោះសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័ណ្ណជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋទៅប្រទេសចិនដីគោក។
អ្នកប្រឆាំងមើលឃើញសេចក្តីព្រាងច្បាប់នេះ ថាជាការផ្តល់សេរីភាពដល់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការចាប់ខ្លួនជនប្រឆាំង និងលុកលុយចូលលិទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង។ មនុស្សរាប់លាននាក់ បានប្រមូលផ្តុំគ្នាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះតាំងពីខែមិថុនា។
ក៏ប៉ុន្តែចំពោះប្រធានបទពាណិជ្ជកម្ម និងសេដ្ឋកិច្ចវិញ លោក Trump បាននិយាយឌឺដងខ្លះៗទៅលើប្រទេសចិន កាលពីថ្ងៃអង្គារ។
«ប្រទេសចិន បានធ្វើឲ្យខ្លួនឯងមានភាពប្រសើរឡើង។ ពួកគេធ្វើបានល្អណាស់។ ក៏ប៉ុន្តែ វាជាការកេងចំណេញលើប្រទេសយើងរាប់ឆ្នាំមកហើយ ហើយរឿងនេះ វាបានកើតឡើងតាមរយៈប្រាក់របស់យើង និងការគាំទ្រពីសំណាក់អង្គការពាណិជ្ជកម្មពិភពលោក។ ហើយបន្ទាប់មកពួកគេ បានទាញប្រយោជន៍ពីគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ ហើយពាក្យ «ទាញប្រយោជន៍» នេះ គឺខ្ញុំប្រើពាក្យល្អហើយ»។
លោកត្រាំក៏បានចោទប្រទេសចិនរឿងបន្ទាបតម្លៃរូបិយប័ណ្ណផងដែរ ដែលរឿងនេះ ទីក្រុងប៉េកាំងបានបដិសេធ។ អ្នកវិភាគខ្លះបានគាំទ្រការអះអាងរបស់ប្រទេសចិន។ លោក Christopher Dembik ជាអ្នកវិភាគម៉ាក្រូសេដ្ឋកិច្ចនៅធនាគារ Saxo ថ្លែងថា៖
«និយាយទៅ ប្រទេសចិនមិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់តម្លៃអត្រាប្តូរប្រាក់ទេ។ ដូចដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានចង្អុលបង្ហាញក្នុងរបាយការណ៍របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថា អត្រាប្តូរប្រាក់យ័នរបស់ចិន មានភាពសមស្របទៅតាមសេដ្ឋកិច្ចរបស់ប្រទេសចិន។ ដូច្នេះ វាខុសទាំងស្រុងដែលលោកប្រធានាធិបតីត្រាំ និយាយថា ចិនបានដំឡើងការប្រប្រកួតប្រជែងរបស់ខ្លួនដោយបន្ទាបតម្លៃប្រាក់យ័នរបស់ខ្លួនឯងនោះ»។
លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកបានចំណេញប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការដាក់ពន្ធទៅលើទំនិញនាំចូលពីប្រទេសចិន ក៏ប៉ុន្តែកាលពីថ្ងៃអង្គារ លោកបានប្រកាសអំពីការសម្រេចរបស់លោកក្នុងការពន្យាពេលការដាក់ពន្ធបន្ថែមទៅលើទំនិញនាំចូលពីប្រទេសចិន រហូតដល់ពាក់កណ្តាលខែធ្នូខាងមុខនេះ ដើម្បីជួយដល់អតិថិជនអាមេរិកាំង៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់