ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា ស្ថានភាពសន្តិសុខជាទូទៅនៅអាហ្វហ្គានីស្ថាន កាន់តែធ្លាក់ដុនដាប តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីជនបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់ម្នាក់បានសម្លាប់ទាហានអាមេរិកាំងអស់៦នាក់ នៅក្នុងការវាយប្រហារមួយទៅលើកងល្បាតរបស់អង្គការអូតង់។
លោក Nicholas Haysom បានមានប្រសាសន៍ថា កងទ័ពអាហ្វហ្គានីស្ថាន «អស់សមត្ថភាពហើយ» ហើយត្រូវការការរៀបចំរដ្ឋបាល និងកិច្ចប្រឹងប្រែងថែមទៀតដើម្បីបង្កើនទឹកចិត្តប្រយុទ្ធឲ្យខ្លាំងក្លាថែមទៀត។ លោកក៏បានជំរុញឲ្យមានការវិវត្តនយោបាយទៅមុខទៀតដោយនិយាយថា រដ្ឋាភិបាលរួបរួមគ្នារបស់ប្រទេសអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវបង្ហាញឲ្យឃើញពីប្រសិទ្ធភាពកាន់តែខ្លាំងឡើងថែមទៀត នៅឆ្នាំក្រោយ។
រយៈពេលមួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីក្រុមចម្រុះរបស់អង្គការអូតង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ចប់បេសកម្មប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានផ្ទេរភារកិច្ចទៅជាកងកម្លាំងមួយ ដែលជួយហ្វឹកហ្វឺននិងផ្តល់ប្រឹក្សាដល់កងទ័ពអាហ្វហ្គានីស្ថានវិញនោះ ដោយសារតែកងកម្លាំងអាហ្វហ្គានីស្ថាន ព្យាយាមការពារប្រទេសរបស់ខ្លួនដោយខ្លួនឯងនោះ។
ទាហានអាមេរិកាំងជាង១.៨០០នាក់ បានស្លាប់ចាប់តាំងពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០០១មក៕