ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អគ្គ​លេខាធិការ​អ.ស.ប.​មាន​ប្រសាសន៍​ថា​ ​ជំងឺ​កូវីដ១៩​ជា​ឧបសគ្គ​ដល់​សន្តិភាព​និង​សន្តិសុខ​សាកល


រូប​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​លើ​អេក្រង​​នៅ​ក្រសួង​បរិស្ថាន​អាល្លឺម៉ង់ ក្នុង​ពេល​លោក​ថ្លែង​ក្នុង​វេទិកា​អាកាសធាតុ​ក្រុង Petersberg នៅ​ប្រទេស​អាល្លឺម៉ង កាល​ពី​ខែ​មេសា ២០២០។
រូប​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​លើ​អេក្រង​​នៅ​ក្រសួង​បរិស្ថាន​អាល្លឺម៉ង់ ក្នុង​ពេល​លោក​ថ្លែង​ក្នុង​វេទិកា​អាកាសធាតុ​ក្រុង Petersberg នៅ​ប្រទេស​អាល្លឺម៉ង កាល​ពី​ខែ​មេសា ២០២០។

លោក ​Antonio Guterres ​បាន​មាន​ប្រសាសន៍​ថា​ ផល​វិបាក​ជា​អវិជ្ជមាន​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ស្ថិរភាព។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២​ខែ​កក្កដា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ Antonio Guterres ​បាន​ព្រមាន​ថា​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សន្តិភាព​និង​សន្តិសុខ​នៅទូទាំង​ពិភព​លោក។​

លោក​ Guterres ​បាន​មាន​ប្រសាសន៍​ថា៖​ «សន្តិសុខ​រួម​និង​សុខុមាល​ភាព​រួម​គ្នា​របស់​យើង​កំពុង​រង​ការ​វាយ​ប្រហារ​ពី​គ្រប់​ទិស​បណ្តាល​មក​ពី​ជំងឺ​មិន​ថមថយ​នេះ​ និង​សាកល​លោក​ដែល​មានភាព​ផុយ​ស្រួយ​ដោយសារ​ជម្លោះ​នានា។​ បញ្ហា​ប្រឈម​របស់​យើង​គឺ​ត្រូវ​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​នៅ​ពេល​នេះ​ផង​និង​ជ្រោមជ្រែង​សសរ​ស្ដម្ភ​នៃ​សន្តិសុខ​សម្រាប់​ថ្ងៃ​ខាង​មុខផង»។​

លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ការ​ប្រជុំ​កម្រិត​ខ្ពស់​មួយ​តាម​រយៈ​ការ​ភ្ជាប់​វីដេអូ​តាម​អ៊ីនធឺណិត​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ទៅ​លើ​សន្តិភាព​និង​សន្តិសុខ។ មនុស្ស​ជាង​១០​លាន​៥​សែន​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ត្រូវ​បញ្ជាក់​ថា មាន​ជំងឺ​នេះ​ដែល​ជា​ជំងឺ​បណ្តាល​មក​ពីវីរុស​កូរ៉ូណា​ថ្មី។​

លោក​ Antonio Guterres ​បាន​មាន​ប្រសាសន៍​ថា៖ ​«គេ​អាច​ឃើញ​ផល​វិបាក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ជា​ធម្មតា​បាន​ត្រូវ​មើល​ឃើញ​ថា មាន​ស្ថិរភាព ​ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​មាន​ជាក់​ច្បាស់​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​រួច​ទៅ​ហើយ​នោះ​ឬ​ប្រទេស​ដែល​ទើប​ងើប​ចេញ​ពី​ជម្លោះ​ ហើយ​ប្រហែល​ជា​នឹង​មាន​បញ្ហា​ឯទៀតៗ​ក្នុង​ពេល​ឆាប់ៗ​នេះ»។​

លោក​ Guterres ​បាន​មាន​ប្រសាសន៍​ថា​ ​មាន​កំណើន​ភាព​តានតឹង​ដែល​ជា​លទ្ធផល​នៃ​ផល​វិបាក​ខាង​សង្គម​កិច្ច​និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​សុខ​ភាព​នេះ​និង​ការ​ថមថយ​នៃ​ការ​ទុក​ចិត្ត​របស់​សាធារណ​ជន​នៅ​ក្នុង​ប្រទេស​នានា​ដែល​ប្រជារាស្ត្រ​មាន​អារម្មណ៍​ថា ​ការ​ដោះស្រាយ​វិបត្តិ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ឬ​គ្មាន​តម្លាភាព។​

ជម្លោះ​ប្រដាប់​អាវុធ​ប្រមាណ​១០០​នៅ​ទូទាំង​ពិភពលោក​ បាន​នាំ​ឲ្យ​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ប្រឈម​ហានិភ័យ​ជា​ពិសេស​ប្រសិន​ បើ​សហគមន៍​អន្តរជាតិ​មិន​មាន​ការ​ចូលរួម​ពេញ​លេញ​ទេ​នោះ។​

លោក​ Guterres​ បាន​មាន​ប្រសាសន៍​ថា៖​ «នៅ​ក្នុង​កន្លែង​ឯទៀតៗ​ភាគី​ក្នុង​ជម្លោះ​ដែល​មាន​រួម​បញ្ចូល​ពួកភេរវ​ជន​និង​ក្រុម​ជ្រុល​និយម​ហិង្សា​ផង បាន​ឆ្លៀត​ប្រើ​ស្ថានភាព​មិន​ប្រាកដ​ប្រជា​ដែល​បណ្តាល​មកពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ ​ដើម្បី​មាន​ប្រៀប​ខាង​កលយុទ្ធ»។​

លោក​បាន​កត់​សម្គាល់​ថា​ នៅ​ក្នុង​កន្លែង​ជា​ច្រើន​ ពួក​អ្នក​ធ្វើការ​ខាង​ការ​ថែទាំ​សុខភាព​និង​ពួក​អ្នក​ធ្វើការ​ខាង​មនុស្ស​ធម៌​ដែល​បាន​ជួយ​ពួក​អ្នក​ជំងឺ​និង​ពួក​ជន​រង​ផល​ប៉ះ​ពាល់​ដោយ​វីរុស​នេះ​ ក៏​បាន​ត្រូវ​កំណត់​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដែរ។​

លោក ​Guterres ​បាន​ព្រមាន​អំពី​សញ្ញា​កើន​ច្រើន​ឡើងៗ​នៃ​ការ​កាន់​អំណាច​ផ្តាច់ការ​ដែល​មាន​រួម​បញ្ចូល​ការ​រឹតត្បិត​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន ​សេរីភាព​និង​សិទ្ធិ​ពលរដ្ឋ​និង​សេរីភាព​ខាង​ការ​និយាយ​ស្តី​ បញ្ចេញ​មតិ ​ ប៉ុន្តែ​មាន​កំណើន​ការ​និយាយ​ស្តី​បញ្ចេញ​សម្អប់​និង​«ការ​រាតត្បាត​ជា​សាកល»​នៃ​ការ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​តាម​អ៊ីនធឺណិត។

លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​និយាយ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ថា៖ ​«ពួក​ប្រជានិយម​ ពួក​ជាតិ​និយម​និង​ពួក​ជន​ឯ​ទៀតៗ​ដែល​បាន​ស្វះស្វែង​កាត់​បន្ថយ​សិទ្ធិ​មនុស្ស​ ​បាន​យក​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ជា​លេស​មួយ​សម្រាប់​ចាត់​វិធានការ​សង្កត់​សង្កិន​ដែល​គ្មាន​ទាក់​ទិន​នឹង​ជំងឺ​នេះ​ទេ»។​

លោក ​Guterres ​បាន​មាន​ប្រសាសន៍​ថា​ ហានិភ័យ​ទាំង​នេះ​តម្រូវ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​និង​រួម​គ្នាដោយ​មាន​រួម​បញ្ចូល​ការ​ឆ្លើយ​តប​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ផងដែរ ហើយ​លោក​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​យល់​ព្រម​របស់​ពួក​សមាជិក​ក្រុម​ប្រឹក្សា​នេះ​កាល​ពី​ថ្ងៃពុធ​ទី​១​កក្កដាដែល​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​សាកល​ដើម្បី​ទ្រទ្រង់​ដល់​ការ​ឆ្លើយ​តប​នឹង​វីរុស​កូរ៉ូណា៕

XS
SM
MD
LG