អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres កំពុងអំពាវនាវទៅក្រុមប្រឹក្សាសន្តិសុខឲ្យអនុម័តបទឈប់បាញ់គ្នាបន្ទាន់មួយមានរយៈពេល៣០ថ្ងៃនៅទូទាំងប្រទេសស៊ីរី ដើម្បីជួយពលរដ្ឋចំនួន៤សែននាក់ ដែលកំពុងជាប់ក្នុងការឡោមព័ន្ធនៅតំបន់ Ghouta ភាគខាងកើត ដោយលោកបានហៅពួកគេទាំងនោះថាកំពុងរស់នៅក្នុងនរកនៅលើផែនដីនេះ។
លោក Guterres បាននិយាយថា «ខ្ញុំជឿថាស្ថានភាពនៅតំបន់ Ghouta ភាគខាងកើតមិនអាចរង់ចាំបានតទៅទៀតឡើយ។ ខ្ញុំសូមអំពាវនាវទៅគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ឲ្យផ្អាកការប្រយុទ្ធគ្នាជាបន្ទាន់មួយនៅក្នុងតំបន់ Ghouta ភាគខាងកើត ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌បានទៅដល់មនុស្សដែលកំពុងត្រូវការទាំងនោះ»។
កាលពីឆ្នាំមុនតំបន់នេះត្រូវបានកំណត់ថាជាតំបន់មួយក្នុងចំណោមតំបន់ដែលត្រូវបន្ថយភាពតានតឹងទាំងបួន នៅក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសគាំទ្រប្រធានាធិបតី Bashar al-Assad គឺប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ រួមជាមួយនឹងប្រទេសតួកគីផងដែរ។
ប៉ុន្តែនាពេលថ្មីៗនេះការប្រយុទ្ធបានកើនឡើងកាន់តែខ្លាំង នៅស្របពេលដែលយោធាស៊ីរី និងកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធដណ្តើមយកតំបន់នេះត្រឡប់មកវិញ ដែលជាតំបន់ចុងក្រោយមួយនៅជិតរដ្ឋធានី Damascus ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងប្រឆាំងនៅឡើយនោះ។
លោក Guterres បានជំរុញឲ្យភាគីទាំងអស់ធ្វើយ៉ាងណាអនុញ្ញាតឲ្យមានការជម្លៀសមនុស្សចំនួន៧០០នាក់ដែលកំពុងតែរង់ចាំជំនួយព្យាបាលជំងឺជាបន្ទាន់៕