កិច្ចចរចាសន្តិភាពដែលមានគោលបំណងបញ្ចប់សង្គ្រាមក្នុងប្រទេសស៊ីរី ដែលបានអូសបន្លាយអស់រយៈពេល៧ឆ្នាំមកហើយនោះ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារម្សិលមិញ បើទោះណាជាមានការរារាំង ការធ្វើពហិការ និងជម្លោះទាស់ទែងគ្នារវាងភាគីដែលត្រូវមានវត្តមានក្នុងការចរចានេះយ៉ាងណាក៏ដោយ។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំសន្ទនាថ្នាក់ជាតិស្តីពីសង្គ្រាមស៊ីរីដែលមានរយៈពេលពីរថ្ងៃ ធ្វើឡើងនៅឯរមណីយដ្ឋានសមុទ្រខ្មៅស្ថិតក្នុងទីក្រុង Sochiនោះ ត្រូវបានបង្អាក់ដោយការមិនចូលរួមពីប្រតិភូស៊ីរី និងសម្រែកថា «ជយោប្រទេសរុស្ស៊ី»។ សុន្ទរកថានោះត្រូវបានពន្យារពេលពីរម៉ោងដោយសារតែការចរចានៅបន្ត។
លោក Lavrov បានអានលិខិតរបស់លោកប្រធានាធិបតី Vladimir Putin ដោយលោក Lavrov បានថ្លែងថា ស្ថានការណ៍មានភាពទុំជោរ ដើម្បីប្រែក្លាយសោកនាដកម្មដ៏ល្វីងជូរចត់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ីរី។ ប្រតិភូស៊ីរីបានចោទប្រកាន់រុស្ស៊ីថាបានសម្លាប់ជនស៊ីវិលស្លូតត្រង់នៅក្នុងប្រទេសរបស់ពួកគេ។ បណ្តាញទូរទស្សន៍របស់រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញពីរូបភាពរបស់កងសន្តិសុខបញ្ជាទៅទស្សនិកជនម្នាក់ឲ្យអង្គុយចុះ។
ការរិះគន់នានាទៅលើកិច្ចចរចានៅក្នុងទីក្រុង Sochi ដែលគាំទ្រដោយតួកគី និងអ៊ីរ៉ង់ បានចោទប្រកាន់ប្រទេសរុស្ស៊ីថាព្យាយាមលួចយកដំណើរសន្តិភាពរបស់ស៊ីរី ពីអង្គការសហប្រជាជាតិ និងស្នើឲ្យមានដំណោះស្រាយដែលមាននិន្នាការទៅខាងរដ្ឋាភិបាលរបស់លោក Bashar al-Assad។
ប្រតិភូដែលដឹកនាំដោយក្រុមប្រឆាំងរបស់ស៊ីរី ដែលរួមមានក្រុមប្រឆាំងប្រដាប់អាវុធ ដែលបានធ្វើដំណើរមកពីប្រទេសតួកគីនោះ បានបដិសេធមិនព្រមចាកចេញពីព្រលានយន្តហោះនៅពេលដែលពួកគេទៅដល់ទីក្រុង Sochi ដោយពួកគេបាន និយាយថា ពួកគេធ្វើពហិការមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពនេះ ដោយសារតែបរាជ័យក្នុងការដកនិមិត្តសញ្ញារដ្ឋាភិបាលស៊ីរីចេញពីទីតាំងប្រជុំនេះ៕