លោកអគ្គលេខាធិការអ.ស.ប. Ban Ki-moon បានមានប្រសាសន៍ថា កំណើនអំពើហិង្សាកាលពីពេលថ្មីៗនេះរវាងជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនជាការនាំឱ្យរំខាន «យ៉ាងខ្លាំង» ហើយជាការ «មិនអាចទទួលយកបានជាដាច់ខាត» ហើយលោកបានអំពាវនាវដល់ភាគីទាំងអស់ឱ្យចៀសវាងពាក្យសម្តី និងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍រឹតតែអាក្រក់ឡើងៗ។
លោក Ban ki-moon ដែលនៅពេលនេះបានវិលត្រឡប់មកកាន់អ.ស.ប. វិញនៅក្រោយទស្សនកិច្ចជាបន្ទាន់របស់លោកក្នុងតំបន់នោះក្នុងសប្តាហ៍នេះបានចូលរួមក្នុងការប្រជុំសន្និសីទវីដេអូមួយ នៅថ្ងៃសុក្រនៅក្នុងក្រុងវីយែន (Vienna) របស់ក្រុមមន្ត្រីជាន់ខ្ពស់មកពីអ្វីដែលគេហៅថា ក្រុមប្រទេស និងអង្គការបួនទទួលបន្ទុកកិច្ចការភូមិភាគមជ្ឈឹមបូព៌ាដែលភាសាអង់គ្លេសថា Middle East Quartet មកពីស.រ.អា រុស្សី និងសហភាពអឺរ៉ុប ព្រមទាំងអ.ស.ប.។លោកបានមានប្រសាសន៍ថា ភាគីទាំងអស់បានយល់ស្របគ្នាអំពីសេចក្តីត្រូវការកាត់បន្ថយភាពតានតឹង និងចៀសវាងកុំធ្វើសកម្មភាពដែលអាចបញ្ឆេះចលាចលថែមទៀត។
លោកអគ្គលេខាធិការអ.ស.ប.បានថ្កោលទោសសកម្មភាពទាំងអស់នៃភេរវកម្ម និងអំពើហិង្សា ដូចជាឧប្បត្តិហេតុកាលពីពេលថ្មីៗនេះដែលបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលយ៉ាងតិចណាស់៨នាក់ និងជនជាតិប៉ាឡេស្ទីនប្រមាណ៥០នាក់ស្លាប់៕