សាលាក្តីខ្មែរក្រហមរងការរិះគន់នៅពេលមានការសម្រេចជាចុងក្រោយ ក្នុងការ បិទបញ្ចប់សំណុំរឿងនិងមិនដំណើរការកាត់ទោសជនសង្ស័យម្នាក់ជាអតីត កម្មាភិបាលខ្មែរក្រហមចំពោះតួនាទីក្នុងរបបវាលពិឃាត។ ការរិះគន់នេះបាន កើតឡើងជាថ្មីនៅក្រោយពេលដែល អង្គបុរេជំនុំជម្រះ ចេញសេចក្តីពិចារណា របស់ខ្លួនលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីកា ដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតដែលសម្រេចលើកលែងបទចោទប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម អំពីតូនាទីរបស់អ្នកស្រីក្នុងរបបខ្មែរក្រហម ដែលមានការសង្ស័យថា ជាប់ទាក់ទងនឹងអំពើឧក្រិដ្ឋកម្មអន្តរជាតិជាច្រើន។
ក្រោយពេលដែលអង្គបុរេជំនុំជម្រះចេញសេចក្តីពិចារណារបស់ខ្លួនលើបណ្តឹង ឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់ សហចៅក្រមស៊ើបអង្កេត ដែលសម្រេចលើកលែងចោទប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម អំពីតួនាទីរបស់អ្នកស្រីក្នុងរបបខ្មែរក្រហមដែលមានការសង្ស័យថា ជាប់ ទាក់ទងនឹងអំពើឧក្រិដ្ឋកម្មអន្តរជាតិជាច្រើន សាលាក្តីដែលចូលរួមដោយអង្គការសហប្រជាជាតិមួយនេះ រងការរិះគន់ជាថ្មីទៅលើដំណើរការច្បាប់នេះ។
អ្នកស្រី អ៊ឹម ចែម អាយុ ៧៥ ឆ្នាំ ជាអតីតអភិបាលស្រុកព្រះនេត្រព្រះ ឬជាលេខាធិការតំបន់ពាយ័ព្យប្រទេស។ អ្នកស្រីត្រូវបានសហចៅក្រមស៊ើបអង្កេតចោទ ប្រកាន់ជាបឋមដើម្បីស៊ើបអង្កេតកាលពីខែមីនាឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ដូចជាមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យមានទាសភាព ការឃុំខ្លួន ការធ្វើទុក្ខបុក្ខម្នេញ និងទារុណកម្មផ្សេងៗក្នុងមន្ទីរឃុំឃាំង និងក្នុងការដ្ឋានការងារជាដើម។ អ្នកស្រីជាជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់នៃសំណុំរឿង០០៤ ហើយនឹងជនសង្ស័យម្នាក់ទៀតក្នុងសំណុំរឿង០០៣ ដែលសំណុំរឿងទាំងពីរត្រូវគេចោទប្រកាន់ថា មានការរារាំងនិងការលូកដៃផ្នែកនយោបាយពីរដ្ឋាភិបាល ជាថ្នូរនឹងសន្តិភាព ការបង្រួបបង្រួមជាតិ។
អ្នកស្រី អ៊ឹម ចែម ត្រូវគេស្គាល់ថាស្ថិតក្នុងសំណុំរឿង០០៤ វគ្គ១ ពេលជនសង្ស័យ ២នាក់ទៀតត្រូវគេបំបែកឲ្យស្ថិតក្នុងសំណុំរឿង០០៤ វគ្គ២និង ០០៤ វគ្គ៣។
កាលពីសប្តាហ៍មុន អង្គបុរេជំនុំជម្រះ ដែលជាស្ថាប័នកំពូល សម្រាប់ដោះស្រាយវិវាទរវាងសហព្រះរាជអាជ្ញា សហចៅក្រម និងការសម្រេចផ្សេងៗទៀតនោះ បានសម្រេចតាមសហចៅក្រមស៊ើបអង្កេតថាអ្នកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំខ្ពស់បំផុត និងជាជនទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវចោទប្រកាន់ ហើយបានចេញការពិចារណារបស់ខ្លួន លើពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រម ស៊ើបអង្កេត ដែលបានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងនឹងអ្នកស្រីអ៊ឹម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គបុរេនៃសាលាក្តីខ្មែរក្រហម ហៅថា អ.វ.ត.ក ដែលមានចៅក្រមកម្ពុជា៣រូប ហើយ១រូបជាប្រធាន និង២រូបជាចៅក្រមបរទេស បានឲ្យដឹងទៀតថា៖
«ដើម្បីបដិសេធសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត យើងត្រូវការ សំឡេងគាំទ្រ ៤ លើ៥ ដូច្នេះសេចក្តីសម្រេចអំពីកង្វះយុត្តាធិការបុគ្គលលើ អ៊ឹម ចែម ត្រូវបានតម្កល់។ សេចក្តីសម្រេចនេះ នឹងបិទបញ្ចប់នូវសំណុំរឿង អ.វ.ត.ក ០០៤/១»។
សាស្ត្រាចារ្យច្បាប់អាមេរិកាំងគឺលោក Peter Maguire ដែលជាអ្នកនិពន្ធសៀវភៅ ការប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា ឬ ហៅថា “Facing Death in Cambodia” និងសៀវភៅផ្សេងទៀតនោះ បានអះអាងថា ការសម្រេចចុងក្រោយ នេះ ជាភស្តុតាងបន្ថែមថា សាលាក្តីនេះ ឈានដល់ទីបញ្ចប់ ហើយវាជាពេលវេលា ដែល អ.ស.ប ត្រូវចាកចេញពីកម្ពុជា។ លោកថា ទម្រង់នៃការស្វែងរកការពិតតាម ច្បាប់ទំនងជាមិនផ្តល់គុណភាពដូចជា ការពិត ការផ្សះផ្សារ និងការព្យាបាល ផ្លូវចិត្ត និងថែមទាំងមិនអាចជួយកែទម្រង់ប្រព័ន្ធយុត្តិធម៌នោះផងដែរ។
«សាលាក្តីនេះមិនត្រឹមតែបានបរាជ័យក្នុងការផ្តល់រឿងទាំងនេះ ដំណើរការ សាលាក្តីនេះ បានបើករបាំងមុខល្ខោនប្រជាធិតេយ្យកម្ពុជាផងដែរ»។
លោកថ្លែងថា ខណៈពេលដែលសាលាក្តីបានស្ទាក់ស្ទើរ ក្នុងដំណើរការកាត់ទោស ជាច្រើនឆ្នាំ មិនបានកើតឡើងឲ្យបានឆាប់នោះ បានធ្វើឲ្យសារព័ត៌មាន សេរីកម្ពុជាបានស្លាប់ សិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះ ហើយនាយករដ្ឋមន្ត្រីហ៊ុន សែន បានក្តោបអំណាចកាន់តែខ្លាំងដោយគ្រប់គ្រងរដ្ឋតាមបែបបក្សតែមួយ។
លោក ប្រេដ អាដាម នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំ តំបន់អាស៊ី បានថ្លែងចោទប្រកាន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នករារាំងការចោទប្រកាន់ និងកាត់ទោសអ្នកស្រី អ៊ឹម ចែម និងជនសង្ស័យខ្មែរក្រហមផ្សេងទៀត។
«អញ្ចឹងពលរដ្ឋខ្មែរនឹងមិនទទួលបានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅ បំផុតនោះទេ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ មានឧក្រិដ្ឋកម្មខ្លះជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បំផុតក្នុងពិភពលោក ហើយលោក ហ៊ុន សែនជាអ្នកបញ្ឈប់ការកាត់ទោស។ ពលរដ្ឋកម្ពុជាចាំបាច់ត្រូវដឹងថាអ្នកដែលមិនឲ្យនាំខ្លួនក្រុមខ្មែរក្រហមមកកាត់ ទោសគឺនាយករដ្ឋមន្ត្រីរបស់ខ្លួន ហើយខ្លួនគាត់ផ្ទាល់ធ្លាប់ជាខ្មែរក្រហម»។
លោកថ្លែងថា ប្រវត្តិសាស្ត្រនឹងកាត់ទោសលោកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាង ណាលោកដឹងថាប្រសិនបើមានការអនុញាតឲ្យមានការកាត់ទោសសំណុំរឿង បន្ថែម វាអាចនឹងធ្វើឲ្យមានការបង្ហាញអំពើឃោរឃៅដែលមន្ត្រីកម្ពុជាមួយចំនួនក្នុងរដ្ឋាភិបាលបច្ចុប្បន្នបានប្រព្រឹត្តក្នុងពេលនោះ។
លោក Daniel McLaughlin មន្ត្រីច្បាប់ជាន់ខ្ពស់នៃមជ្ឈមណ្ឌលដើម្បីយុត្តិធម៌ និងតម្លាភាពហៅថា the Center for Justice & Accountability បានផ្តល់សេវាកម្ម ផ្លូវច្បាប់ដល់ជនរងគ្រោះពលរដ្ឋខ្មែរអាមេរិកាំងចំនួន១៥០នាក់ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បានអះអាងថាសំណុំរឿងអ្នកស្រីអ៊ឹម ចែមឈានដល់ទីបញ្ចប់ មែន ហើយមានការបកស្រាយផ្សេងៗគ្នា ពីយុត្តាធិការនិង តុលាការក្នុងស្រុកថា មានឬ គ្មានអំណាចលើសំណុំរឿងតុលាការខ្មែរក្រហមមែនក្តី តែសំណុំរឿងនេះ ឬសំណុំរឿង០០៤ ឬជនសង្ស័យផ្សេងទៀតក្នុងសំណុំរឿងនេះ គួរតែឲ្យមាន ការជំនុំជម្រះទោសដោយតុលាការក្នុងប្រទេស នៅពេលណាមួយដែល ដំណើរការនីតិវិធី ក្នុងតុលាការខ្មែរក្រហមចប់ត្រឹមអង្គបុរេ ហើយមិនអាចបន្ត ទៅមុខទៀតបាន ។
«យើងតវ៉ា ចំពោះការបកស្រាយច្បាប់នេះ ដោយសារតែវាគ្មានជាមូលដ្ឋាន ក្នុងកិច្ចព្រមព្រៀងរវាងអ.ស.បនិង រដ្ឋាភិបាលកម្ពុជា (សាលាក្តី) ហើយបើមិន ដូច្នោះទេវានឹងក្លាយទៅជាការលើកលែងទោសដ៏ទូលំទូលាយចំពោះគ្រប់ជន ដែលប្រព្រឹត្ត បទឧក្រិដ្ឋកម្មដ៏ឃោរឃៅ បន្ថែមពីលើបុគ្គលដែលត្រូវបានកាត់ ទោស ដោយតុលាការខ្មែរក្រហម»។
លោកបន្តថាវាជារឿងសំខាន់ណាស់ដែលកម្ពុជាត្រូវរក្សាលទ្ធភាពផ្តល់យុត្តិធម៌ ជូនជនរងគ្រោះតាមរយៈប្រព័ន្ធតុលាការរបស់ខ្លួន ប្រសិនបើកម្ពុជាចង់ដំណើរ ការតាមវិធីនោះ នៅពេលស្ថានការណ៍នយោបាយអនុញាតឲ្យធ្វើដូច្នោះបាននៅ ថ្ងៃអនាគត។
លោក នេត្រ ភក្ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាសេចក្តី សម្រេចរបស់អង្គបុរេមានន័យថាជាការបិទផ្លូវតវ៉ា។
«មានន័យថាអ្វីដែលជាការសម្រេចរបស់សហចៅក្រមស៊ើបអង្កេតនេះ គឺមាន សុពលភាព គឺអ្នកស្រីអ៊ឹម ចែម មិនត្រូវបានចោទប្រកាន់នៅចំពោះមុខ អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទេដោយសារតែមានកង្វះយុត្តាធិការ ដោយ សារតែចៅក្រមស៊ើបអង្កេតរកឃើញថាលោកស្រីអ៊ឹម ចែមមិនស្ថិតនៅក្នុងដែន យុត្តាធិការបុគ្គលរបស់សាលាក្តីដែលត្រូវជំនុំជម្រះទេ »។
លោកថ្លែងថា ចៅក្រមសាលាក្តីកំពុងបន្តនីតិវិធីទៅកាន់សំណុំរឿងសេសសល់ផ្សេងទៀត។
ថ្លែងប្រាប់ VOA តាមទូរសព្ទពីតំបន់អន្លង់វែងដែលជាផ្ទះរបស់អ្នកស្រីក្នុងតំបន់ អតីតទីតាំងរឹងមាំចុងក្រោយនោះ អ្នកស្រីអ៊ឹម ចែមបានបង្ហាញពីភាពរីករាយ ចំពោះការសម្រេចចិត្តបិទបញ្ចប់សំណុំរឿងរបស់អ្នកស្រី បន្ថែមពីការអរគុណ ដល់ភាគី នានាដែលបានជួយធ្វើឲ្យរឿងរបស់អ្នកស្រី បានជ្រះស្រឡះ។
«អរគុណទាំងអស់ហ្នឹងដែលបានជួយដូចថាបានជួយរកយុត្តិធម៌ឲ្យ ដូចថារកៗ ទៅ ការចោទប្រកាន់ហ្នឹងវាអត់ពិត ដល់អញ្ចឹងយើងវាអត់មានទោសអី តាម ការចោទប្រកាន់ហ្នឹងណា»។
អ្នកស្រីអះអាងថា ការសម្រេចជាស្ថាពរលើសំណុំរឿងអ្នកស្រីធ្វើឲ្យអ្នកស្រី នឹងបានរស់នៅជាពលរដ្ឋធម្មតា លែងមានការគិតគូរពីការដែលត្រូវមានទោសតទៅទៀត៕