សហគមន៍ជនភាគតិច Rohingya ក្នុងប្រទេសភូមាគួរត្រូវចាត់ទុកថា ជាសហគមន៍មួយត្រូវផាត់ចេញ ត្រូវធ្វើទុក្ខបុកម្នេញនិងអាចរងគ្រោះជាងគេបំផុតក្នុងពិភពលោក។ នេះជាការសន្និដ្ឋានរបស់ការសិក្សាស្រាវជ្រាវពីរត្រូវរៀបចំទ្បើងក្នុងរយៈពេលបីឆ្នាំដោយពិនិត្យមើលអំពីស្ថានភាពនៃក្រុមជនគ្មានរដ្ឋនេះ។
របាយការណ៍ពីរដែលបានត្រូវផ្សព្វផ្សាយកាលពីថ្ងៃសុក្រនៅក្នុងរាជធានីនៃប្រទេសម៉ាឡេស៊ី បានពិនិត្យមើលអំពីការរើសអើងនិងវិសមភាពដែលពួកជនអំបូរ Rohingya ប្រឈមមុខបានបង្ហាញនូវរូបភាពងងឹតអាប់អួរមួយ។
អង្គការ Equal Rights Trust មានមូលដ្ឋានក្នុងក្រុងឡុងដ៍ចក្រភពអង់គ្លេស និងវិទ្យាស្ថានសិក្សាអំពីសិទ្ធិមនុស្សនិងសន្តិភាពនៃសាកលវិទ្យាល័យ Mahidol ក្នុងក្រុងបាងកកបានរៀបរាប់ដោយល្អិតល្អន់ តាមរយៈការផ្តល់សក្ខីកម្មដោយផ្ទាល់និងសេចក្តីសម្ភាសន៍ជាមួយពួកមន្ត្រី អំពីការរើសអើងច្រើនស្រទាប់ប្រឆាំងនឹងពួកជនអំបូរ Rohingya ដែលជាក្រុមជនអ្នកកាន់សាសនាឥស្លាមមានដើមកំណើតមិនច្បាស់លាស់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគេស្គាល់ថាជាប្រទេសភូមាដែរនោះ ពួក Rohingya ជាក្រុមមនុស្សគ្មានរដ្ឋ។ ពួកជនទាំងនេះដែលបានចាកចេញពីប្រទេសភូមាទៅកាន់ប្រទេសថៃនិងប្រទេសម៉ាឡេស៊ីគ្មានឋានៈផ្លូវច្បាប់ទេ។
អ្នកស្រី Dimitrina Petrova ជានាយិកាប្រតិបត្តិនៃអង្គការ Equal Rights Trust។
អ្នកស្រីថ្លែងថា៖ «យើងអាចបញ្ជាក់ថាពិតអំពីអ្វីដែលយើងបានសង្ស័យ ក៏ប៉ុន្តែនៅពេលនេះយើងនិយាយដោយមានការទុកចិត្តថា ក្រុមជនអំបូរ Rohingya ប្រហែលជាឋិតនៅក្នុងចំណោមសហគមន៍មានការរើសអើងជាងគេបំផុតក្នុងពិភពលោក»។
សេចក្តីរាយការណ៍មួយដែលបានត្រូវផ្សព្វផ្សាយកាលពីថ្ងៃសុក្របានពិនិត្យមើលស្ថានភាពក្រុមជនអំបូរ Rohingya នៅក្នុងប្រទេសថៃដែលបានចូលក្នុងព្រះរាជាណាចក្រនេះតាមសមុទ្រនិងតាមដីគោក។ បើតាមពួកមន្ត្រីថៃថាជនប្រមាណ២.០០០នាក់ក្នុងបណ្តាពួកជនអំបូរ Rohingya ទាំងនេះដែលបានត្រូវឃុំឃាំងចាប់តាំងពីឆ្នាំទៅមិញមកក្នុងឋានៈជា«ជនអន្តោប្រវេសន៍ខុសច្បាប់»បានត្រូវយល់ឃើញថា«បានរត់គេចខ្លួន»។
ក៏ប៉ុន្តែអ្នកស្រី Petrova បាននិយាយប្រាប់វីអូអេថាជន Rohingya ច្រើននាក់បានត្រូវប្រគល់ខ្លួនទៅឱ្យពួកឈ្មួញកណ្តាលដើម្បីធ្វើការជួញដូរមនុស្ស។
«នៅក្នុងប្រទេសថៃ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងគឺមានការឃុបឃិតខ្លាំងណាស់រវាងអាជ្ញាធរថៃនិងបណ្តាញពួកជួញដូរមនុស្ស»។
នៅពេលនេះប្រទេសថៃបានត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាយោធាមួយដឹកនាំដោយនាយករដ្ឋមន្ត្រីត្រូវតែងតាំងគឺលោក Prayuth Chan-ocha។ លោកអតីតអគ្គមេបញ្ជាការកងទ័ពថៃរូបនេះបានធ្វើរដ្ឋប្រហារចុងក្រោយបំផុតក្នុងព្រះរាជាណាចក្រនេះកាលពីថ្ងៃទី២២ខែឧសភា។
របាយការណ៍អំពីក្រុមជនអំបូរ Rohingya នៅក្នុងប្រទេសថៃនិងសេចក្តីរាយការណ៍ទីពីរអំពីស្ថានភាពនៃក្រុមជនទាំងនេះនៅក្នុងប្រទេសម៉ាឡេស៊ីបានអំពាវនាវដល់ប្រទេសទាំងពីរនេះឱ្យគោរពតាម«ទំនៀមទម្លាប់ក្នុងច្បាប់អន្តរជាតិ»ក្នុងការជួយជនភៀសខ្លួនទាំងអស់។
សេចក្តីរាយការណ៍ទាំងពីរនេះនិយាយថា ប្រទេសថៃបានជំរុញបញ្ហានេះទៅឱ្យប្រទេសម៉ាឡេស៊ីដែលជាទីដៅនៃការប៉ងប្រាថ្នារបស់ពួក Rohingya ភាគច្រើនដែលបានចាកចេញពីប្រទេសភូមា។
មានពួកជនអំបូរ Rohingya ប្រមាណ៣៧.០០០នាក់ឋិតនៅក្នុងប្រទេស ម៉ាឡេស៊ី ហើយមាន១៥.០០០នាក់ទៀតកំពុងរង់ចាំការទទួលស្គាល់ថាជាជនភៀសខ្លួនដោយអ.ស.ប.។
រដ្ឋាភិបាលនៃប្រទេសភូមាដែលជាប្រទេសមានប្រជារាស្ត្រភាគច្រើនជាអ្នកាន់ព្រះពុទ្ធសាសនាចាត់ទុកពួក Rohingya ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមថា ជាពួកជនផ្លាស់ប្តូរលំនៅដ្ឋានមកពីប្រទេសបង់ក្លាដែស។
ក្រុមសិទ្ធិមនុស្សខ្វល់ខ្វាយអំពីផែនការនៃប្រទេសភូមាក្នុងការតម្រូវឱ្យពួកRohingya ទាំងអស់នៅក្នុងរដ្ឋ Rakhine ឱ្យបញ្ជាក់អត្តសញ្ញាណរបស់ពួកគេថាជា«ពលរដ្ឋ Bengali» ឬប្រឈមមុខនឹងការជាប់ឃុំឃាំងរហូតនៅក្នុងជំរុំឃុំឃាំង។
អ្នកស្រី Petrova នៃអង្គការ Equal Rights Trust និយាយថា ផែនការនេះមិនអាចទទួលយកបានជាដាច់ខាត។
«អ្វីដែលពួកគេត្រូវបង់ខាតដើម្បីទទួលលទ្ធភាពចូលក្នុងសហគមន៍ប្រជារាស្ត្រភូមាគឺត្រូវលះបង់អត្តសញ្ញាណ Rohingya គឺមិនមែនជាអំបូរពិតប្រាកដរបស់ពួកគេទេ គឺត្រូវទទួលយកអត្តសញ្ញាណមួយដែលអាជ្ញាធរភូមាកំពុងខិតខំព្យាយាមដាក់កំហិតខ្លាំងណាស់លើពួកគេ គឺជាជនជាតិ Bangali។ ហើយនេះជាការខុសទាំងស្រុង។ ការណ៍នេះជាការបង្ខិតបង្ខំបំបាត់អត្តសញ្ញាណរបស់មនុស្សមួយក្រុម។ មានតែការណ៍មួយចំនួនតូចទេដែលអាក្រក់ជាងនេះ»។
ផែនការនេះដែលមានឈ្មោះថាផែនការសកម្មភាពសម្រាប់រដ្ឋ Rakhine បានត្រូវថ្កោលទោសខ្លាំងនៅខាងក្រៅប្រទេសភូមា។
ការិយាល័យអ.ស.ប.សម្រាប់សកម្មភាពមនុស្សធម៌និយាយថា ការរិតត្បិតលើចលនាដោយសេរីរបស់មនុស្សរាប់សែននាក់នៅក្នុងរដ្ឋ Rakhine នៃប្រទេសភូមាបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេក្នុងការទទួលម្ហូបអាហារ ការថែរក្សាសុខភាព ការសិក្សាអប់រំនិងការចិញ្ចឹមជីវិត៕
ប្រែសម្រួលដោយ ឈឹម សុមេធ