ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អំពាវនាវ​រក​ថវិកា ៣៥ ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​សាកល​ឆ្នាំ ២០២១


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​រក​ថវិកា​ចំនួន ៣៥ ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​ពី​មុន ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ជីវិត​ដល់​មនុស្ស ១៦០ លាន​នាក់​នៅ​ឆ្នាំ​ក្រោយ ស្របពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​រុញច្រាន​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ទីទ័ល​ក្រ​ខ្លាំង។

អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​នៅ​ក្នុង​សារ​សំឡេង​ថត​ទុក​សម្រាប់​ការ​ចាប់ផ្ដើម​ការ​អំពាវនាវ​រក​ជំនួយ​នេះ​ថា៖ «សង្គ្រាម ការ​ប្រែប្រួល​អាកាសធាតុ និង​ជំងឺ​កូវីដ១៩ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្នែក​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​បំផុត តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក»។

លោក​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ជួយ​ដល់​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង​បំផុត «នៅ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​បំផុត»។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា តម្រូវការ​ជាក់ស្ដែង​គឺ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ដោយ​មនុស្ស​ប្រហែល ២៣៥ លាន​នាក់ ឬ​ក៏​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៣៣ នាក់​នៅ​លើ​ផែនដី ត្រូវការ​ជំនួយ ឬ​ការ​ការពារ។ តួលេខ​នេះ​កើន​ឡើង ៤០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២០។

បើ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins ការ​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​លើ​ពិភពលោក មាន​ជាង ៦៣ លាន​ករណី។ មនុស្ស​ជិត ១ លាន ៥ សែន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ និង​រាប់​សិប​លាន​នាក់​បាន​បាត់បង់​ការងារ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​សកម្មភាព​សង្គម​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ៕

XS
SM
MD
LG