ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងជួយសង្គ្រោះនិងកិច្ចការងារ ឬ U.N. Relief and Works Agency ហៅកាត់ថា (UNRWA) និយាយថា ខ្លួនអស់មូលធន ហើយនឹងបង្ខំចិត្តកាត់បន្ថយប្រាក់បៀវត្សរ៍របស់បុគ្គលិកចំនួន ២ ម៉ឺន ៨ ពាន់នាក់ សម្រាប់រយៈពេលសេសសល់នៃឆ្នាំនេះ ប្រសិនបើខ្លួនមិនបានទទួលប្រាក់ ៧០ លានដុល្លារនៅដំណាច់ខែវិច្ឆិកាទេនោះ។
ទីភ្នាក់ងារ UNRWA ផ្តល់សេវាសំខាន់ៗសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ៥ លាន ៧ សែននាក់ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយមានរួមបញ្ចូលម្ហូបអាហារ និងជំនួយខាងសុខភាព ការសិក្សាអប់រំសម្រាប់កុមារី និងកុមារា ៥ សែននាក់ ព្រមទាំងកិច្ចការពារផងដែរ។
ទីភ្នាក់ងារនេះនិយាយថា ការគ្មានមូលធន នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ធ្វើឱ្យមានស្ថានភាពអាក្រក់ជាងមុន ដែលពួកជនភៀសខ្លួនងាយរងគ្រោះទាំងនោះ ជួបប្រទះជារៀងរាល់ថ្ងៃ។
អ្នកស្រី Tamara Alrifai អ្នកនាំពាក្យនៃទីភ្នាក់ងារ UNRWA និយាយថា ទីភ្នាក់ងាររបស់អ្នកស្រីធ្វើការនៅជួរមុខនៃវិបត្តិនេះ ដោយព្យាបាលអ្នកជំងឺនិងថែរក្សាពួកគេ ដោយសុវត្ថិភាពនៅក្នុងមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ពីគេ។
អ្នកស្រីបានថ្លែងថា ការឆ្លងជំងឺនេះបានកើនឡើងក្នុងចំណោមក្រុមជនភៀសខ្លួនប៉ាឡេស្ទីន គឺពីចំនួនប្រមាណ ២ រយនាក់ កាលពីខែកក្កដា រហូតដល់ ១ ម៉ឺន ៧ ពាន់នាក់ នៅពេលនេះ។ អ្នកស្រីបានពោលថា ការខ្វះខាតប្រាក់កាសនាំឱ្យមានការពិបាកខ្លាំង ក្នុងការពិគ្រោះជាមួយពេទ្យតាមវីដេអូពីចម្ងាយ ការផ្តល់ឱសថដល់ផ្ទះ ការសិក្សាអប់រំពីចម្ងាយសម្រាប់ក្រុមកុមារ និងសេវាផ្សេងៗទៀត។
អ្នកស្រី Tamara Alrifai និយាយថា៖ «យើងខ្វល់ខ្វាយខ្លាំងណាស់អំពីស្ថានភាពវិវត្តន៍នេះ និងអំពីការពិតជាក់ស្តែងដែលថា ក្នុងពេលតិចជាង ៥ ខែ អ្នកជំងឺកូវីដ១៩ បានកើនពី ២ រយនាក់ ឡើងដល់ ១ ម៉ឺន ៧ ពាន់នាក់ រួមទាំងពួកបុគ្គលិកនៃទីភ្នាក់ងារ UNRWA ផងដែរ។ ហើយការណ៍នេះនាំឱ្យមានការស្លាប់នៃបុគ្គលិកខ្លះរបស់យើងដ៏សោកសង្រេងថែមទៀតផង»។
អ្នកស្រី Tamara Alrifai និយាយថា ភាគច្រើននៃក្រុមបុគ្គលិក ២ ម៉ឺន ៨ ពាន់នាក់ នៃទីភ្នាក់ងារ UNRWA ជាជនភៀសខ្លួនប៉ាឡេស្ទីន។ អ្នកស្រីថ្លែងថា ពួកគេជាផ្នែកមួយនៃសហគមន៍របស់ពួកគេ ហើយប្រាក់បៀវត្សរ៍ពួកគេជួយធ្វើឱ្យមានស្ថិរភាពដល់គ្រួសារពួកគេ និងសហគមន៍ធំៗផងដែរ។
អ្នកស្រី Alrifai បាននិយាយទៀតថា៖ «ជាធម្មតា យើងចំណាយ ៥០ លានដុល្លារ ក្នុងមួយខែសម្រាប់ប្រាក់បៀវត្សរ៍ដល់មនុស្ស ២ ម៉ឺន ៨ ពាន់នាក់ ដែលផ្តល់សេវាដល់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ៥ លាន ៧ សែននាក់ នៅក្នុងតំបន់នោះ។ បុគ្គលិកទាំងនេះបានដឹងថា ស្ថានភាពគឺមិននឹងនរទេ ហើយថា ទីភ្នាក់ងារ UNRWA បានរួមចំណែកក្នុងការធ្វើឱ្យមានស្ថិរភាព ប្រសិនបើគ្រាន់តែផ្តល់សេវាជាមូលដ្ឋាន»។
អ្នកស្រី Tamara Alrifai និយាយថា ស្ថិរភាពនៅក្នុងតំបន់ គឺជាផលវិបាកមួយផ្នែកនៃវត្តមានរបស់ទីភ្នាក់ងារ UNRWA។ អ្នកស្រីបានពោលថា ទីភ្នាក់ងារនេះត្រូវការប្រាក់ ៧០ លានដុល្លារ នៅដំណាច់ខែវិច្ឆិកា ដើម្បីបើកប្រាក់បៀវត្សរ៍ពេញលេញឱ្យក្រុមបុគ្គលិកនៃទីភ្នាក់ងារ UNRWA ហើយអាចបន្តបេសកកម្មជួយជីវិតមនុស្ស៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ