ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ុយក្រែន​និង​កងទ័ព​រុស្ស៊ី​នៅ​បន្ត​ប្រយុទ្ធ​គ្នា​ដើម្បី​​គ្រប់គ្រង​រដ្ឋធានី​កៀវ


ទាហាន​អ៊ុយក្រែន​ត្រៀម​ប្រយុទ្ធ​នៅ​ជាយ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ទាហាន​អ៊ុយក្រែន​ត្រៀម​ប្រយុទ្ធ​នៅ​ជាយ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

កងទ័ព​រុស្ស៊ី​បាន​បន្ត​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​និង​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ ដើម្បី​គ្រប់គ្រង​រដ្ឋធានី​កៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ថ្ងៃ​ទី ៤ នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

នៅ​ថ្ងៃ​អាទិត្យ​នេះ កងទ័ព​រុស្ស៊ី​បាន​ចូល​ដល់​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ពួកគេ​ប្រឈម​នឹង​ការ​តស៊ូ​ទប់ទល់​ដ៏​ខ្លាំងក្លា​របស់​អ៊ុយក្រែន។

អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន​អ្នកស្រី Iryna Venediktova បាន​និយាយ​ថា កង​កម្លាំង​រុស្ស៊ី​មិន​អាច​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Kharkiv ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​បានទេ។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​កំពុង​បន្ត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​រាយការណ៍​ថា មាន​ករណី​ផ្ទុះ​មួយ​កើតឡើង​នៅក្នុង​ទីក្រុង Kharkiv និង​បាន​បញ្ជាក់​ថា កង​កម្លាំង​រុស្ស៊ី​បាន​បំផ្ទុះ​បំពង់​ឧស្ម័ន​មួយ។

ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​បន្ថែម​ថា ការ​ផ្ទុះ​នេះ​អាច​បណ្ដាល​ឱ្យ​មាន «មហន្តរាយ​ដល់​បរិស្ថាន» និង​បាន​ជំរុញ​ពលរដ្ឋ​ឱ្យ​ប្រើ​ក្រណាត់​សើម​គ្រប​ពី​លើ​បង្អួច និង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន។

គេ​ក៏​ឃើញ​មាន​ការ​រាយការណ៍​ផងដែរ​អំពី​ការ​ផ្លោង​គ្រាប់​ចូល​ទៅក្នុង​ទីក្រុង Donetsk នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​ជា​ទីក្រុង​គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ មក។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​នឹង​ចរចា​រក​សន្តិភាព​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​មិន​បាន​លើកឡើង​ថា​តើ​លោក​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​គណៈប្រតិភូ​រុស្ស៊ី​នៅក្នុង​ប្រទេស​បេឡារុស​ឬ​ក៏​អត់​នោះទេ ដែល​នៅ​ទីនោះ រុស្ស៊ី​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​រង់ចាំ​ការ​ពិភាក្សា​រួច​ទៅហើយ។

លោក Zelenskyy បាន​បញ្ជាក់​ថា លោក​មិន​អាច​ចរចា​នៅ​ក្នុង​ប្រទេស​បេឡារុស​បាន​ទេ ដោយសារ​តែ​រុស្ស៊ី​បាន​ប្រើ​ប្រទេស​នេះ​ជា​ទឹកដី​ដើម្បី​វាយប្រហារ​លើ​អ៊ុយក្រែន។

សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក Zelenskyy ដែល​ស្នើ​សុំ​ការ​ជួយ​ជ្រោមជ្រែង។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​អាល្លឺម៉ង់​នឹង​បញ្ជូន​អាវុធ​បាញ់​រថក្រោះ​ចំនួន ១.០០០ ដើម និង​មីស៊ីល​បាញ់​ពី​លើ​ស្មា​ទៅ​លើ​អាកាស​ចំនួន ៥០០ ដើម ឱ្យ​ប្រទេស​អ៊ុយក្រែន «ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ចំណែក​ឯ​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​បារាំង​វិញ​បាន​បញ្ជាក់​ថា ប្រទេស​បារាំង​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ការពារ​នឹង​ប្រេង​ឥន្ធនៈ​ឱ្យ​ប្រទេស​អ៊ុយក្រែន។


លោក Zelenskyy បាន​សរសេរ​នៅលើ Twitter ថា៖ «ក្រុម​សម្ព័ន្ធភាព​ប្រឆាំង​នឹង​សង្គ្រាម​កំពុង​ដំណើរការ»។

ស្របពេល​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​បាន​ផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​លើ Twitter ដោយ​អញ្ជើញ​បរទេស​ឱ្យ​ចូលរួម​ជាមួយ​អ៊ុយក្រែន​នៅក្នុង​ការ​ប្រយុទ្ធ​នឹង​រុស្ស៊ី។

រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ជាប់​គាំង​បន្ត​កន្ទុយ​គ្នា​នៅ​ព្រំដែន​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយសារ​ជន​ភៀសខ្លួន​បាន​បន្ត​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។

ទីភ្នាក់ងារ​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មនុស្ស​ជាង ២០០.០០០ នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​រួច​ហើយ ដែល​ក្នុង​នោះ​ពាក់​កណ្ដាល​ទៅកាន់​ប្រទេស​ប៉ូឡូញ ហើយ​មនុស្ស​រហូត​ដល់ ៤ លាន​នាក់​ទៀត​អាច​ភៀសខ្លួន ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង៕

លោក Jeff Seldin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​សន្តិសុខ​ជាតិ អ្នកស្រី Heather Murdock អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​ជន​ភៀសខ្លួន​នៅ​ក្នុង​រដ្ឋធានី​កៀវ លោក Jamie Dettmer នៅក្នុង​ទីក្រុង Lviv អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​ការពារ​ជាតិ​អាមេរិក អ្នកស្រី Cindy Saine អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​ផ្នែក​ការទូត និង​អ្នកស្រី Wayne Lee នៃ VOA រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press

XS
SM
MD
LG