យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានបំផ្លាញនាវាដឹកកងទ័ពទាហានជើងទឹករុស្ស៊ីដ៏ធំមួយគ្រឿងនៅសមុទ្រខ្មៅជិតតំបន់ Crimea ដែលកាន់កាប់ដោយរុស្ស៊ី។
យោធាអ៊ុយក្រែនបានកំណត់អត្តសញ្ញាណរបស់នាវារុស្ស៊ីនោះថា នាវា Caesar Kunikov និងបានបញ្ជាក់ថា នាវានោះស្ថិតនៅក្នុងដែនទឹកជិតទីក្រុង Alupka នៅពេលដែលមានការវាយប្រហារនោះ។
គេមិនឃើញមានការលើកឡើងណាមួយភ្លាមៗពីរុស្ស៊ីអំពីរឿងនេះនោះទេ។
កងទ័ពអ៊ុយក្រែនបានបំផ្លាញនាវាជាច្រើនគ្រឿងនៅក្នុងកងនាវា Black Sea របស់រុស្ស៊ី តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីជិត ២ ឆ្នាំមុនមក។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែន ៩ គ្រឿងកាលពីយប់មិញ ដែលក្នុងនោះរួមមានទាំងដ្រូន ៦ គ្រឿងដែលហោះពីលើសមុទ្រខ្មៅផងដែរ។
ដ្រូនពីរគ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod ចំណែកឯមួយគ្រឿងទៀតត្រូវបានបំផ្លាញនៅតំបន់ Voronezh។ នេះបើតាមការបញ្ជាក់របស់យោធារុស្ស៊ី។
នៅថ្ងៃពុធនេះផងដែរ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារជាច្រើនរបស់រុស្ស៊ីកាលពីយប់មិញបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់នៅជិតទីក្រុង Donetsk នៅភាគខាងកើតអ៊ុយក្រែន។
រដ្ឋបាលក្រុង Selydove បានបញ្ជាក់នៅលើ Telegram ថា ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញអគារលំនៅដ្ឋាន ៩ កន្លែងនិងមន្ទីរពេទ្យមួយកន្លែង។
បន្ថែមពីលើមនុស្ស ៣ នាក់ដែលត្រូវបានសម្លាប់ មនុស្ស ១២ នាក់ទៀតបានរងរបួស៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។
វេទិកាបញ្ចេញមតិ