យោធារបស់អ៊ុយក្រែនបានធ្វើការនៅថ្ងៃអង្គារនេះ ដើម្បីជម្លៀសក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ដែលនៅសេសសល់ ចេញពីរោងចក្រដែកថែប Azovstal នៅក្នុងទីក្រុង Mariupol ជាទីកន្លែងដែលការបាញ់ផ្លោងអស់រយៈពេល ៣ ខែរបស់រុស្ស៊ីបានបន្សល់ទុកនូវភាពខ្ទេចខ្ទាំនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធមួយនេះ។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាង ២៦០ នាក់ត្រូវបានជម្លៀសចេញកាលពីថ្ងៃចន្ទ។
ក្រុមអ្នកប្រយុទ្ធដែលរងរបួសធ្ងន់ធ្ងរចំនួន ៥៣ នាក់ ត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Novoazosk នៅភាគខាងកើតនៃទីក្រុង Mariupol។ នេះបើតាមអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី Anna Malyar។ ទីក្រុង Novoazovsk ស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពរុស្ស៊ី និងក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី។
លោកស្រី Malyar និយាយថា ក្រុមអ្នកប្រយុទ្ធចំនួន ២១១ នាក់ទៀតត្រូវបានគេដឹកទៅកាន់ទីក្រុង Olenivka ជាតំបន់មួយដែលត្រួតត្រាដោយក្រុមទាមទារបំបែករដ្ឋដែលគាំទ្ររុស្ស៊ី។ លោកស្រីបាននិយាយបន្ថែមទៀតថា ក្រុមអ្នកជម្លៀសគឺជាការដោះដូរអ្នកទោសជាមួយរុស្ស៊ី។
ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោកទៅកាន់ប្រទេសជាតិ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយពីការជម្លៀសទាហានអ៊ុយក្រែនចេញពីទីក្រុង Mariupol។
លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ថា៖ «ខ្ញុំចង់បញ្ជាក់ថា អ៊ុយក្រែនត្រូវការវីរជនអ៊ុយក្រែនទាំងរស់មកវិញ។ ខ្ញុំគិតថា គ្រប់មនុស្សទាំងអស់នឹងយល់អំពីពាក្យសម្តីទាំងនេះ។ កិច្ចប្រតិបត្តិការដើម្បីជួយសង្គ្រោះក្រុមប្រយុទ្ធការពារទីក្រុង Mariupol ត្រូវបានចាប់ផ្តើមដោយក្រុមមន្ត្រីយោធានិងស៊ើបការណ៍សម្ងាត់របស់យើង។ ដើម្បីនាំយុទ្ធជនទាំងនោះមកផ្ទះរបស់ពួកគេវិញ ការងារត្រូវបន្តធ្វើ ហើយការងារនេះត្រូវការពេលវេលា»។
លោកស្រី Malyar និយាយទៀតថា កិច្ចប្រឹងប្រែងនឹងត្រូវបន្តធ្វើឡើងដើម្បីជួយសង្គ្រោះក្រុមអ្នកប្រយុទ្ធដែលនៅសេសសល់ នៅខាងក្នុងរោងចក្រដែកថែបដែលជាទីកន្លែងការតស៊ូប្រយុទ្ធគ្នាដ៏ស្វិតស្វាញបំផុតមួយ នៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលរងការបំផ្លេចបំផ្លាញនៅភាគខាងត្បូង។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា កងទ័ពអ៊ុយក្រែនបានស្ថិតនៅរវាងបីឬបួនគីឡូម៉ែត្រពីព្រំដែនរបស់រុស្ស៊ីតែប៉ុណ្ណោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters