ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះគឺជាខួបឆ្នាំទី ២ នៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនគឺមានជាប្រចាំ ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានទប់ស្កាត់ដ្រូននិងមីស៊ីលភាគច្រើន។ ពលរដ្ឋអ៊ុយក្រែនភាគច្រើនបន្តគាំទ្រសង្គ្រាមនេះ ហើយចង់ឃើញទឹកដីដែលរុស្ស៊ីត្រួតត្រាត្រូវបានរំដោះ។
ប៉ុន្តែ ការចាប់ផ្ដើមនូវឆ្នាំទី ៣ នៃការឈ្លានពានរបស់រុស្ស៊ីនេះមានភាពស្រពិចស្រពិល បន្ទាប់ពីការវាយបកទៅវិញរបស់អ៊ុយក្រែននៅឆ្នាំ ២០២៣ មិនទទួលបានជោគជ័យ។ អ៊ុយក្រែនត្រូវការបន្ថែមទៀតនូវកងទ័ព កាំភ្លើងធំ និងគ្រាប់រំសេវ។ ការគាំទ្ររបស់សហរដ្ឋអាមេរិក ដែលនៅពេលនេះស្ថិតក្នុងភាពមិនច្បាស់ អាចកំណត់អនាគតរបស់អ៊ុយក្រែន៕