យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូន ១៨ គ្រឿងដែលរុស្ស៊ីបានបាញ់នៅក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីយប់មិញ រីឯកងទ័ពជើងទឹកអ៊ុយក្រែនវិញបានប្រើដ្រូនសមុទ្រវាយប្រហារលើនាវាល្បាតរបស់យោធារុស្ស៊ីមួយគ្រឿងនៅជិតឧបទ្វីបគ្រីមា (Crimea)។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់អ៊ុយក្រែនបានកំណត់អត្តសញ្ញាណនាវារុស្ស៊ីនោះថានាវា Sergey Kotov និងបានបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែនបានបាញ់ចំនាវានោះនៅជិតច្រកសមុទ្រ Kerch ដោយបណ្ដាលឱ្យមាន «ការខូចខាតផ្នែកខាងក្រោយ ខាងស្ដាំ និងខាងឆ្វេង»។
ការវាយប្រហារនេះគឺជាការវាយប្រហារថ្មីចុងក្រោយបង្អស់របស់អ៊ុយក្រែនលើកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន ២២ គ្រឿងកាលពីយប់មិញ ដោយដ្រូន ១៨ គ្រឿងត្រូវបានបាញ់កម្ទេចនៅតំបន់ Odesa។
អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថាមិនមាននរណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍នេះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា មន្ត្រីអ៊ុយក្រែនដឹងអំពី «ផែនការបន្ទាប់» របស់រុស្ស៊ី និងថាអ៊ុយក្រែន «នឹងទប់ទល់តបតទៅវិញ»។
កាលពីថ្ងៃចន្ទម្សិលមិញផងដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានពិភាក្សាអំពីស្ថានការណ៍នៅសមរភូមិតាមទូរសព្ទជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Austin បានបញ្ជាក់ជាថ្មីអំពីការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតដែលបានរួមចំណែកគាំទ្រចំពោះយោធាអ៊ុយក្រែន។ លោក Austin និងលោក Umerov ក៏បានព្រមព្រៀងផងដែរលើ «តម្រូវការបន្ទាន់» សម្រាប់សភាសហរដ្ឋអាមេរិកនៅក្នុងការអនុម័តកញ្ចប់ជំនួយសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន។
លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនិងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនគឺជាផ្នែកមួយរបស់រុស្ស៊ីនិងថាផ្នែកជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីនេះចាំបាច់ត្រូវតែ «ក្លាយជារបស់រុស្ស៊ីវិញ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, AP និង AFP។
វេទិកាបញ្ចេញមតិ