ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:៥៣ ៥.១០.២០២២

ថ្ងៃពុធ ទី ៥ ខែតុលា៖

  • មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​គេ​រំពឹង​ថា​នឹង​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយទៅ​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ថ្កោលទោស​រុស្ស៊ី​ក្នុង​ការ​ដាក់​បញ្ចូលទឹកដី​អ៊ុយក្រែន​ដែល​រុស្ស៊ី​គ្រប់គ្រង​ ទៅ​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ។​ រុស្ស៊ី​បាន​ប្រើប្រាស់​សិទ្ធិ​វេតូ​ប្រឆាំង​របស់​ខ្លួន​ ដើម្បី​បញ្ឈប់​នូវ​វិធាន​ការ​ប្រហាក់​ប្រហែល​គ្នា​នេះ​មួយ​ផង​ដែរ​ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​សប្តាហ៍​មុន។​ ​
  • រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក​ James Cleverly ​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ចក្រភព​អង់គ្លេស​បាន​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​ប៉ុន្តែ​លោកថា​ លោក​ Putin ​មាន​ប្រវត្តិ​ធ្លាប់តែ​គំរាម​កំហែង​ដោយ​បង្ហាញ​កម្លាំង។ ​នៅ​ពេល​សួរ​ថា​ តើគេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែររបស់​រុស្ស៊ី​នោះ​ឬ​ទេ ​លោក​ Cleverly ​បាន​ប្រាប់​វិទ្យុ ​BBC​ របស់​អង់គ្លេស​ថា​ «យើង​តែង​តែ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែលលោក Vladimir Putin ​បាន​និយាយ។ ​យើង​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ លោក Putin ​ធ្លាប់​មាន​ប្រវត្តិ​គំរាម​កំហែង​ដោយ​បង្ហាញ​កម្លាំង​ផង​ដែរ»។
  • ក្រុម​រដ្ឋាភិបាលនៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មាន​គម្រោង​នឹង​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ទៅ​លើ​សំណើ​ដាក់ទណ្ឌកម្មជា​ថ្មី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ ចំពោះការឈ្លានពានប្រទេស​អ៊ុយក្រែន​នោះ។​ ​នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​ដែល​បាន​ស្រង់​សម្តីប្រធាន​គោល​នយោបាយការ​បរទេស​សហភាព​អឺរ៉ុប​ ​លោក Josep Borrell។ ​ក្រុម​រដ្ឋាភិបាល​ប្រទេសក្នុង​សហភាព​អឺរ៉ុប​ ដែល​ជា​ក្រុម​ប្រឹក្សា​រួម​គ្នា​នោះ ​បាន​ពិភាក្សា​គ្នា​ចាប់​តាំង​ពី​សប្តាហ៍​មុន​មក​ ក្នុង​ការ​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​ជាលើក​ទី​៨ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី។​
  • កង​កម្លាំង​អ៊ុយក្រែន​ បាន​រុល​ទៅ​មុខ​ក្នុង​ចម្ងាយ​២០​គីឡូម៉ែត្រ​ទៀត​ ហួស​ពី​ទន្លេរ​ Oskil​ ក្នុង​តំបន់ Kharkiv ​ភាគ​ឦសាន្ត​នៃ​ប្រទេស​អ៊ុយក្រែន​ ចូល​ទៅ​ក្នុង​តំបន់​ការពារ​របស់​រុស្ស៊ី​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំជន ​Svatove ​ក្នុង​តំបន់ ​Luhansk។ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​នេះ។​ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ព្រឹតិ្តប័ត្រ​ស៊ើប​ការណ៍​សម្ងាត់របស់​ខ្លួន​ថា ​ «តាមន័យ​នយោបាយ​ មេ​ដឹកនាំ​រុស្ស៊ី​ទំនងជា​កំពុង​បារម្ភថា​ ​អង្គភាព​កង​កម្លាំង​អ៊ុយក្រែន​ដែល​កំពុង​រុល​ទៅ​មុខ​ ឥឡូវ​នេះកំពុង​ខិត​ទៅ​ជិត​ព្រំដែន​នៃ​តំបន់​រដ្ឋបាល​ Luhansk ​ដែល​រុស្ស៊ី​បានអះអាង​ថា​ បាន​ដាក់​បញ្ចូល​ទៅក្នុងទឹកដី​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន​នោះ។
  • ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ លោក​ Anatoly Antonov ​បាន​និយាយ​ថា​ ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បញ្ជូនជំនួយ​យោធា​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​នោះ ​កំពុង​បង្កើត​នូវ​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​រុស្ស៊ី ​និងបង្កើន​នូវហានិភ័យ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​ផ្នែក​យោធារវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​លោក​ខាងលិច។​ នេះ​បើតាមសេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ លោក​ Antonov​ បាន​និយាយ​សារ​ក្នុង​តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ «យើង​ចាត់​ទុក​ថា រឿង​នេះ​ជា​ការ​គំរាម​កំហែង​ជា​បន្ទាន់​មួយ​ទៅលើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​ប្រទេស​របស់​យើង»។​
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia នឹង​ត្រូវ​ដំណើរការ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្មីរបស់​ទី​ភ្នាក់ងារមួយ​ចំនួន​របស់​រុស្ស៊ី​ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​ដាក់​បញ្ចូល​តំបន់​ Zaporizhzhia ​ជា​ផ្លូវការ​ទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដីរុស្ស៊ី​នៅ​សប្តាហ៍​នេះ។​ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋរុស្ស៊ី ​RIA។​ ដោយ​ឡែកទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ីមួយ​ទៀត​ដែល​មាន​ឈ្មោះ​ TASS ​ក៏​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​Rafael Grossi ​ដែល​ជា​ប្រធាន​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (IAEA)​ នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច​ក្នុង​ទីក្រុង​មូស្គូក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាពនៅ​រោង​ចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នេះ​ផង​ដែរ។
២២:៥៤ ៦.១០.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា៖

  • ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ដោយដកស្រង់​ការផ្សាយ​របស់​កាសែត The New York Timesថា ​ទី​ភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋ​អាមេរិក​ជឿ​ថា ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​អ៊ុយក្រែនបាន​យល់ព្រម​ទៅលើ​ការវាយ​ប្រហារ​លើ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ជិត​ទីក្រុង​មូស្គូ កាលពី​ខែសីហា​កន្លង​ទៅ​ដែល​បាន​សម្លាប់លោក​ស្រី Darya Dugina ដែល​ជាកូនស្រី​របស់​អ្នក​ជាតិ​និយម​រុស្ស៊ី​ដ៏​ល្បី​មួយ​រូប។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាចធ្វើការ​ផ្ទៀងផ្ទាត់បាន​ភ្លាមៗ​នៅ​ឡើយទេ​ជុំវិញ​សេចក្តីរាយកាណ៍​នេះ។ សហរដ្ឋ​អាមេរិក​ មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នេះឡើយ​ ហើយ​ក៏​មិនបាន​ដឹង​មុន​ពី​គម្រោងការ​នេះ​ជា​មុន​ផង​ដែរ។ នេះ​បើយោង​ទៅ​លើ​កាសែត The New York Times ។ ក្រុមមន្ត្រីអាមេរិក​បាន​ស្តី​បន្ទោស​ដល់​មន្ត្រី​អ៊ុយក្រែន​ជុំវិញ​ការ​ធ្វើ​ឃាត​នេះ។ នេះ​បើតាម​សារព័ត៌ដដែល​នេះ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា កងទ័ព​អ៊ុយក្រែន​ បាន​ដណ្តើម​កាន់កាប់ទីតាំង​បន្ថែម​ទៀត​ជា​ច្រើន​ទៀត​ក្នុង​តំបន់ Kherson ដែល​ជា​តំបន់មួយ​ក្នុង​ចំណោម​តំបន់​ភាគខាង​ត្បូង​មួយ​ចំនួន​របស់​អ៊ុយក្រែន ដែលត្រូវ​បាន​គ្រប់គ្រង​មួយ​ផ្នែក​ដោយ​កងទ័ព​រុស្ស៊ី ហើយ​ដែល​ត្រូវ​បានរដ្ឋាភិបាល​ក្រុង​មូស្គូ​ដាក់​បញ្ចូល​ជាទឹកដី​របស់​ខ្លួន។ នៅ​ក្នុង​សុន្ទរកថា​វីដេអូប្រចាំ​រាត្រី លោក Zelenskyy និយាយ​ថា លោក​បាន​ជួប​ជាមួយ​មេដឹកនាំយោធា​ជាន់ខ្ពស់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ពុធ ដើម្បីពិភាក្សា​ពីការ​ដណ្តើម​យកមកវិញ​នូវទឹក​ដី​ទាំង​អស់​របស់​អ៊ុយក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់កាប់។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាកងារ​ព័ត៌មាន Reuters។
  • នៅឯ​អង្គការ​សហប្រជាជាតិ ប្រទេស​រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូលឱ្យ​មាន​ការបោះ​ឆ្នោត​សម្ងាត់​មួយ ដោយ​ជំនួស​ការបោះឆ្នោត​ជា​សាធារណៈ​នៅ​ពេល​ដែលមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១៩៣​ប្រទេស​កំពុង​ពិចារណា​ការបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយថា ​តើ​គួ​ថ្កោលទោសរុស្ស៊ី​ដែរ​ឬ​អត់​នោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិដែល​ដាក់​តំបន់ Donetsk និង Luhansk នៅភាគ​ខាងកើត​ និង​តំបន់ Kherson និង​តំបន់ Zaporizhzhia នៅ​ភាគ​ខាង​ត្បូងរបស់​ប្រទេស​អ៊ុយក្រែន​ ទៅ​ជា​ទឹកដី​របស់​ខ្លួន​នោះ។ នេះ​បើតាម​សេចក្តី​រាយកាណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​រំពឹង​ថា​ស្ថានភាពក្នុង​តំបន់​អ៊ុយក្រែន​ដែល​រុស្ស៊ី​ប្រកាស​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ​នឹង​មាន​ស្ថិរភាព បន្ទាប់ពីកងទ័ព​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ការបក និង​បាន​បង់ទី​ប្រជុំជន​សំខាន់ៗ​មួយ​ចំនួនទៅ​ក្នុង​កណ្តាប់​ដៃ​របស់កងទ័ព​អ៊ុយក្រែន។ សមាជិក​សភា​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូបបាន​អំពាវនាវ​ឱ្យមន្ត្រីយោធា​រុស្ស៊ីប្រាប់​ពី​ការពិត​នៃ​ស្ថាន ភាព​វិវត្តន៍លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​បាន​បាត់បង់​ទី​តាំង​កាន់កាប់​ជា​ច្រើនរបស់​ខ្លួន​នោះ។ «យើង​ត្រូវ​តែ​ឈប់​និយាយ​កុហក»។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក Andrei Kartapolov ដែល​ជា​ប្រធាន គណៈកម្មាធិការ​ការពារ​ជាតិនៃ​រដ្ឋសភា​រុស្ស៊ី​ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​កាសែតមួយរូប​នៃ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារព័ត៌មាន AFP។
  • មេដឹកនាំ ChechnyaលោកRamzan Kadyrov ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នោះ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ លោក​ត្រូវ​បាន​ផ្តល់​ឋាន្តរស័កិ្ត​កំពូល​មួយ​នៅក្នុង​កងទ័ព​រុស្ស៊ី ខណៈពេល​ដែល​កងកម្លាំង​រុស្ស៊ីកំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ទី​តាំង​ជាច្រើននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។ លោក Kadyrov ដែល​ជា​អតីត​មេទ័ព​សង្រ្គាម​មួយ​រូបនេះ​និងកំពុង​គ្រប់គ្រង​សាធារណរដ្ឋ​ Chechnya ជាមួយនឹង​ការ​រំលោភសិទ្ធិមនុស្ស​ជា​ច្រើននោះ​ បាន​និយាយ​ថា​លោកPutin បាន​ប្រាប់លោក​ដោយ​ផ្ទាល់​ពី​ការ​តំឡើង​ឋានន្តរស័ក្តិក្នុងកងកម្លាំងយោធា​រុស្ស៊ីនេះ។ មេដឹកនាំ Chechnya​រូប​នេះ​ បាន​បង្ហោះសារ​លើ​តេឡេក្រាម​ថា​ ប្រធានាធិបតីរុស្ស៊ី​បានផ្តល់ឋានន្តរស័ក្តិ​ជា​នាយឧត្តមសេនីយយោធា​ដល់​រូប​លោក ដែល​ជា​ឋានានុក្រម​កម្រិត​ទី៣ខ្ពស់​បំផុត​ ក្នុង​ជួរ​កង​កម្លាំង​រុស្ស៊ី​ទាំង​មូល។ ក្រុម​អង្គភាព​យោធាChechnya ជា​ច្រើន កំពុង​ចូលរួម​ប្រយុទ្ធជា​មួយ​កងទ័ព​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

6/ មន្ត្រី​អ៊ុយក្រែន​ម្នាក់​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ការបាញ់​ផ្លោង​របស់​រុស្ស៊ីបាន​ចំ​ទៅ​លើ​អគារ​លំនៅ​ដ្ឋានមួយ​ចំនួននៅក្នុង​តំបន់ Zaporizhzhia ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២​នាក់​ផង​ដែរ។ អភិបាល​តំបន់​ Zaporizhzhia លោក Oleksandr Starukh បាន​បង្ហោះសារ​នៅ​លើ​តេឡេក្រាម​ថា​ មាន​មនុស្ស​៥​នាក់​ បាន​ជាប់ក្នុង​គំនរ​ថ្ម​បាក់បែកនៃ​អគារ​ដែល​ទទួលរង​ការវាយ​ប្រហារនោះ។ កងកម្លាំង​អ៊ុយក្រែន​គ្រប់គ្រង​ក្នុងទីក្រុង​ ប៉ុន្តែ​តំបន់ Zaporizhzhia ស្ទើរតែទាំង​អស់គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី។

០១:៣៤ ៨.១០.២០២២

ថ្ងៃសុក្រ ទី៧ ខែតុលា៖

  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក​ជា «ស្ថាបត្យករសន្តិភាព» ​បន្ទាប់ពី​អង្គការ​មិនមែន​រដ្ឋាភិបាល NGO មួយ​របស់​អ៊ុយក្រែន​បាន​ក្លាយ​ជា​សហ​អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ នាយក​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Andriy Yermak បាន​និយាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា «ប្រជាពលរដ្ឋ​អ៊ុយក្រែន​ជាស្ថាបត្យករសន្តិភាព​ដ៏​សំខាន់​មួយ​ដែល​យើងអាច​ស្ថិត​នៅ​បាន​ដោយ​គ្មាន​ការឈ្លានពាន»។ អ្នក​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​សម្តែងការមិន​ពេញចិត្ត​ដែល​រង្វាន់​នេះ​ត្រូវ​បាន​ចែក​ជាមួយ​អង្គការ​មកពី​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​ប្រឆាំង​នឹង​អ៊ុយក្រែន​ដូច​ជា​ប្រទេស​រុស្ស៊ី​និង​បេឡារុស។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​តួកគី​លោកRecep Tayyip Erdogan ធ្វើការ​វាយបក​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដោយការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​អំពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Macron បាន​សង្កត់​ពី​សារៈសំខាន់នៃ​ការដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការបញ្ឈប់​ការពង្រីក​សង្គ្រាម​របស់​រុស្ស៊ី ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រយុទ្ធ​ដើម្បី​បង្អាក់​យុទ្ធសាស្ត្រទាំង​នេះ»។ នេះ​តាម​បើ​តាម​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​បារាំង​បន្ទាប់ពី​ការចរចា​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​នៅ​ក្នុង​រដ្ឋធានី​ប្រាក។ មាន​ការព្រួយកង្វល់​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ថា តួកគី​ដែល​មិន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទីកន្លែង​ជ្រកពួន​សម្រាប់​អ្នក​ដែល​ស្វះស្វែង​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច។ ពាណិជ្ជកម្ម​របស់​តួកគី​ជាមួយ​រុស្ស៊ី​បាន​រីក​ធំឡើង​ក្នុង​អំឡុង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ ក្រែន​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​រកាំចិត្ត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ព្រួយ​បារម្ភ​ថា ពួក​អភិជន​និង​ក្រុមហ៊ុន​ធំៗរបស់​រុស្ស៊ី​កំពុង​ប្រើប្រាស់​អង្គភាព​របស់​តួកគី​ដើម្បី​បញ្ចៀស​ការដាក់​ទណ្ឌកម្ម។
  • តម្លៃ​ម្ហូបអាហារ​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​នៅ​ក្នុង​ខែ​ទី៦នៅ​ក្នុង​ខែ​កញ្ញា។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នៅពេល​ដែល​តម្លៃ​ម្ហូប​អាហារ​បាន​បន្ត​ធ្លាក់ចុះ​ចាប់តាំងពី​បាន​ឡើង​ថ្លៃ​ខ្លាំង​បំផុត​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ អង្គការ​ចំណី​អាហារ​និង​កសិកម្ម​បាន​បញ្ជាក់​ថា សន្ទស្សន៍​តម្លៃ​របស់​ខ្លួន​ដែល​តាមដាន​ការប្រែប្រួល​ប្រចាំ​ខែ​នៅ​ក្នុង​តម្លៃ​អន្តរជាតិ​នៅ​ក្នុង​ផលិតផល​ម្ហូបអាហារបាន​ធ្លាក់​ចុះ ១,១ភាគរយ​ចាប់តាំង​ពី​ខែ​សីហា​មក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សន្ទស្សន៍​នោះ​មាន៥,៥ភាគរយ​ខ្ពស់​ជាង​កាលពី​ខែ​កញ្ញា ឆ្នាំ២០២១។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការគំរាម​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រើ​អាវុធ​នុយក្លេអ៊ែរជា​ការគំរាម​កំហែង​ដ៏​ធំ​បំផុត​ចាប់តាំងពី​វិបត្តិ​មីស៊ីល​គុយបា​នៅពេល​ដែល​មេដឹកនាំ​យោធា​រុស្ស៊ី​បាន​ប្រឈមការរិះគន់​ជា​សាធារណៈ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​អំពី​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កំណត់​សម្គាល់​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskiy ​ថា អង្គការ​អូតង់​គួរ​ធ្វើការ​វាយប្រហារបង្ការ​លើ​ប្រទេស​រុស្ស៊ី​«បញ្ជាក់ឱ្យ​ឃើញសេចក្តី​ត្រូវការ»​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា «កិច្ចប្រតិបត្តិការ​ពិសេស»ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។ បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ នៅ​ក្នុង​ការពិភាក្សា​ជាមួយ​វិទ្យាស្ថាន Lowy ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​អូស្ត្រាលី លោក​ប្រធានាធិបតី Zelenskiy បាន​និយាយ​ថា លោក​ជឿជាក់​ថា ការវាយ​ប្រហារ​នោះ​ជា​ការចាំបាច់​ដើម្បី​រារាំងជា​មុន​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​។ លោក​មិន​បាន​និយាយ​លម្អិត​អំពី​ប្រភេទ​នៃ​ការវាយ​ប្រហារ​ដែល​លោក​ចង់​និយាយ​នោះ​ទេ​ហើយ​លោក​មិន​បាន​និយាយ​សំដៅ​ដល់​ភាពចាំបាច់​នៃ​ការវាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែទេ៕
០១:៤២ ១២.១០.២០២២

ថ្ងៃ អង្គារ ទី ១១ ខែតុលា៖

  • ប្រទេស​រុស្ស៊ី​បាន​ឱ្យ​ដឹង​នៅថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំទៅលើ​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈពេលប៉ុន្មាន​ម៉ោង​នៅ​មុន​ជំនួប​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង៧ឬ G-7 ដែល​ត្រូវ​គេ​រំពឹង​ថា​ កិច្ចប្រជុំ​នេះ​នឹង​ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​កាលពី​ពេល​ព្រឹក។ ក្រុម​សម្ពន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​និយាយ​ថា​ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​អស់​សង្ឃឹម​របស់​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ពួក​មន្ត្រី​នៅ​ក្នុង​តំបន់ Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​យ៉ាង​តិច​ណាស់​ក៏៣គ្រាប់​ដែរ​បាន​បាញ់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​ហើយ​អភិបាល​ក្រុង Lviv ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​នេះ បាន​និយាយ​ថា ទីក្រុង​នេះ​ប្រហែល១ភាគ៣មិន​មាន​អគ្គិសនី​ប្រើប្រាស់។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​នេះ​ដោយ​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​អាវុធ​វង់​ប្រតិបត្តិការ​បាញ់​បាន​ឆ្ងាយ​និង​ចំ​ទីដៅ​ហើយ​ទីដៅ​នៃ​ការវាយ​ប្រហារ​ទាំង​អស់​ត្រូវ​បាន​វាយ​ចំ​គោលដៅ។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdoganទំនង​ជា​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Puitn នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ក្នុង​តំបន់​នៅ​រដ្ឋធានី Astana នៃ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​សប្តាហ៍​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ដំបូង​ថា ជំនួប​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ក៏ប៉ុន្តែ​ក្រោយ​មក​បាន​និយាយ​ថា លោក Erdogan ទំនង​ជា​ជួប​លោក Putin នៅ​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​កាល​វិភាគ​នៅ​ពេល​ថ្មីៗ​បំផុត​នេះ។ មន្ត្រី​តួកគី​ម្នាក់​បាន​និយាយ​ថា លោក Erdogan មាន​គម្រោង​ជិះយន្តហោះ​ទៅ​កាន់​រដ្ឋធានី Astana នៅ​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokayev។ តួកគី​ដែល​បាន​ស្ថិត​នៅ​អព្យាក្រឹត្យ​ក្នុង​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​តំបន់​សមុទ្រ​ខ្មៅ។ លោក Erdogan មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​អំពី​ការវាយ​ប្រហារ​ដ៏​ធំ​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ដែល​ទីភ្នាក់ងារ​គ្រាអាសន្ន​របស់​អ៊ុយក្រែន​បាន​និយាយ​ថា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​អស់​ចំនួន ១៩​នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​ជាង១០០នាក់​ទៀត​រងរបួស។
បុរស​ម្នាក់​កំពុង​សម្អាត​កម្ទេចកម្ទីនៅ​ហាង​លក់​រថយន្ដ​មួយ​កន្លែង​ដែល​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០១១។
បុរស​ម្នាក់​កំពុង​សម្អាត​កម្ទេចកម្ទីនៅ​ហាង​លក់​រថយន្ដ​មួយ​កន្លែង​ដែល​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០១១។
  • មេដឹកនាំ​ប្រទេស​បេឡារុស​លោក Alexander Lukashenko ដែល​ជា​សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​លីទុយអានី ប៉ូឡូញ​និង​អ៊ុយក្រែន​បាន​ហ្វឹកហ្វឺន«ពួក​ជ្រុលនិយម»​បេឡារុស​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម បន្ទាប់ពី​ប្រកាស​ផែនការ​ដើម្បី​ដាក់​ពង្រាយ​កងទ័ព​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោកLukashenko បាន​និយាយ​នៅឯ​ជំនួប​ជាមួយ​ពួក​មន្ត្រី​យោធា​ថា«ការហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ លីទុយអានី​ និង​អ៊ុយក្រែន​ដល់​ពួក​កងជីវពល​ជ្រុលនិយម​បេឡារុស​ដើម្បី​ឱ្យ​ពួកគេ​ធ្វើវិទ្ធង្សនា ធ្វើ​ភេរវកម្ម​ និង​ដើម្បី​រៀបចំ​ការបះបោរ​យោធា​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ក្លាយ​ជា​ការគំរាម​កំហែង​ដោយ​ផ្ទាល់»។ ប្រទេស​ទាំង៣នោះ​ដែល​ក្នុង​នោះ​មាន​ប្រទេស​លីទុយអានី​និង​ប៉ូឡូញ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​បេឡារុស។ លោក Lukashenko ក៏​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ប៊ែលហ្សិក​ថា​បាន​ផ្តល់​ទីជម្រក​ដល់«ពួក​ពិរុទ្ធជន»មកពី​ប្រទេស​បេឡារុស​ដើម្បី​ប្រែក្លាយ​ពួកគេ​ឱ្យ​ទៅ​ជា«កម្លាំង​នយោបាយ»​ផង​ដែរ។
  • ប្រធាន​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​កាន់តែ​ច្រើន​ឡើង​នឹង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពី​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​ត្រូវ​បាញ់​ដូច​គ្រាប់​ទឹកភ្លៀង​ទៅ​លើ​រដ្ឋធានី​កៀវ​និង​ទីក្រុង​ផ្សេង​ទៀត​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋាភិបាល​រុស្ស៊ី​បានប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ​នឹង​មាន​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដើម្បី​ជា​ការសងសឹក​ទៅ​នឹង​ការបំផ្ទុះ​កាល​ពី​ចុង​សប្តាហ៍​មុន ដែល​បាន​ធ្វើ​ឱ្យ​ខូចខាតស្ពាន​ដ៏​សំខាន់​មួយ​ដែល​ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ទៅ​ឧបទ្វីប Crimea។ ស្ពាន​នេះ​ជា​និមិត្តរូប​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដែល​បាន​យក​តំបន់ Crimea ជា​ឧបសម្ពន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ២០១៤។ អគ្គស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​លោក Filippo Grandi បាន​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ «ភាពតក់ស្លុត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការមិន​អាច​ដោះសារ​បាន»។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការបាញ់​ផ្តក់​លើ​ជន​ស៊ីវិល ផ្ទះ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​មែនយោធា​ក្នុង​លក្ខណ:មិន​រើស​មុខ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​មាន​ន័យ​ថា សង្គ្រាម​នេះ​កំពុង​ក្លាយជា​ទុក្ខ​លំបាក​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ជន​ស៊ីវិល»។
  • ការវាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​របស់​រុស្ស៊ី​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​នៅ​សប្តាហ៍​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការអំពាវនាវ​ផ្តល់​ជំនួយ​យោធា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ប៉ុន្តែ​ពួក​អ្នក​វិភាគ​បានព្រមានថា មិន​មាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ណា​អាច​ការពារ​ទឹកដី​អ៊ុយក្រែន​បាន​ទាំង​ស្រុង​នោះ​ទេ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា ការវាយ​ប្រហារ​គ្រប់​ទិសទី​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​ចំនួន ១៩ នាក់ ធ្វើ​ឱ្យ​មនុស្ស​រងរបួស​ជាង ១០០នាក់​ និង​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។ កាំជ្រួច​មីស៊ីល​ទាំង​នោះ​រួមមាន​កាំជ្រួច​មីស៊ីល Cruise ដែល​បាន​បាញ់​ស្រោច​ដូច​ទឹក​ភ្លៀង​ទៅលើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ការ​វាយ​ប្រហារ​ដ៏​កម្រ​ទៅលើ​រដ្ឋធានី​កៀវ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​សមរភូមិ​នៅ​តំបន់​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ផង​ដែរ។ អ៊ុយក្រែន​ក៏​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឬ​ដ្រូន​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុងប្រទេស​អ៊ីរ៉ង់ ​ដែល​បាន​បង្ហោះ​ពី​ប្រទេស​បេឡារុស​និង​តំបន់ Crimea ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​ផងដែរ។ ខណ:​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា កងទ័ព​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន​ទាំង​នោះ​ជាង​ពាក់​កណ្តាល លោក​នាយករដ្ឋមន្ត្រី Deny Schmygal បាន​អំពាវនាវ​សុំ​អាវុធ​ទំនើបៗ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ការពារ​ផ្ទៃ​អាកាស​និង​ពលរដ្ឋ​ស៊ីវិល។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG